ពលរដ្ឋ​នៅ​កំពង់ចាម​ត្អូញត្អែរ​ចំពោះ​ក្លិន​ស្អុយ​ចេញ​ពី​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​ក្រែប

ដោយ សូត សុខប្រាថ្នា
2014-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​ក្រែប ដែល​ជះ​ក្លិន​ស្អុយ​ដល់​ពលរដ្ឋ​នៅ​ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤
រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​ក្រែប ដែល​ជះ​ក្លិន​ស្អុយ​ដល់​ពលរដ្ឋ​នៅ​ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤
RFA/Saut Sokprathna

ពលរដ្ឋ​នៅ​ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ស្ទើរ​តែ​ពេញ​មួយ​ភូមិ​កំពុង​បារម្ភ​ពី​សុខភាព​របស់​ខ្លួន ដោយសារ​តែ​ក្លិន​ស្អុយ​ចេញ​ពី​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​ក្រែប​នៅ​ក្នុង​ភូមិ។ ពលរដ្ឋ​ខ្លះ​ស្ទើរ​តែ​រត់​ចេញ​ពី​ភូមិ ដើម្បី​ស្វែងរក​កន្លែង​ផ្សេង​រស់នៅ ពីព្រោះ​ពួក​គាត់​មិន​អាច​ទ្រាំ​ទៅ​នឹង​ក្លិន​ស្អុយ​ដែល​ចេញ​ពី​រោងចក្រ​នោះ​បាន។

យ៉ាង​ណា អាជ្ញាធរ​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​នោះ​ហើយ ថា​ឲ្យ​មាន​ប្រព័ន្ធ​កែច្នៃ​ក្លិន​នោះ​ឲ្យ​បាន​ប្រសើរ តែ​បើ​គ្មាន​វិធី​ទប់ស្កាត់ អាជ្ញាធរ​នឹង​បិទ​អាជីវកម្ម​នោះ​តែ​ម្តង។

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី នៅ​ក្នុង​ភូមិ​១០​មករា ឃុំ​បុសខ្នុរ លើក​ឡើង​ដូចៗ​គ្នា​ចំពោះ​ក្លិន​ស្អុយ​ដែល​ចេញ​ពី​កន្លែង​កែច្នៃ​ជ័រ​កៅស៊ូ​ធំ​ជាង​គេ​នៅ​ក្នុង​ភូមិ​មួយ​កន្លែង ដែល​បង្ក​ការ​រំខាន និង​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​យ៉ាង​ខ្លាំង។ ពលរដ្ឋ​ខ្លះ​ឈឺ​ក្បាល ខ្លះ​ថប់​ដង្ហើម ពិសេស​ប៉ះពាល់​ដល់​ស្ត្រី​កូន​ខ្ចី និង​មនុស្ស​ចាស់​នៅ​ក្នុង​ភូមិ​ទៀត​ផង។

ពលរដ្ឋ​នៅ​ភូមិ​១០​មករា ម្នាក់ លោក ងួន លាងស្រូយ មាន​ប្រសាសន៍​ថា ក្លិន​ស្អុយ​ដែល​ចេញ​ពី​កន្លែង​ផលិត​ជ័រ​កៅស៊ូ​នោះ គឺ​ចាប់​ផ្ដើម​ធុំ​ប្រមាណ​ពីរ​ឆ្នាំ​មក​ហើយ ដោយ​ពលរដ្ឋ​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​ជាច្រើន​លើក​ច្រើន​សា ឲ្យ​ចាត់​វិធានការ​លើ​បញ្ហា​នេះ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​បញ្ហា​ពួក​គាត់​ដដែល។ លោក​បន្ត​ថា ក្លិន​ស្អុយ​នៅ​តែ​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​លោក​បារម្ភ​ចំពោះ​សុខភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ពិសេស​កូន​ក្មេង៖ «ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មាន​ការ​លំបាក​នឹង​ធាតុ​ស្អុយ​ហ្នឹង។ អ៊ីចឹង​បង​ប្អូន​នៅ​ក្នុង​ភូមិ​នេះ​ឃុំ​បុសខ្នុរ ចុះ​មក​អនុវត្ត​មើល​ធ្វើ​ម៉េច​បង្ក្រាប​ក្លិន​ស្អុយ​ហ្នឹង»

លោក​មិន​ចង់​ឲ្យ​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​នោះ​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​ទេ ប៉ុន្តែ​លោក​ចង់​ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​យ៉ាង​ណា កែច្នៃ​កន្លែង​បង្ហូរ​ទឹក​ចេញ​ពី​រោងចក្រ និង​កន្លែង​ឡ​ចំហុយ​ជ័រ កុំ​ឲ្យ​ធុំ​ក្លិន​ត​ទៅ​ទៀត។

ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី ហ៊ី សាវីន ដែល​បី​កូន​នៅ​ដៃ និង​មាន​ទឹក​មុខ​មិន​សូវ​ស្រស់បស់​នោះ ឲ្យ​ដឹង​ថា អ្នកស្រី និង​កូន​ដែល​ទើប​នឹង​កើត​បាន ២០​ថ្ងៃ គឺ​មាន​ជំងឺ​ជាប់​រហូត​មក ដោយសារ​តែ​ក្លិន​ស្អុយ​ដែល​ចេញ​ពី​រោងចក្រ បើ​ទោះ​បី​ជា​អ្នកស្រី​ប្រើប្រាស់​ថ្នាំ​អ្វី​ក៏​មិន​បាត់​ដែរ៖ «គ្រុន​ផ្ដាសាយ​ទាំង​ម្តាយ​ទាំង​កូន ដោយសារ​ក្លិន​ស្អុយ​ដែល​ជះ​ពី​រោងចក្រ​គេ​មក។ ចា៎! ដោយសារ​ក្លិន​ហ្នឹង​ផ្ដាសាយ​ពេញ​ភូមិ​ដោយ​វា​ស្អុយ​ពេក»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ក្នុង​ភូមិ​១០​មករា មួយ​រូប​ទៀត គឺ​លោក​យាយ មិន មឿន មាន​អាយុ ៨៤​ឆ្នាំ មាន​ប្រសាសន៍​ថា លោក​យាយ​រស់​ទាំង​ទ្រាំ ពីព្រោះ​ពិបាក​ដក​ដង្ហើម​ណាស់ រហូត​ធ្វើ​ឲ្យ​លោក​យាយ​ឈឺ​ទៀត​ផង។ លោក​យាយ​ថា រឿង​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​ផល​ប្រយោជន៍​បាន​មក​ខ្លួន​ឯង ហើយ​ផល​ប៉ះពាល់​បែរ​ជា​បាន​ទៅ​ពួក​គាត់៖ «សូម​ឲ្យ​ទៅ​ធ្វើ​នៅ​អណ្ដូង​ប្រេង​ទៅ ឲ្យ​វា​ឆ្ងាយ​បន្តិច ឲ្យ​វា​ស្បើយ​ជំងឺ។ ចា៎! ឆ្ងាយ​ពី​ភូមិ​ស្រុក»

គ្រាន់​តែ​ខ្ញុំ​ទៅ​ឈរ​នៅ​ក្នុង​ភូមិ​ចម្ងាយ​ជាច្រើន​រយ​ម៉ែត្រ​ពី​កន្លែង​កែច្នៃ​ជ័រ​មិន​បាន​ប៉ុន្មាន​នាទី​ផង ក្លិន​ស្អុយ​ចេញ​ពី​រោងចក្រ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​សឹង​តែ​មិន​បាន។ ក្លិន​ស្អុយ គឺ​ធុំ​ទាំង​ថ្ងៃ​ទាំង​យប់ ប្រៀប​ដូច​គំរង់​សត្វ​ស្លាប់ ឬ​លាមក​យ៉ាង​នោះ​ឯង។ កន្លែង​កែច្នៃ​ជ័រ​ដែល​ធំ​ជាង​គេ គឺ​មិន​បាន​ដាក់​ស្លាក​យីហោ​បញ្ជាក់​ថា​ឈ្មោះ​អ្វី​ឡើយ ហើយ​ពលរដ្ឋ​នៅ​ទីនោះ​ក៏​មិន​បាន​ស្គាល់​ថា​ម្ចាស់​នោះ​ជា​នរណា​ពិត​ប្រាកដ​ដែរ។ មិន​ថា​តែ​ពលរដ្ឋ​ទេ​ដែល​មិន​ស្គាល់​ថៅកែ​ផលិត​ជ័រ​កៅស៊ូ​នោះ សូម្បី​តែ​អាជ្ញាធរ​ក៏​មិន​ស្គាល់​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ចូល​ដល់​កន្លែង​កែច្នៃ​ជ័រ​កៅស៊ូ​ធំ​ជាង​គេ​នៅ​ក្នុង​ភូមិ​១០​មករា នៅ​ថ្ងៃ​ទី​២១ ធ្នូ ប៉ុន្តែ​ត្រូវ​ជំនួយការ​អ្នក​គ្រប់គ្រង​បញ្ជាក់​ថា ថៅកែ​រោងចក្រ​គាត់​មិន​ស្គាល់​ឈ្មោះ ហើយ​អ្នក​គ្រប់គ្រង​ធំ​ក៏​មិន​នៅ​ទៀត។ ដោយ​ឡែក​ជំនួយការ​រូប​នោះ​មិន​បាន​ប្រាប់​ឈ្មោះ និង​មិន​បាន​បកស្រាយ​យ៉ាង​ណា​ដែរ ជុំវិញ​ការ​ត្អូញត្អែរ​នេះ។

យ៉ាង​ណា ពលរដ្ឋ​ខ្លះ​ថា ម្ចាស់​អាជីវកម្ម​នោះ គឺ​ជា​អ្នក​មាន​អំណាច​តែ​ម្តង ពីព្រោះ​សូម្បី​តែ​អាជ្ញាធរ​ក៏​មិន​អាច​ធ្វើ​អ្វី​បាន។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​បុសខ្នុរ លោក ហ៊ុន សុខគង់ មាន​ប្រសាសន៍​ថា ក្នុង​ភូមិ​១០​មករា មាន​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ ៤​កន្លែង ប៉ុន្តែ​បី​កន្លែង​តូចៗ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ទេ។ ដោយ​ឡែក​កន្លែង​ច្នៃ​ធំ​ជាង​គេ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន ២​ភូមិ គឺ​ភូមិ​បុសខ្នុរ និង​ភូមិ​១០​មករា៖ «រោងចក្រ​ដែល​ប៉ះពាល់​ជាង​គេ គឺ​មាន​តែ​រោងចក្រ​មួយ​ដែល​ប្រជាពលរដ្ឋ​ហៅ​ថា​ម៉ែ​អា​ថាតៗ ប៉ះពាល់​ខ្លាំង​ជាង​គេ​ហ្មង»

លោក​ស្នើ​ឲ្យ​តំណាង​រាស្ត្រ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ពិនិត្យ​លើ​បញ្ហា​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​ជួប​ប្រទះ ពិសេស​បំបាត់​ក្លិន​ស្អុយ​ដែល​ចេញ​ពី​រោងចក្រ​កែច្នៃ​ជ័រ​នោះ​ឲ្យ​បាន។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​ចម្ការលើ លោក ខ្លូត ចិន្តា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ថា រោងចក្រ​មួយ​នេះ​ពិត​ជា​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មែន។ លោក​បន្ត​ថា ខាង​អាជ្ញាធរ​ស្រុក​បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​តាម​សំណូមពរ​របស់​ពលរដ្ឋ ហើយ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​អាជីវកម្ម​នោះ​រួច​រាល់​ហើយ ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​កែច្នៃ​ចំហេះ​ចេញ កុំ​ឲ្យ​មាន​ក្លិន​ស្អុយ។ លោក​បន្ថែម​ថា ប្រសិន​បើ​ក្លិន​ស្អុយ​នៅ​តែ​ធុំ​ទៀត​នោះ អាជ្ញាធរ​នឹង​ឈាន​ទៅ​បញ្ឈប់​អាជីវកម្ម​ទាំង​ស្រុង​តែ​ម្តង៖ «ត្រូវ​ហើយ​បង! បើ​គាត់​ធ្វើ​មិន​បាន​ទេ វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​បរិស្ថាន​ទាំង​មូល។ អា​ហ្នឹង​មិន​អាច​ឲ្យ​គាត់​បន្ត​អាជីវកម្ម​បាន​ទេ»

អភិបាល​ស្រុក​ដដែល​ឲ្យ​ដឹង​ថា នៅ​ស្រុក​ចម្ការលើ មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ច្រើន ប៉ុន្តែ​អាជ្ញាធរ​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់ នៅ​ឡើយ​តែ​អាជីវកម្ម​កែច្នៃ​ជ័រ​ដែល​មិន​ស្គាល់​ម្ចាស់​មួយ​នេះ។

បន្ថែម​ពី​លើ​អ្វី​ដែល​អាជ្ញាធរ​ស្រុក​លើក​ឡើង ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ដឹក​នាំ​ដោយ លោក ប៉ុល ហំម បាន​ចុះ​ទៅ​សិក្សា​នៅ​កន្លែង​កែច្នៃ​ជ័រ​កៅស៊ូ​ក្រែប​នៅ​ក្នុង​ភូមិ​១០​មករា កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ រក​ឃើញ​ថា ផល​ប៉ះពាល់​មិន​ត្រឹម​តែ​កើត​ឡើង​ចំពោះ​មនុស្ស​ទេ ប៉ុន្តែ​បរិស្ថាន​រួម​មាន​ខ្យល់ និង​ទឹក​អណ្ដូង​ខ្លះ​នៅ​ទីនោះ ក៏​ប៉ះពាល់​ដែរ។ លោក ប៉ុល ហំម ផ្តល់​អនុសាសន៍​ថា ខាង​ក្រសួង​បរិស្ថាន ឬ​អាជ្ញាធរ គប្បី​ពិនិត្យ​មើល​លើ​ផល​ប៉ះពាល់​ទាំង​នេះ​ឲ្យ​បាន​ច្បាស់លាស់។ លើស​ពី​នេះ​ទៀត បើ​អាជ្ញាធរ​អាច​ចាត់​វិធានការ​ឲ្យ​ម្ចាស់​អាជីវកម្ម​នោះ​រើ​ទៅ​ធ្វើ​នៅ​កន្លែង​ណា​ផ្សេង ដែល​មិន​ប៉ះពាល់​ដល់​ពលរដ្ឋ និង​បរិស្ថាន គឺ​ជា​ការ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល