ប្រជាពលរដ្ឋប្រមាណ២ម៉ឺនគ្រួសារនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងកំពុងជួបការលំបាកដោយសារការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ពលរដ្ឋនៅស្រុកគាស់ក្រឡអះអាងថា នៅតំបន់ដែលពួកគាត់រស់នៅគ្រួសារខ្លះគ្រាន់តែមានសមាជិកចំនួន ៣នាក់ បានចំណាយថវិកាប្រមាណ ២០ម៉ឺនរៀល ក្នុងមួយខែសម្រាប់ទិញប្រើប្រាស់។
ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡលើកឡើងថា បញ្ហាទឹកប្រើប្រាស់ជារឿងធំចម្បងរបស់ពួកគាត់ ដែលត្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ហើយពួកគាត់អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយពួកគាត់ជាបន្ទាន់ ព្រោះជីវភាពក្រីក្រមិនអាចដោះស្រាយបញ្ហានេះបានទេ។
ពលរដ្ឋនៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡលោក យឿម យឿប ថ្លែងប្រាប់អាស៊ីសេរីឲ្យដឹងនៅព្រឹកថ្ងៃទី១៥ មីនាថា សព្វថ្ងៃពួកគាត់ទិញទឹកពីពលរដ្ឋដឹកតាមឡានយកមកប្រើប្រាស់ចំណាយអស់ប្រាក់ច្រើន។ លោកថា ទឹកមួយឡានចំណុះ ៣០០លីត្រតម្លៃ ៤ម៉ឺនរៀល ហើយអាចប្រើបានប្រមាណ ៥ថ្ងៃត្រូវទិញម្ដង។ លោកបន្តថា ពលរដ្ឋនៅក្នុងមូលដ្ឋានខ្វះខាតទឹកប្រើប្រាស់គ្រប់គ្នា ហើយមិនមានលទ្ធភាពទិញទឹកប្រើប្រាស់នោះទេ៖ «ដាច់ទឹកបើនិយាយទៅទឹកទៅដល់ណាក៏ទៅដងដែរ ព្រោះទឹកត្រូវការចាំបាច់ជាងបាយ។ បើយើងអត់មួយថ្ងៃបាន។ បើទឹកមិនបានទេ ហើយបើសិនមានភ្លើងឆេះ គ្មានទឹកស្រោចទេ ព្រោះតាមមានទឹកក្នុងពាងតិចតួច។ ខ្ញុំចង់បានឲ្យអាជ្ញាធរក្នុងឃុំ គឺផ្ដល់ទឹកក្នុង ៥ថ្ងៃមួយគ្រួសារម្ដងមក » ។
លោកបន្តថា ប្រភពទឹកដែលពលរដ្ឋដឹកយកមកលក់ គឺទឹកនៅតាមស្រះ និងដងអូរនៅទីរួមស្រុកគាស់ក្រឡ និងដឹកពីស្រុករុក្ខគីរី ដែលមានចំណាយជាង ១០គីឡូម៉ែត្រ ហើយជាការលំបាកខ្លាំងសម្រាប់ពលរដ្ឋក្រីក្រព្រោះគ្មានឧបករណ៍ដឹកទឹកយកមកប្រើបាននោះទេ។
ចំណែកអ្នកភូមិឃុំព្រះផុសម្នាក់ទៀត លោកស្រី មេឃ នួន រៀបរាប់ថា ទឹកនៅតាមដងអូរតំបន់ពួកគាត់រស់នៅរីងហួតហែងតាំងពីចុងខែធ្នូរហូតមក ហើយសព្វថ្ងៃគ្រួសារលោកស្រីទិញទឹកគេដឹកលក់តាមឡានយកមកប្រើ ព្រោះគ្មានមធ្យោបាយទៅដឹកទឹកដោយខ្លួនឯង។ លោកស្រីអះអាងទៀតថា ចាប់តាំងពីខ្វះទឹកប្រើប្រាស់មក មិនមានអាជ្ញាធរណាដឹកទឹកយកមកចែកជូនលោកស្រីម្ដងនៅឡើយទេ៖ «ប្រជាពលរដ្ឋនៅគាស់ក្រឡនេះសុទ្ធតែអ្នកក្រីក្រ ធ្វើស្រែក៏មិនបានផល ហើយឥឡូវរាំងស្ងួតងាប់ដំណាំដាំដុះអស់ហើយ ទឹកអត់មានដល់ពេលខែដាំដុះ និងប្រមូលផលអី វាមិនសូវបានទេ។ ខ្ញុំចង់បានឲ្យអាជ្ញាធរជួយជីកប្រឡាយចូលមកក្នុងភូមិ និងសុំឲ្យចែកទឹកដល់ពលរដ្ឋដូចនៅខាងមោងឫស្សី គេដឹកទឹកចែកខ្លះដែរ ហើយដល់ខាងស្រុកខ្ញុំអត់មាន » ។
ទាក់ទងនឹងបញ្ហានេះអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋខ្វះទឹកប្រើនៅក្នុងខេត្តបាត់ដំបង មាននៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកបវេល ដោយសារគ្រោះរាំងស្ងួត ក្នុងនោះស្រុកគាស់ក្រឡលំបាកជាងគេ ព្រោះតំបន់នោះមិនសូវមានប្រភពទឹក៖ «ស្រុកគាស់ក្រឡមិនមែនតែឆ្នាំនេះទេ។ ដោយសារតំបន់នោះជាតំបន់ខ្ពង់រាបបានវាខ្វះ ហើយយើងក៏បានត្រៀមទឹកពីចម្ងាយ ដល់ពេលអត់ទឹកយើងមានទឹកទៅដល់បណ្ដោយ បាទគាស់ក្រឡយើងមានប្រភពទឹកបូមត្រឹមត្រូវ ហើយប្រជាពលរដ្ឋមានឡានទឹកគាត់មកបូមដាក់ពាង ជាពិសេស នៅទីនោះ យើងបានពាងច្រើនណាស់ ដែលក្រសួងអភិវឌ្ឍន៍ជនបទធ្វើ ហើយចែកតាមផ្ទះ។ ពាងធំៗ យើងគ្រាន់តែដាក់ម្ដងប្រើបានកន្លះខែ » ។
លោកបន្តថា មន្ទីរធនធានទឹកបានជីកប្រឡាយពីស្ទឹងសង្កែបញ្ជូនទឹកទៅស្រុកមោងឫស្សីរួចហើយ រីឯស្រុកបវេល និងស្រុកគាស់ក្រឡអាជ្ញាធរក៏បានដឹកយកទៅចែកពួកគាត់បានចំនួនដែរ។
ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ប្រឡាយទឹកដែលអាជ្ញាធរបញ្ជូនទឹកចេញពីស្ទឹងសង្កែនោះ មិនគ្រប់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នោះទេ ព្រោះពលរដ្ឋមួយចំនួនធំរស់នៅឆ្ងាយពីស្ទឹងមោងឫស្សី។
រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា បានផ្ដល់សម្ភាសន៍ឲ្យកាសែតក្នុងស្រុកកាលពីថ្មីៗ នេះថា នៅខេត្តបាត់ដំបងមានប្រជាពលរដ្ឋប្រមាណ ២០.០០០ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ប្រឈមខ្វះទឹកប្រើប្រាស់ជាងគេបើប្រៀបធៀបនឹងខេត្តដទៃទៀត។ ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ លើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះនៅឆ្នាំក្រោយទៀត ពួកគាត់ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជីស្រះទឹកនៅក្នុងភូមិរបស់ពួកគាត់ឲ្យបានច្រើនកន្លែង ព្រោះនៅតំបន់ពួកគាត់រស់នៅពុំមានស្ទឹង អូរ និងស្រះទឹកធំៗ សម្រាប់ស្តុកទឹកប្រើប្រាស់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។