ប្រពន្ធសកម្មជនព្រៃឈើខេត្តរតនគីរី ខកចិត្ត ដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំលើកពេលប្រកាសសាលដីកាសំណុំរឿងប្ដី
2023.09.26

ប្រពន្ធសកម្មជនការពារព្រៃឈើខេត្តរតនគីរី លោក ឆន ផល្លា គឺលោកស្រី ខាំ សាឡុង ខកចិត្ត ដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពន្យារពេលថ្ងៃប្រកាសសាលដីកា ដែលគ្រោងធ្វើនៅថ្ងៃទី២៦ កញ្ញា ទៅថ្ងៃទី៤ ខែតុលាខាងមុខវិញ ខណៈប្ដីលោកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងមានជំងឺប្រចាំកាយ ហើយលោកស្រីមិនអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងកូនៗ លោកស្រីបាននោះ។
លោកស្រី ខាំ សាឡុង ដែលជាជនជាតិដើមទំពួន លើកឡើងថា សវនាការកន្លងទៅ ភាគីខាងដើមចោទជាអាជ្ញាធរមូលដ្ឋានពុំមានភស្តុតាងជាក់លាក់ណាមួយបង្ហាញថា ប្ដីលោកស្រីបានប្រព្រឹត្តកំហុសនោះទេ ហើយលោកស្រីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងសម្រេចដោះលែងប្ដីលោកស្រីនៅថ្ងៃនេះ។ លោកស្រី ខាំ សាឡុង ខកចិត្តដែលតុលាការសម្រេចពន្យារពេលប្រកាសសាលដីកា ខណៈដែលកន្លងមកតុលាការ ក៏ធ្លាប់លើកពេលសវនាការជំនុំជម្រះក្ដីសំណុំរឿងប្ដីលោកស្រីដែរ។
លោកស្រី ខាំ សាឡុង៖ «ដូចថាខ្ញុំអស់សង្ឃឹម ព្រោះយើងសង្ឃឹមទុកថាថ្ងៃទី២៦ គេថា គេនឹងប្រកាស ខ្ញុំនៅរង់ចាំដល់ឮដំណឹងថា ថ្ងៃ ៤ទៀត ខ្ញុំអត់ទាន់មានកម្លាំងចិត្តទេ។ ខ្ញុំសង្ឃឹមថា គាត់នឹងរកយុត្តិធម៌ឱ្យយើង ព្រោះយើងអត់មានដូចគេចោទប្រកាន់ ការដែលគេចោទប្រកាន់អត់ពិត»។
លោកស្រី ខាំ សាឡុង ទទូចសាជាថ្មីដល់សាលាឧទ្ធរណ៍ត្បូងឃ្មុំឱ្យច្រាលចោលសាលក្រមសាលាដំបូងខេត្តរតនគីរី ដើម្បីផ្ដល់សេរីភាពឱ្យប្ដីលោកស្រីបានត្រឡប់មកជួយមើលថែកូនៗ ដែលកំពុងតែរៀន។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ លោក ទុំ សោភ័ណ បានទេ នៅថ្ងៃទី២៦ ខែកញ្ញា។
លោក ឆន ផល្លា ត្រូវបានសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ប្រកាសសាលក្រមផ្ដន្ទាទោសលា ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទ «ផ្ដើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ»។ ទោះជាយ៉ាងណាក្ដី ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការចោទប្រកាន់និងឃុំខ្លួនសកម្មជនព្រៃឈើ លោក ឆន ផល្លា ហើយចាត់ទុកសកម្មភាពនេះថា ជាការគំរាមកំហែង និងរំលោភលើសិទ្ធិអ្នកការពារបរិស្ថានរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។