ក្រុមយុវជនចលនាមាតាធម្មជាតិ នៅថ្ងៃទី២៣ ឧសភា បានបង្ហោះវីដេអូ ប្រមូលការគាំទ្រដើម្បីដាក់ញត្តិទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធស្នើដាក់កោះកុងក្រៅ នៅខេត្តកោះកុង ជាតំបន់ការពារធម្មជាតិការពារដោយច្បាប់។
វីដេអូឃ្លីបប្រវែងជិត ២នាទី ដែលផលិតដោយក្រុមយុវជនចលនាមាតាធម្មជាតិ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញទិដ្ឋភាពកោះដ៏ស្រស់ស្អាតធំជាងគេនៅកម្ពុជា គឺកោះកុង ឬដែលអ្នកខ្លះនិយមហៅថា កោះកុងក្រៅ។កោះនេះមានទីតាំងក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។
យុវតីមួយរូបនៃចលនាមាតាធម្មជាតិ អំពាវនាវក្នុងវីដេអូនេះ ឱ្យពលរដ្ឋ និងយុវជនចូលរួមគាំទ្រធនធានធម្មជាតិដ៏កម្រនេះ៖ «ធនធាន ទាំងអស់នេះ តម្រូវឱ្យគ្រប់គ្នាចូលរួមថែរក្សាដើម្បីកុំឱ្យកោះមួយនេះត្រូវបំផ្លាញដូចកោះ មួយចំនួន ដោយ មើលឃើញ ពីសក្តានុពលទាំងអស់នេះហើយ ដែលជំរុញឱ្យពួកយើងរៀបចំយុទ្ធនា ការដាក់ ញត្តិ ស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន ក្រសួងបរិស្ថាន និង ក្រសួងទេសចរណ៍ ដាក់កោះមួយនេះ ជាតំបន់ការពារដោយច្បាប់ ដើម្បីធានានូវសភាពដើមនៃកោះ។ សូមបងប្អូនទាំងអស់គ្នា ចូលរួមជាមួយពួកយើង ដោយគ្រាន់តែសរសេរពាក្យគាំទ្រនូវ Comment ខាងក្រោមហើយពួកយើងនឹងរាប់សំឡេងទាំងនេះ ភ្ជាប់ជាមួយញត្តិ។ សូមអរគុណ !»
Posted by Alejandro Gonzalez Davidson on Saturday, May 23, 2020
ជុំវិញរឿងនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់អាស៊ីសេរីថា ការធ្វើយុទ្ធនាការនេះ គឺជាសិទ្ធិរបស់ក្រុមយុវជន ប៉ុន្តែលោកថា ក្រសួងក៏បានដឹងច្បាស់ពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះនៅតំបន់កោះកុងក្រៅនេះដែរ។ លោកបញ្ជាក់ថា ក្រសួងបរិស្ថានបានសិក្សាស្រាវជ្រាវ ព្រមទាំងរៀបចំឯកសារ និងទិន្នន័យទាក់ទងនឹងតំបន់នេះ ៣ឆ្នាំមកហើយ ដើម្បីដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
ក្រុមយុវជនដែលមានគ្នា ១៥នាក់ គ្រោងធ្វើយុទ្ធនាការជិះកង់ ពីទីរួមខេត្តកោះកុង ទៅកាន់រាជធានីភ្នំពេញ។ យុទ្ធនាការនេះមានឈ្មោះថា “យុទ្ធនាការជិះកង់ដាក់ញត្តិសង្គ្រោះកោះកុងក្រៅ” ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមិថុនា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។