យុវជន​កាន់​តែ​ច្រើន​សកម្ម​ក្នុង​កិច្ច​ការពារ​និង​ដាំ​កូន​ឈើ​ឡើង​វិញ​នៅ​ពេល​បច្ចុប្បន្ន

0:00 / 0:00

នៅ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ គេ​សង្កេត​ឃើញ​ថា ក្រុម​យុវជន​ចាប់​ផ្តើម​ចូលរួម​សកម្មភាព​ជួយ​ការពារ និង​ស្ដារ​ឡើង​វិញ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​សកម្ម។ សកម្មភាព​របស់​ពួក​គាត់ បាន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​ប្រជា​សហគមន៍​ផ្សេងៗ ដូចជា​ចុះ​ល្បាត​ព្រៃ និង​ចូលរួម​ដាំ​កូន​ឈើ​នៅ​តាម​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន រួម​មាន​នៅ​តំបន់​ព្រៃឡង់ តំបន់​ជួរ​ភ្នំ​ឱរ៉ាល់ និង​តំបន់​អារ៉ែង ជាដើម។

បណ្ដាញ​យុវជន​កម្ពុជា និង​សកម្មជន​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា យុវជន​កាន់​តែ​ច្រើន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​សង្គម ពិសេស​បញ្ហា​ការពារ​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នេះ សកម្មភាព​របស់​យុវជន​ចំពោះ​កិច្ច​ការពារ​ធនធាន​ព្រៃឈើ គឺ​ជា​ចំណែក​មួយ​ជួយ​ថែរក្សា​ព្រៃ​ព្រឹក្សា​ឲ្យ​នៅ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ភាព​ជា​គំរូ​សម្រាប់​យុវជន​សម័យ​ថ្មី​ទៀត​ផង។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​យុវជន​កាន់​តែ​ច្រើន​លើ​ការងារ​អភិរក្ស និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា គឺ​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​គំនិត​របស់​យុវជន​សម័យ​ថ្មី។ លើស​ពី​នេះ បង្ហាញ​ពី​ការ​ភ្ញាក់​រឭក​របស់​យុវជន​មួយ​ចំនួន ដោយសារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​បាន​ក្លាយ​ជា​ធនធាន​ដ៏​កម្រ​នា​ពេល​បច្ចុប្បន្ន៖ « ត្រូវ​តែ​ដាច់​ចិត្ត​ចូលរួម​ការពារ ទោះ​ជា​មាន​រឿងរ៉ាវ​មួយ​ចំនួន​ក៏ដោយ ក៏​គាត់​នៅ​តែ​ប្ដេជ្ញា​ចិត្ត​បន្ត​វីរភាព ពិសេស​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ក៏​ជា​ចំណែក​មួយ​ដើម្បី​ដាស់តឿន ឬ​ក៏​ដាស់​ស្មារតី​ដល់​យុវជន​ខ្មែរ​ឲ្យ​ងើប​ឡើង »

សកម្មភាព​របស់​យុវជន​ចូលរួម​ការពារ និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ ដូចជា​ការ​ចុះ​ល្បាត​ព្រៃ ការ​ដាំ​កូន​ឈើ​ឡើង​វិញ​ជាមួយ​ប្រជា​សហគមន៍​នៅ​តំបន់​ផ្សេងៗ រួម​មាន​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ខេត្ត​ព្រះវិហារ នៅ​ខេត្ត​បន្ទាយមានជ័យ ជាដើម។

សកម្មភាព​ចូលរួម​របស់​យុវជន​ក្តី ព្រះសង្ឃ​ក្តី ធ្វើ​ឲ្យ​ប្រជា​សហគមន៍​រីករាយ ព្រោះ​ពួក​គេ​បាន​ដឹង​ពី​ទុក្ខ​កង្វល់ ព្រម​ទាំង​បាន​ដឹង​ពី​ស្ថានភាព​រស់នៅ​របស់​ជីវិត​អ្នក​ការពារ​ព្រៃឈើ​ពិតប្រាកដ។ ជាង​នេះ​ទៀត គឺ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​សហគមន៍ ហើយ​បង្ហាញ​ថា ក្រុម​យុវជន​នៅ​តំបន់​ផ្សេងៗ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ព្រៃឈើ​ដូច​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរ។

ក្រុម​បុគ្គលិក​មក​ពី​ទីភ្នាក់ងារ​ទេសចរណ៍​ជាង ២០០​ក្រុមហ៊ុន នាំ​គ្នា​ដាំ​កូន​ឈើ​គ្រញូង​នៅ​ចម្ការ​ពូជ​គ្រញូង ឋិត​នៅ​ឃុំ​ខ្នាររង្វះ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
ក្រុម​បុគ្គលិក​មក​ពី​ទីភ្នាក់ងារ​ទេសចរណ៍​ជាង ២០០​ក្រុមហ៊ុន នាំ​គ្នា​ដាំ​កូន​ឈើ​គ្រញូង​នៅ​ចម្ការ​ពូជ​គ្រញូង ឋិត​នៅ​ឃុំ​ខ្នាររង្វះ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth (RFA/Hang Savyouth)

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ដដែល យល់​ថា បើ​ទោះ​បី​ជា​យុវជន​បាន​ចូលរួម​ផុសផុល​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក៏ដោយ ប៉ុន្តែ​ចំនួន​យុវជន​សកម្ម​ទាំងនោះ​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​យុវជន​ដែល​មាន​ចំនួន​ប្រមាណ ៦០​ភាគរយ​នៅ​ទូទាំង​ប្រទេស។ លោក​ថា ចំនួន​អ្នក​ចូលរួម​នៅ​មាន​កម្រិត អាច​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​មួយ​ចំនួន​បាន​កើត​ឡើង​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​កាល​ពី​ពេល​កន្លង​ទៅ ដូចជា​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី កាល​ពី​ឆ្នាំ​២០១២ និង​រូបភាព​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​មួយ​ចំនួន​ទៀត។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​យល់​ថា ការ​ចូលរួម​របស់​យុវជន​កាន់​តែ​ច្រើន​បង្ហាញ​ពី​ការ​រួម​ចំណែក​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​ប្រឆាំង​នឹង​បទល្មើស​ដែល​កំពុង​កើត​ឡើង​ឥត​ឈប់ឈរ​ពី​សំណាក់​ជន​ទុច្ចរិត និង​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​មាន​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ។ ម្យ៉ាង ស្រប​ទៅ​តាម​គោល​នយោបាយ​អភិបាលកិច្ច​ល្អ​របស់​រាជ​រដ្ឋាភិបាល៖ « ជា​ផ្នែក​មួយ​ដើម្បី​បង្កើន​នៃ​ការ​គ្រប់គ្រង​បែប​អភិបាលកិច្ច​ល្អ​របស់​ប្រជាពលរដ្ឋ គឺ​ការ​ចូលរួម »

យុវតី​ម្នាក់​ដែល​បាន​ចូលរួម​ដាំ​កូន​ឈើ​នៅ​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់ នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា កញ្ញា ទី សុខសុគន្ធ បញ្ជាក់​ថា ការ​ចូលរួម​ការងារ​សង្គម​មួយ​នេះ​ជាមួយ​ប្រជា​សហគមន៍ គឺ​ជា​រឿង​សំខាន់ ពីព្រោះ​កន្លង​ទៅ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។ កញ្ញា​យល់​ថា ការ​ចូលរួម​អភិរក្ស និង​ស្ដារ​ឡើង​វិញ​គម្រប​ព្រៃឈើ​របស់​យុវជន គឺ​រឹតតែ​មាន​សារសំខាន់​ថែម​ទៀត៖ « ចា៎ ! វា​មាន​សារសំខាន់ ព្រោះ​អី​ព្រៃឈើ​វា​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ជីវិត​របស់​មនុស្ស »

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ កក្កដា។

អង្គការ​សង្គម​ស៊ីវិល ក្រុម​ជំនុំ​សាសនា​គ្រិស្ត ពុទ្ធ​សាសនិក និង​ប្រជា​សហគមន៍​មក​ពី​តំបន់​ផ្សេងៗ ធ្វើ​យុទ្ធនាការ​បោះ​ជំរំ​ដើម្បី​ដាំ​កូន​ឈើ​នៅ​ព្រៃ​ការពារ​របស់​ប្រជា​សហគមន៍​ក្បាល​ខ្លា​ដែល​ជាប់​តំបន់​ព្រៃ​ឡង់ នៅ​ចំណុច​ភូមិ​ក្បាលខ្លា ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
អង្គការ​សង្គម​ស៊ីវិល ក្រុម​ជំនុំ​សាសនា​គ្រិស្ត ពុទ្ធ​សាសនិក និង​ប្រជា​សហគមន៍​មក​ពី​តំបន់​ផ្សេងៗ ធ្វើ​យុទ្ធនាការ​បោះ​ជំរំ​ដើម្បី​ដាំ​កូន​ឈើ​នៅ​ព្រៃ​ការពារ​របស់​ប្រជា​សហគមន៍​ក្បាល​ខ្លា​ដែល​ជាប់​តំបន់​ព្រៃ​ឡង់ នៅ​ចំណុច​ភូមិ​ក្បាលខ្លា ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Saut Sokprathna)

យ៉ាង​នេះ​ក្តី ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ព្រះមហាក្សត្រ និង​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដុះ ការពារ​ព្រៃឈើ ហើយ​ត្រូវ​ចូលរួម​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ និង​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់ ព្រម​ទាំង​ការ​បរបាញ់​សត្វ​គ្រប់​រូបភាព។ មិន​តែ​ប៉ុណ្ណោះ កន្លង​ទៅ រាជ​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ គាំទ្រ និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​បរិស្ថាន ពិសេស​ព្រៃឈើ​តែ​ម្តង។

ព្រះសង្ឃ​សកម្ម​ការពារ​សិទ្ធិ​មនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរ​ដីកា​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ថា ការ​លើក​ឡើង​របស់​រាជ​រដ្ឋាភិបាល ហាក់​ធ្វើ​ឡើង​គ្រាន់​តែ​ល្អ​មើល​ប៉ុណ្ណោះ ពីព្រោះ​ព្រៃឈើ​នៅ​តែ​រង​ការ​កាប់​បំផ្លាញ ហើយ​ព្រៃ​សហគមន៍​មួយ​ចំនួន​ក៏​រង​ការ​រំលោភ​បំពាន​ដែរ។ ជាមួយ​គ្នា​នេះ សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​រង​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់៖ « តាម​ទូរទស្សន៍​ឲ្យ​ពលរដ្ឋ​ជួយ​លើក​ស្ទួយ​ចូលរួម​ការពារ​ដាំ​ព្រៃឈើ និង​ដាំ​ព្រៃឈើ។ តែ​ផ្ទុយ​ទៅ​វិញ សកម្មជន​ដែល​សកម្ម​ក្នុង​ការ​ការពារ ដាំ​កូន​ឈើ​ក្តី និង​ការពារ​ព្រៃឈើ​ក្តី តែង​រង​ការ​គំរាម​កំហែង និង​ចោទ​ប្រកាន់ »

លោក ទឹម ម៉ាឡៃ យល់​ថា ដើម្បី​ឲ្យ​សកម្មភាព​របស់​យុវជន​ទទួល​បាន​ជោគជ័យ គឺ​ពួក​គាត់​មិន​ត្រឹម​តែ​ចូលរួម​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​អាច​ស្រាវជ្រាវ​អំពី​ចំណុច​ខ្វះខាត​របស់​ខ្លួន និង​របស់​រដ្ឋាភិបាល។ បន្ទាប់​មក អាច​យក​ចំណុច​ខ្វះខាត​ទាំងនោះ​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ចំណែក​រដ្ឋាភិបាល​វិញ គប្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​មន្ត្រី​ថ្នាក់​ក្រោម ឬ​ប្រជា​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​តំបន់​ពួក​គាត់​រស់នៅ។ ម្យ៉ាង​ទៀត ត្រូវ​ប្រែ​ក្លាយ​តំបន់​ព្រៃឈើ​ឲ្យ​ក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍ និង​លុប​ចោល​ទម្រង់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​ណា​ដែល​មិន​បាន​ផ្តល់​ប្រយោជន៍​ពិតប្រាកដ​ដល់​សហគមន៍​មូលដ្ឋាន។ ចំណែក​សង្គម​ស៊ីវិល ត្រូវ​បន្ត​ចូល​សហការ​ជាមួយ​ប្រជា​សហគមន៍ ក្រុម​យុវជន​បង្កើត​សាមគ្គីភាព​ល្អ ផ្តល់​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ពង្រឹង​ស្មារតី​ដល់​ពួក​គាត់ ដើម្បី​ចូលរួម​ការងារ​សង្គម​មួយ​នេះ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។