ក្រុម​យុវជន​ព្រមាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ទាក់ទង​ទំនប់​វារីអគ្គិសនី

ដោយ ម៉ម មុនីរតន៍
2015-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ចូលរួម​វេទិកា​យុវជន ស្ដីពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
ក្រុម​យុវជន​ចូលរួម​វេទិកា​យុវជន ស្ដីពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Morm Moniroth

ក្រុម​យុវជន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​វិស័យ​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ព្រមាន​ធ្វើ​យុទ្ធនាការ​មិន​ប្រើប្រាស់​រាល់​ផលិតផល​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ។

ក្រុម​យុវជន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ការ​ផលិត​ភ្លើង​ដែល​នាំ​ឲ្យ​មនុស្ស សត្វ និង​មច្ឆជាតិ​នៅ​ក្រោម​ខ្សែ​ទឹក​នៃ​អាង​ទន្លេ​មេគង្គ​ក្រោម ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បើ​ទំនប់​វារីអគ្គិសនី​នេះ​ដំណើរ​រួច​ទៅ។

ក្រុម​យុវជន​អះអាង​ថា យុទ្ធនាការ​នេះ​នឹង​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​ដឹង​ពី​ឥទ្ធិពល​នៃ​ការ​ទាញ​យក​ភ្លើង​ពី​ទំនប់​វារីអគ្គិសនី ហើយ​ផ្ដល់​ផល​កាន់​តែ​អាក្រក់ និង​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​មនុស្ស តាម​រយៈ​ភាគ​ហ៊ុន​ដ៏​ធំ​មួយ​របស់​រោងចក្រ​ផលិត​ស្រាបៀ​អង្គរ។

ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀ​ដ៏​ធំ​នៅ​កម្ពុជា មាន​ថៅកែ​ជា​ជនជាតិ​ម៉ាឡេស៊ី នោះ រង​ការ​ចោទ​ប្រកាន់​ថា បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រស់នៅ​ក្រោម​ខ្សែ​ទឹក​ទន្លេ​មេគង្គ ត្រូវ​ប្រឈម​មុខ​គ្រប់​បែប​យ៉ាង ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​នេះ​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​មែន​នោះ។

ថ្លែង​នៅ​ក្នុង​វេទិកា​យុវជន ស្ដីពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង នៅ​ថ្ងៃ​ទី​២៧ ធ្នូ តំណាង​សកម្មជន​បរិស្ថាន លោក ហេង សំណាង យល់​ឃើញ​ថា វា​ល្មម​ដល់​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ដឹង​ពី​ស្ថានភាព​ដ៏​អាក្រក់​នឹង​កើត​ឡើង ក្រោយ​ពី​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដំណើរ​ការ​រួច។ យុវជន ហេង សំណាង ចាត់​ទុក​ថា ផល​ប៉ះពាល់​មួយ​ផ្នែក គឺ​ផ្ដើម​ចេញ​ពី​ភាគ​ហ៊ុន​ជិត​ពាក់​កណ្ដាល​ដែរ​របស់​ក្រុមហ៊ុន ខេមប្រូវ (Cambrew) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀ​អង្គរ​ដ៏​ធំ​នៅ​កម្ពុជា របស់​លោក ហ្គោ ណាគៀ (Goh Nan Kioh)។ លោក ហេង សំណាង ព្រមាន​ថា ក្រុម​យុវជន​នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​តាម​រយៈ​ការ​ផ្សព្វផ្សាយ និង​មាន​វេទិកា​ថ្នាក់​ជាតិ​ពី​ពេល​នេះ ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​រាល់​ផលិតផល​របស់​ក្រុមហ៊ុន ខេមប្រូវ ដែល​ផលិត​មួយ​ផ្នែក​នូវ​ស្រាបៀ​អង្គរ​ដែរ​នោះ។ លោក​បន្ត​ថា «អ៊ីចឹង​ពេលវេលា​នេះ​ដែរ យើង​ចាប់​ផ្ដើម​នូវ​យុទ្ធនាការ​ថ្មី សម្រាប់​ធ្វើ​រឿង​ស្រាបៀ​អង្គរ ដើម្បី​ឲ្យ​យុវជន​យើង​បាន​ដឹង​អំពី​រឿង​ហ្នឹង»

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​អង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.ហ្វែស (WWF) បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង គឺ​ជា​ក្រុមហ៊ុន​មេហ្គា​ហ្វឺស (Mega First Corporation)។ ក្រុមហ៊ុន​នេះ​មាន​ភាគ​ហ៊ុន​ចំនួន ៨០​ភាគរយ​ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ហើយ​នៅ​សល់ ២០​ភាគរយ​ទៀត គឺ​ជា​ភាគ​ហ៊ុន​របស់​រដ្ឋាភិបាល​ឡាវ។ ក្នុង​ចំណោម ៨០​ភាគរយ​នៃ​ការ​វិនិយោគ​ថាមពល​នេះ គឺ​មាន​ភាគ​ហ៊ុន​ជិត ៣៣​ភាគរយ (៣២,៨៦%) ជា​របស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​ដែរ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន​ស្រាបៀ​អង្គរ លោក ហ្គោ ណាគៀ (Goh Nan Kioh) និង​ជា​ម្ចាស់​វិនិយោគ​ទំនប់​វារីអគ្គិសនី​ដន​សាហុង បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ទី​២៧ ធ្នូ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី លោក ហែម ឧត្ដម អះអាង​ថា ផល​ប៉ះពាល់​នៃ​វារីអគ្គិសនី​ដន​សាហុង​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ចំពោះ​ជីវិត​មនុស្ស​ទេ ក៏ប៉ុន្តែ​ថែម​ទាំង​រាល់​មច្ឆជាតិ​គ្រប់​បែប​យ៉ាង នឹង​ត្រូវ​ជួប​បញ្ហា​ដូច​គ្នា​នេះ​ដែរ។ លោក​បន្ត​ថា «យើង​បារម្ភ​សំខាន់ៗ​ពីរ ទី​មួយ គឺ​ផ្សោត​ដែល​ជិត​ផុត​ពូជ​នៅ​តំបន់​នោះ។ អ៊ីចឹង​បើ​សិន​ណា​មាន​ការ​សាងសង់ ហើយ​ដំណើរ​ការ​ទំនប់​ហ្នឹង​ទៅ ផ្សោត​ដែល​នៅ​មួយ​គីឡូ​កន្លះ​ពី​ទំនប់​វា​ងាយ​រងគ្រោះ។ ទី​ពីរ គឺ​ផួសាហុង ដែល​គេ​ចង់​សាងសង់​ទំនប់​ដន​សាហុង​ហ្នឹង គឺ​ជា​ច្រក​ទឹក​សំខាន់ ដែល ៨៧​ភាគ​នៃ​ត្រី​ទាំងអស់​ហ្នឹង បន្លាស់​ទី​តាម​ហ្នឹង​ពេញ​មួយ​ឆ្នាំ»

ពាក់ព័ន្ធ​នឹង​ទំនប់​វារីអគ្គិសនី​ដង​សាហុង​នេះ ប្រទេស​ដែល​នៅ​ក្រោម​ខ្សែ​ទឹក​ទន្លេ​មេគង្គ រួម​មាន កម្ពុជា និង​វៀតណាម ជាដើម ធ្លាប់​បាន​ជំទាស់​ជា​ញឹកញយ​មក​ហើយ​ដែរ​ពី​គម្រោង​នៃ​ការ​សាងសង់​របស់​ភាគី​ឡាវ នេះ។ ថ្វី​បើ​ពុំ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​វិនិយោគ​ផ្នែក​ថាមពល​នេះ​ក៏ដោយ​ចុះ ក៏​សង្គម​ស៊ីវិល​នៅ​តែ​ចាត់​ទុក​ថា រដ្ឋាភិបាល​ឡាវ ហាក់​ពុំ​ខ្វាយខ្វល់ និង​អនុវត្ត​រាល់​កិច្ចសន្យា​ម្ដង​ណា​ទេ។

លោក ឈិត សំអាត នាយក​ប្រតិបត្តិ​នៃ​អង្គការ ដាប់ប៊លយូ.ដាប់ប៊លយូ.ហ្វែស (WWF) យល់​ឃើញ​ថា គណៈកម្មការ​អាស៊ាន​ក៏​មិន​គួរ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ប្រឈម​នេះ​ដែរ ព្រោះ​វា​ជា​កង្វល់​រួម​នៅ​ក្នុង​តំបន់។ ម្យ៉ាង​វិញ​ទៀត រដ្ឋ​ជា​ភាគី​នៃ​សមាជិក​អាស៊ាន មិន​គួរ​ឈរ​ឱប​ដៃ​មើល​ប្រទេស​មួយ​អាច​យក​ផល​ចំណេញ​លើ​ប្រទេស​មួយ​ទៀត ដោយ​មិន​អន្តរាគមន៍​នោះ​ទេ។ កត្តា​នេះ នឹង​ជំរុញ​ឲ្យ​ស្ថានការណ៍​មាន​ភាព​អាប់អួ​នៅ​ក្នុង​តំបន់​បន្ថែម​ទៀត។ លោក​បន្ត​ថា «ឡាវ ​គាត់​សង់​ទៅ​គាត់​បាន​ផល​ប្រយោជន៍ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ប្រទេស​ផ្សេង​ទៀត មិន​មែន​ជា​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​អាស៊ាន​ទេ។ អ៊ីចឹង​គណៈកម្មការ​អាស៊ាន ត្រូវ​លើក​បញ្ហា​នេះ​ដើម្បី​ពិភាក្សា​បន្ថែម​រក​ដំណោះស្រាយ​រួម»

ទំនប់​វារីអគ្គិសនី​ដន​សាហុង ដែល​មាន​ថាមពល ២៦០​មេហ្គា​វ៉ាត់ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។ លោក សុខ ឡាំង តំណាង​សហគមន៍​ព្រះ​រំកិល និយាយ​ថា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​នេះ​ដំណើរ​ការ​ទៅ វា​នឹង​កាត់​ផ្ដាច់​លំហូរ​នៃ​មច្ឆជាតិ​ពី​អាង​ទន្លេ​មេគង្គ​លើ និង​ធ្វើ​ឲ្យ​ភក់​ល្បាប់​ត្រូវ​រីង​ស្ងួត ជាដើម។ ការ​ប្រឈម​នេះ នៅ​មិន​ទាន់​គិត​ដល់​ចំនួន​សត្វ​ផ្សោត នឹង​ត្រូវ​ផុត​ពូជ​នៅ​ឡើយ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

វាមិនទាន់ប៉ះដល់ខ្លួនវា​​និងវាយកតែសេចក្ដីសុខបក្សពួកវាមួយក្ដាប់ដែលមានបានដោយពុករលួយ ហើយមិនខ្វល់ពីអ្នកដទៃ។

Dec 28, 2015 03:02 AM

អ្នក​អាន​អនាមិក

ល្អណាស់good សូមអោយអ្នកសារព័ត៌មានទាំងអស់ជួយផ្សព្វផ្សាយពីផលប៉ះពាល់ពីទំនប់នេះផង

Dec 27, 2015 11:40 PM

អ្នក​អាន​អនាមិក

ស្រឡាញ់ធម្មជាតិតែពួកលោកទេឬ?បើនិយមជ្រុលបែបហ្នឹងផ្ទះអស់លោកគួរប្រើទៀនដុតបំភ្លឺទៅ ប្រើចង្កៀងបំភ្លឺទៅ ផឹកទឹកត្រពាំងទៅ ។ប្រទេសកំពុងតែអភិវឌ្ឍន៍មនុស្សត្រូវការភាពទាន់សម័យដែលមិនអាចខ្វះបានគឺអគ្គិសនីប្រើអោយបានគ្រប់លំនៅដ្ឋាន។

Dec 27, 2015 06:52 PM

គេហទំព័រ​ទាំងមូល