យុវជន​សោកស្ដាយ​ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​នៅ​តែ​​បណ្ដោយ​ឱ្យ​ដែន​ជម្រក​សត្វ​ព្រៃពាម​ក្រសោប​ក្លាយ​ជា​កន្លែង​ចាក់​សំរាម

ដោយ សុខ មនោហត្ថា
2024.12.12
យុវជន​សោកស្ដាយ​ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​នៅ​តែ​​បណ្ដោយ​ឱ្យ​ដែន​ជម្រក​សត្វ​ព្រៃពាម​ក្រសោប​ក្លាយ​ជា​កន្លែង​ចាក់​សំរាម រូបភាពយុវជនចុះអង្កេតនៅតំបន់គំនរសំរាម ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
រូប៖ ផ្ដល់ឱ្យ

យុវជន​ស្រឡាញ់​បរិស្ថាន​សោកស្ដាយ​ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​នៅ​តែ​បណ្ដែត​​​បណ្ដោយ​ឱ្យ​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប ក្លាយ​ជា​កន្លែង​ចាក់​សំរាម​យ៉ាង​អនាធិបតេយ្យ​ បើ​ទោះ​បី​ជា​ពួក​គាត់​ធ្លាប់​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​ដោះស្រាយ​បញ្ហា​​នេះ​​ជា​ច្រើន​ដង​ហើយ​ក្ដី។

អាជ្ញាធរ​ខេត្ត​កោះកុង​ នៅតែ​មិន​ទាន់​ដោះស្រាយ​ បញ្ហា​​ចាក់​​សំរាម​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​​ឱ្យ​បាន​ត្រឹម​ត្រូវ​​នៅ​ឡើយ រហូត​មក​ទល់​ពេល​នេះ ហើយ​ ​​យុវជន​ និង​ពលរដ្ឋ​​​ចោទ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន​​ថា ​អសមត្ថភាព​ ​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​ករណី​នេះ​កើត​ឡើង​តាម​អំពើ​ចិត្ត ដោយ​ពុំ​គិត​ពី​ផល​ប៉ះពាល់​​ បរិស្ថាន​ និង​សង្គម។

យុវជន​ស្រឡាញ់​បរិស្ថាន​មក​ពី​រាជធានី​ភ្នំពេញ​ លោក ធឿន សេរី ដែល​បាន​ចុះ​ទៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប កាល​ពី​ថ្មី​ៗ​នេះ​ សង្កេត​ឃើញ​ថា​​ ការ​ចាក់​សំរាម​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​​​ពាម​ក្រសោប នៅ​តែ​បន្ត​កើតមាន​ជា​ដដែល​ បើ​ទោះ​ជា​កន្លង​ទៅ យុវជន​ចលនា​មាតា​ធម្មជាតិ​ធ្លាប់​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ទៅ​ក្រសួង​បរិស្ថាន​​​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ម្ដង​ជា​ពីរ​ដង​​ មក​ហើយ​ក្ដី។

លោក​បារម្ភ​ថា ជម្រក​សត្វ​ព្រៃ​មួយ​នេះ​ នឹង​បន្ត​ហិនហោច​​​ ខណៈ​ដែល​​ការ​ចាក់​សំរាម​​បន្ត​កើត​មាន​​​យ៉ាង​អនាធិបតេយ្យ។ ជាមួយ​គ្នា​នោះ​ ​លោក​អះអាង​ថា​​ ​សំរាម​នេះ​​​ ពុំ​មាន​ការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​​ទេ ធ្វើ​ឱ្យ​កាក​សំណល់​ប្លាស្ទិក​​​រសាត់​រប៉ាត់រប៉ាយ ហើយ​ជះ​ក្លិន​ស្អុយ​យ៉ាង​​​​ខ្លាំង ​​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៨ ស្ថិត​​នៅ​ភូមិ​ទួល​គគីរលើ ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា។

លោក ធឿន សេរី៖ «ខ្ញុំ​គិត​ថា​វា​ប៉ះពាល់​សំខាន់​មក​លើ​បរិស្ថាន​នៅ​តំបន់​នោះ ព្រោះ​អី​តំបន់​ការ​ពារ​វា​គឺ​ជា​តំបន់​ដែល​យើង​រក្សា​។ យើង​ការពារ​ឱ្យ​ល្អ​ប្រសើរ​តែ​បើ​យើង​ធ្វើ​ឱ្យ​ខូច​អ៊ីចឹង​ទៅ នឹង​ប៉ះពាល់​ដី និង​ព្រៃ​ឈើ​នៅ​ហ្នឹង​។​ មួយទៀត​សំរាម​នេះ​វា​នៅ​ជិត​ផ្លូវ​​ ខ្ញុំ​គិត​ថា​វា​ជា​តំបន់​មួយ​ដែល​គេ​ចង់​ឱ្យ​ខូច​ខាត​អ៊ីចឹង​ទៅ ដើម្បី​ទាញ​យក​ដើម្បី​ធ្វើ​អី​ផ្សេង»

បញ្ហា​ចាក់​​សំរាម​នៅ​​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​​​នេះ​ ​​ធ្វើ​​ឡើង​​ក្រោយ​ពេល​ដែល​ក្រសួង​បរិស្ថាន​​ចេញ​អនុក្រឹត្យ​កាត់​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន​អេកូ ឡូខល សឺលូសិន (Eco Local solution) ៥០ហិកតារ​ និង​​​ឱ្យ​ទៅ​មន្ទីរសុខាភិបាល​ខេត្ត​កោះកុង​ចំនួន​១០​ហិកតារ ដើម្បី​ដាក់​សំរាម​បណ្ដោះអាសន្ន​ ក្រោយ​ពី​​ទីលាន​ចាក់​សំរាម​ចាស់​នៅ​ក្រុង​ខេមរភូមិន្ទ​បាន​ពេញ។

garbage1.jpg
រូបភាពយុវជនចុះអង្កេតនៅតំបន់គំនរសំរាម ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ រូប៖ ផ្ដល់ឱ្យ


ទោះ​ជា​យ៉ាង​ណា​ ​យុវជន​ និង ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​ដែល​អាជ្ញាធរ​ខេត្ត​កោះកុង​យក​ដែន​ជម្រក​សត្វព្រៃ​មក​ធ្វើ​ជា​ទីលាន​ចាក់​សំរាម​​ គឺ​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ព្រោះ​ថា​ បញ្ហា​សំរាម​នេះ​​ នឹង​បង្ក​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​ទៅ​ដល់​សត្វព្រៃ ​ជីវចម្រុះ ប្រព័ន្ធ​អេកូឡូស៊ី ​​​និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​​ពលរដ្ឋ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ទួលគគីរលើ​ជាប់​នឹង​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​សំឡេង​​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​លើក​ឡើង​ថា​ ចាប់​តាំង​ពី​អាជ្ញាធរ​យក​ដែន​ជម្រក​សត្វ​ព្រៃ ធ្វើ​កន្លែង​ចាក់​សំរាម​​​​ មក​​ ​ ពលរដ្ឋ​ភាគ​ច្រើន​ពុំ​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ពួក​គាត់​បារម្ភ​ថា អនាគត​ព្រៃ​អភិរក្ស​មួយ​នេះ នឹង​បន្ត​ហិនហោច​ ​ក្រោម​រូប​ភាព​អភិវឌ្ឍន៍ ដើម្បី​តែ​​ប្រយោជន៍​របស់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នោះ ពួក​​គាត់​ទទូច​ឱ្យ​ក្រសួង​បរិស្ថាន​ត្រូវ​តែ​ដក​ហូត​ដី​ទាំង​នោះ​ពី​ក្រុម​ហ៊ុន​​មក​វិញ​​ ទុក​ជា​​​ដែន​ជម្រក​សត្វ​ព្រៃ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង ​អភិបាល​ខេត្ត​កោះកុង អ្នក​ស្រី មិថុនា ភូថង ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​​បាន​ទេ​នៅ​ថ្ងៃ​ទី​១១​ ខែ​ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​ណា​​ កាល​​ពី​ពេល​កន្លង​ទៅ​ លោក ខ្វៃ អាទិត្យា ធ្លាប់​អះអាង​ថា​ ទីតាំង​ចាក់​សំរាម​ថ្មី​របស់​រដ្ឋបាល​​ខេត្ត​កោះកុង ជា​ទីតាំង​​​​​បម្រុង​ទុក​​ជា​​យូរ​មក​ហើយ​ ពុំ​មែន​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​នោះ​ទេ។ ផ្ទុយ​ពី​ការ​អះអាង​នេះ​ រដ្ឋបាល​ខេត្ត​កោះកុង​ធ្លាប់​​លើក​ឡើង​ថា ទីតាំង​ចាក់​សំរាម​​ដែល​ក្រុម​យុវជន​ធ្លាប់​តវ៉ា​​នោះ​​​ ពិត​ជា​ស្ថិត​​​ក្នុង​​ដែន​ជម្រក​សត្វ​ព្រៃ​​​មែន ប៉ុន្តែ​​​គ្រាន់តែ​ជា​ការ​ចាក់​សំរាម​​បណ្ដោះអាសន្ន​​ ដោយ​សារ​​កន្លែង​ចាក់​សំរាម​​​ចាស់​បាន​​​​​ពេញ។

ទាក់ទិន​រឿង​នេះ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា លើក​ឡើង​ថា ការ​យក​ដែន​ជម្រក​សត្វព្រៃ​ធ្វើជា​ទី​លាន​ចាក់​សំរាម​នេះ​ ​ពុំ​ត្រឹម​ត្រូវ​ឡើយ​ ព្រោះ​​លោក​ថា ​សំរាម​នឹង​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ ដល់​បរិស្ថាន​ និង​សត្វ​ព្រៃ។ ទន្ទឹម​នឹង​នោះ​ លោក​ថា រដ្ឋ​មិន​ក្រ​ដល់​ថ្នាក់​គ្មាន​ដី​សម្រាប់​ចាក់​សំរាម​នោះ​ទេ។ កន្លង​ទៅ​រដ្ឋាភិបាល​តែង​តែ​ប្រកាស​ចែក​ដី​ឱ្យ​ឧកញ៉ា​នេះ ឧកញ៉ា​នោះ​ ហេតុ​អ្វី​គ្រាន់​តែ​ដី​ចាក់​សំរាម​គ្មាន​​ ហើយ​ទៅ​រំលោភ​​យក​ដី​ដែន​ជម្រក​សត្វ​ព្រៃ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​គួរតែ​ពិចារណា​ឡើង​វិញ។

លោក ម៉ា ចិត្រា៖ «ចង់​មិន​ចង់​​វា​នឹង​ប៉ះពាល់​ទៅ​ដល់​សត្វ​ដែល​រស់នៅ​ក្នុង​ព្រៃ​ហ្នឹង។ អ៊ីចឹង​រដ្ឋាភិបាល​មិន​គួរ​ក្រ​ដី​ដល់​ថ្នាក់​អត់​មាន​កន្លែង​ដាក់​សំរាម ហើយ​យក​សំរាម​ទៅ​ដាក់​ក្នុង​ព្រៃ​អ៊ីចឹង​ទេ។ យើង​ឃើញ​ថា កន្លង​មក​រដ្ឋ យើង​មាន​ដី​ច្រើន​ណាស់​ ​ចែក​ឱ្យ​ឧកញ៉ា​នេះ​ ឧកញ៉ា​នោះ ប៉ុន្តែ ហេតុ​អី​មក​ក្រអី​ត្រឹម​ដី​ដាក់​សំរាម​ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​យើង​មិន​សម​ហេតុផល​ទេ​ គួរតែ​ពិចារណា​ត្រង់​ហ្នឹង​ឡើង​វិញ។យើង​អាច​កាត់​ដី​ឱ្យ​ឧកញ៉ា​នេះ​ ឧកញ៉ា​នោះ ហេតុ​អី​យើង​មិន​ព្រម​ទៅ​រក​ដី​កន្លែង​ណា​សម្រាប់​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ»

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤​ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ធ្លាប់​បាន​ចុះ​អង្កេត និង​​ធ្វើ​វីដេអូ ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ រក​ឃើញ​ថា ផល​ប៉ះពាល់​នៃ​សំរាម​ដែល​ចាក់​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​​នេះ​​បាន​បង្ក​​​ក្លិន​ស្អុយ និង​មាន​ទឹក​ដក់​សុទ្ធ​តែ​ដង្កូវ សម្បូរ​ដោយ​សំណល់​ផ្ទះបាយ រោងចក្រ ​​និង​សំណល់​វេជ្ជសាស្ត្រ​​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ទឹក​ក្រោម​ដី និង​លើ​ដី។

ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប​មាន​ទំហំ​ជាង ២ម៉ឺន ៣ពាន់​ហិកតារ (២៣.៧៥០) ឋិត​ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បាន​ចុះ​បញ្ជី​ជា​តំបន់​អភិរក្ស កាល​ពី​ឆ្នាំ ១៩៩៣។ ដែន​អភិរក្ស​នេះ​ សំបូរ​ប្រជុំ​កោះ​តូច​ធំ និង​ព្រែក​ទឹក​ប្រៃ​ខ្វាត់ខ្វែង សំបូរ​ព្រៃ​កោងកាង​ផ្ដល់​ជម្រក​សត្វ​បក្សី​ទឹក និង​ជីវចម្រុះ​សមុទ្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។