ក្រុមហ៊ុនរបស់ឧកញ៉ា សុខ គង់ បន្តឈូសឆាយព្រៃក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោកាន់តែរាលធំឡើង នៅរយៈពេល ៣ ឆ្នាំកន្លងទៅនេះ ក្រោមទម្រង់អភិវឌ្ឍន៍ បានធ្វើឱ្យមរកតធម្មជាតិ ដ៏មានតម្លៃជាប្រវត្តិសាស្ត្រ ក្លាយជាវាលល្វឹងល្វើយ ជាច្រើនពាន់ហិកតារយ៉ាងឆាប់រហ័ស។
ក្រុមយុវជនសង្កេតឃើញថា ក្រោយពីមានសកម្មភាពឈូសឆាយព្រៃ តំបន់ឧទ្យានជាតិនោះ ពុំសូវមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តនោះទេ។
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភពីអនាគតឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ បន្តទទួលរងការឈូសឆាយព្រៃឱ្យក្លាយជាវាល កាន់តែរីកធំឡើង។
ពួកគេចាត់ទុកការឈូសឆាយព្រៃដ៏ធំសម្បើមនេះ មានលក្ខណៈបំផ្លិចបំផ្លាញទំហំព្រៃឈើ ជម្រកសត្វព្រៃធំធេង ហាក់មិនស៊ីចង្វាក់គ្នា នឹងរូបភាពអភិវឌ្ឍន៍ ដែលផ្តល់ផលចម្រើនដល់សង្គមជាតិនោះឡើយ។
ក្រុមយុវជនមាតាធម្មជាតិ កាលពីថ្ងៃទី៨ តុលា បានធ្វើដំណើរដល់ទីតាំងអភិវឌ្ឍន៍ក្នុងតំបន់នោះ ប្រទះឃើញសំណង់អគារជាច្រើន គ្មានមនុស្សរស់នៅទំនេរចោល ហើយដីព្រៃដែលទើបឈូសឆាយដាច់ជាកង់ៗជាច្រើនពាន់ហិកតារក៏ពុំឃើញអភិវឌ្ឍន៍ជាដុំកំភួននៅឡើយទេ។
រីឯគ្រឿងចក្រជាច្រើនគ្រឿង បែរជាមមាញឹកសម្រុកឈូសឆាយព្រៃ ពង្រីកផ្ទៃដីបន្ថែមទៀត កាន់តែរាលធំឡើង ដោយពុំឃើញ មានការកំណត់ព្រំប្រទល់ដែនអភិរក្សនៅឡើយទេ។
សមាជិកយុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ តុលាថា ការឈូសឆាយព្រៃដ៏ធំធេងនេះ បម្រើប្រយោជន៍ឯកជន បក្ខពួកអ្នកមានអំណាច ច្រើនជាងប្រយោជន៍ជាតិ និងពលរដ្ឋ។
លោកថា ដីព្រៃដែលក្រុមហ៊ុនឈូសឆាយរួចរាល់ ដើម្បីយកដីលក់ធ្វើអាជីវកម្ម ដែលជាជំនួញរកស៊ីរបស់ក្រុមឧកញ៉ា និងបុគ្គលមានលុយមានអំណាច។
លោក លី ចាន់ដារ៉ាវុត៖ «ដើម្បីដោះស្រាយបញ្ហានេះ វាទាល់តែចាប់ផ្តើមពីរដ្ឋាភិបាលខ្លួនឯង ចាត់ទុកថា រឿងនេះជាបញ្ហាដែលខ្លួនត្រូវដោះស្រាយ កាត់បន្ថយអំពើពុករលួយ ដល់កម្រិតទាបបំផុត បើកចំហគ្រប់ភាគីពាក់ព័ន្ធ។ ការអភិវឌ្ឍយើងនៅតែព័ទ្ធជុំវិញដោយអំពើពុករលួយ ធនធានធម្មជាតិ នឹងរលាយ ព្រោះអ្នកដែលមានកាតព្វកិច្ច ការពារធនធានធម្មជាតិក៏ជាអ្នកបំផ្លាញដូចគ្នា»។
ក្រុមយុវជនចលនាមាតាធម្មជាតិ បានថតរូបភាព និងវីដេអូពីលើអាកាស ដោយប្រើឧបករណ៍ត្រូន(Drone) បង្ហាញភស្តុតាងជាក់ស្តែងពីសកម្មភាពឈូសឆាយព្រៃឈើជាច្រើនពាន់ហិកតារ ឋិតក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដែលបង្កឡើងដោយក្រុមហ៊ុនរបស់ឧកញ៉ា សុខ គង់។
ពួកគេឃើញថា គម្រោងអភិវឌ្ឍន៍នេះ ខ្វះការចូលរួមពីពលរដ្ឋ អង្គការសង្គមស៊ីវិល និងខ្លះតម្លាភាព ហើយរបាយការណ៍វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ត្រូវគេរក្សាទុកជាការសម្ងាត់។
លោក លី ចាន់ដារ៉ាវុត សង្ស័យថា អំពើពុករលួយ គឺជាមូលហេតុចម្បងចាក់ស្រែះ ជ្រៅដល់ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាល ដែលជាហេតុធ្វើឱ្យបាត់បង់ធនធានធម្មជាតិ កេរដូនតានៅជំនាន់នេះ។
លោកថា ទីតាំងប្រវត្តិសាស្ត្រនេះ មិនគួរជាកម្មវត្ថុអភិវឌ្ឍន៍បំផ្លាញព្រៃឈើ ដែលពលរដ្ឋក្រីក្រមិនទទួលបានផលប្រយោជន៍នោះឡើយ។
លោក លី ចាន់ដារ៉ាវុត៖ «ដោយសារតែអំពើពុករលួយនេះដែរ ធ្វើឱ្យយើងបាត់បង់ធនធានធម្មជាតិច្រើន ដោយសារការវិនិយោគ មិនគិតគូរដល់បរិស្ថាន ប្រទេសកម្ពុជា»។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលតែងតែទៅកម្សាន្ត នៅភ្នំបូកគោ លោក ម៉ៅ ឆេន បានប្រទះឃើញគ្រឿងចក្រជាច្រើនគ្រឿង បន្តឈូសឆាយព្រៃជាច្រើនតំបន់លើខ្នងភ្នំបូកគោ ជាច្រើនខែមកហើយ ដោយពុំឃើញមានបង្គោលព្រំដីកំណត់ដែនអភិរក្ស នៅឡើយទេ។
លោកស្នើឱ្យរដ្ឋាភិបាល ផ្អាកការឈូសឆាយព្រៃនៅតំបន់នោះ។
លោក ម៉ៅ ឆេន៖ «រាប់ពាន់រាប់ម៉ឺនហិកតារ ចេះតែឈូសឆាយរហូត យើងទៅដល់វាលស្រែ៥០០ ក៏នៅតែឈូសបន្តរហូតរាប់ពាន់ហិកតារទៅមុខទៀត។ យើងមិនដឹងថា មួយភ្នំហ្នឹងមិនដឹងឈូសត្រឹមណាឱ្យប្រាកដទេ ព្រោះមិនឃើញបង្គោលណាច្បាស់ទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបកស្រាយរឿងនេះពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាននៅឡើយទេ នៅថ្ងៃទី២៧ តុលា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ចំណែកអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានផ្តាច់ទូរស័ព្ទ នៅពេលវិទ្យុអាស៊ីសេរី សួរនាំពីបញ្ហានេះ។
កន្លងទៅ ក្រសួងបរិស្ថានអះអាងថា មន្ត្រីជំនាញ បានកំណត់តំបន់ស្នូល តំបន់អភិរក្ស តំបន់អភិវឌ្ឍន៍ចិរភាព និងតំបន់សហគមន៍ ក្នុងឧទ្យានជាតិនេះ ហើយបញ្ជូន មន្ត្រីឧទ្យានុរក្ស ៤០នាក់ ការពារដែនអភិរក្សនេះ ជាច្រើនតំបន់សំខាន់ៗ។
កាលពីចុងខែមិថុនា ឆ្នាំ២០១៩ អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស៊ីញេដាក់ឱ្យប្រើប្រាស់ប្លង់គោលនៃគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ដោយបានកាត់ឆ្វៀលដីពីតំបន់ឧទ្យានជាតិភ្នំបូកគោ ទំហំដីជិត ២ម៉ឺនហិកតារ(១៨.៩៨៧) គ្រប់គ្រងដោយក្រុមហ៊ុន សុខា អូតែល (Sokha Hotel) របស់ឧកញ៉ា សុខ គង់។
ខ្លឹមសារអនុក្រឹត្យបានកំណត់ផ្នែកខ្លះ នៃរមណីយដ្ឋានភ្នំបូកគោ ជាទីក្រុងឆ្លាតវៃ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ពាណិជ្ជកម្មធុរកិច្ច និងលំនៅឋានជាដើម។ ឧទ្យានជាតិនេះ មានផ្ទៃដីសរុបជាង ១សែន ៥ម៉ឺនហិកតារ (១៥៤.៤៥៤ ហិកតារ) ក្នុងនោះ ទំហំដីអាចអភិវឌ្ឍន៍បានមានទំហំជិត ៣ ម៉ឺនហិកតារ (២៧.៩៤៣)។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីឧកញ៉ា សុខ គង់ បាននៅឡើយទេ នៅថ្ងៃទី ២៧ តុលា។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ស្នើឱ្យរដ្ឋាភិបាលថ្មី ធ្វើកំណែទម្រង់ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ដែលជាដើមចម បង្កើតឱ្យមានការរំលោភសិទ្ធិមនុស្ស និងកើនឡើងការបម្រែបម្រួលអាកាសធាតុ។
លោក វណ្ណ សុផាត៖ «នីតិរដ្ឋមិនរឹងមាំ ហើយប្រព័ន្ធការអនុវត្តច្បាប់បក្ខពួកនិយម រួមទាំងអ្វីមិនប្រក្រតីជាច្រើន សិទ្ធិសេរីភាពពលរដ្ឋ មិនត្រូវបានអនុញ្ញាតចូលរួមតាមច្បាប់ ដែលជាឱកាសឱ្យក្រុមហ៊ុនធ្វើអីស្រេចតែចិត្ត បំផ្លាញធនធានធម្មជាតិ ដើម្បីផលប្រយោជន៍តែប៉ុណ្ណឹង»។
មកទល់ពេលនេះ សកម្មភាពឈូសឆាយព្រៃដ៏ធំល្វឹងល្វើយ និងដុតកម្ទេចគំនរឈើធំៗ ឱ្យក្លាយជាវាល ការប្រើរំសេវបំផ្ទុះថ្មភ្នំ ឈូសឆាយផ្លូវខ្វាត់ខ្វែង ដើម្បីសាងសង់រីសត អគារ កន្លែងកម្សាន្តរបស់អ្នកមានទ្រព្យស្តុកស្តម្ភ និងសង់ផ្ទះថ្មលក់ នៅតែបន្តយ៉ាងសស្រាក់សស្រាំ ក៏ប៉ុន្តែពុំសូវមានមនុស្សទៅរស់នៅទីនោះ។ រីឯភ្ញៀវទេសចរ ក៏ពុំសូវឃើញ ទៅទស្សនានៅតំបន់នោះច្រើនដូចមុនដែរ។
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ បានចុះបញ្ជីជាតំបន់អភិរក្ស ដោយព្រះរាជក្រឹត្យព្រះបាទនរោត្តម សីហនុ កាលពីឆ្នាំ១៩៩៣ មានផ្ទៃដីទំហំជាង ១៥ម៉ឺនហិកតារ (១៥៤.៤៥៨ហិកតារ) ស្ថិតក្នុងភូមិសាស្ត្រ ក្រុងបូកគោ ខេត្តកំពត ជាប់ខេត្តព្រះសីហនុ។
ឧទ្យានជាតិនេះជាតំបន់ធម្មជាតិ និងជាដែនជម្រកសត្វព្រៃកម្រ រួមមាន ដំរីព្រៃ ទោច ខ្ទីង និងសត្វបក្សីជាច្រើនប្រភេទ កំពុងប្រឈមការបាត់បង់ជម្រក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
