ក្រុមយុវជនចាប់ផ្ដើមយុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកាដែលកំពុងរងការគំរាមកំហែង
2019.11.30
ក្រុមយុវជនស្រឡាញ់ព្រៃឈើចំនួន ៦នាក់ បានចាប់ផ្តើមយុទ្ធនាការជិះកង់ពីភ្នំពេញទៅខេត្តព្រះវិហារហើយ នៅថ្ងៃទី២៩ វិច្ឆិកា ដោយពួកគាត់ធ្វើដំណើរបានជិត ១០០គីឡូម៉ែត្រ នៅថ្ងៃដំបូងនេះ ដើម្បីផ្សព្វផ្សាយពីសារសំខាន់របស់ព្រៃព្រះរកាដែលកំពុងរងការគំរាមកំហែង។
សកម្មជនបរិស្ថាន និងជាអ្នកចូលរួមរៀបចំយុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកា លោក សាន់ ម៉ាឡា ឱ្យអាស៊ីសេរីដឹងថា ក្រៅពីការជិះកង់ដែលមានដោតទង់ជាតិពីក្រោយ ពួកលោកបានចែកខិត្តប័ណ្ណអំពីសារៈសំខាន់ និងស្ថានភាពបច្ចុប្បន្ននៃព្រៃព្រះរកា ហើយប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ចំពោះរឿងនេះ។ លោកបញ្ជាក់ថា យុទ្ធនាការជិះកង់ដើម្បីព្រៃព្រះរកានេះ មិនមានការតាមឃ្លាំមើល ឬរឹតត្បិតពីអាជ្ញាធរនោះឡើយ ហើយពួកលោកគ្រោងទៅដល់គោលដៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅពីរថ្ងៃខាងមុខ មុននឹងចុះល្បាតព្រៃព្រះរកាជាមួយប្រជាសហគមន៍ និងមន្ត្រីបរិស្ថាននៅថ្ងៃបន្តបន្ទាប់ទៀត៖ «នៅពេលដែលយើងធ្វើដំណើរទៅដល់ឃុំប្រមេរ យើងនឹងសម្រាកមួយយប់នៅយប់ថ្ងៃទី២ (ធ្នូ) ហើយព្រលឹមថ្ងៃទី០៣ យើងនឹងធ្វើដំណើរចូលដែនជម្រកសត្វព្រៃព្រះរកា ជាមួយសហគមន៍ប្រហែល ៥គោយន្ត អមនឹងឧទ្យានុរក្សប្រហែលជា៣ នាក់ជាមួយពួកយើងដែរ»។
នៅលើក្រដាស ព្រៃព្រះរកាមានទំហំជាង៩ ម៉ឺនហិកតារ ស្ថិតនៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ សកម្មជនបរិស្ថានអះអាងថា ព្រៃអភិរក្សមួយនេះមានគុណប្រយោជន៍ជាច្រើនខាងផ្នែកបរិស្ថាន និងសង្គម ដូចជា រក្សាតុល្យភាពកម្ដៅផែនដី ផ្ដល់អុកស៊ីហ្សែនដល់ជីវិតមនុស្សសត្វ ផ្ដល់មុខរបរដល់ប្រជាពលរដ្ឋ និងជាជម្រកសត្វព្រៃ ជាដើម។ ទោះជាយ៉ាងណា ព្រៃអភិរក្សមួយនេះកំពុងរងការបំផ្លិចបំផ្លាញឥតឈប់ឈរ តាមរយៈការកាប់ឈើ និងការទន្ទ្រានដីព្រៃខុសច្បាប់។
នេះហើយគឺជាមូលហេតុដែលនាំឱ្យក្រុមយុវជនស្រឡាញ់ព្រៃឈើនាំគ្នាធ្វើយុទ្ធនាការជិះកង់លើចម្ងាយផ្លូវ៣១៦ គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីស្ថានភាពព្រៃព្រះរកា បំផុសការចូលរួមការពារព្រៃឈើឱ្យបានសកម្ម និងបណ្ដុះឆន្ទៈយុវជនឱ្យស្រឡាញ់ និងជួយថែរក្សាការពារព្រៃឈើទាំងអស់គ្នា៕