សត្វ​ពស់ និង​អណ្ដើក​ជិត ៦០​គីឡូ​ក្រាម​ត្រូវ​សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់​រឹបអូស​​ពី​ពលរដ្ឋ

កម្លាំង​សមត្ថកិច្ច​ចម្រុះ រួម​ជាមួយ​នឹង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ រឹបអូស​សត្វ​ពស់ និង​អណ្ដើក​ជិត ៦០​គីឡូក្រាម ពី​ផ្ទះ​របស់​ពលរដ្ឋ​ពីរ​នាក់​ប្ដី​ប្រពន្ធ។

សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ថា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ បាន​ឆែកឆេរ​ផ្ទះ ពលរដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែកស្តុក ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ បាន​រក​ឃើញ​ថា មាន​រក្សាទុក​សត្វ​មួយ​ចំនួន សម្រាប់​ធ្វើ​អាជីវកម្ម​។ សត្វ​ទាំងនេះ មាន​ដូចជា អណ្ដើក សត្វ​ពស់សង់សឿ ពស់វែក​ស្រង៉ែ ពស់​ស្នាអន្សោង ពស់ត្រី និង​សត្វ​ពស់វែក សរុប​ទាំងអស់​ជិត ៦០​គីឡូក្រាម។

របាយការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ជួញដូរ​សត្វ​ទាំងអស់​នេះ ជា​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​មាន​វ័យ​ប្រមាណ ៣០​ឆ្នាំ។

សមត្ថកិច្ច​ក៏បាន​ប្រមូល​សត្វ​ពស់ និង​អណ្ដើក ដែល​ប្រមូល​បាន យក​ទៅ​លែង​ចូល​ក្នុង​ទឹកស្ទឹង​ពោធិ៍សាត់ ចំណែក​ពលរដ្ឋ​ពី​នាក់​ប្ដី​ប្រពន្ធ បាន​ធ្វើ​កិច្ចសន្យា និង​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាល​ជលផល​កណ្ដៀង ដើម្បី​បន្ត​នីតិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។