គេហទំព័រភាសាអង់គ្លេសឈ្មោះ ហ្គូហ្គឹល (Google) បានបញ្ចូលផែនទី និងរូបភាពប្រាសាទរបស់ខ្មែរចំនួនជាង ១០០ ទៅក្នុងកម្មវិធីថ្មីរបស់ខ្លួន ក្នុងបំណងជួយទាក់ទាញនិងបង្ហាញផ្លូវដល់អ្នកទេសចរ បរទេសជាច្រើនដែលមកទស្សនាកម្ពុជា។
ប្រធានគ្រប់គ្រងផ្នែកផលិតផែនទី ហ្គូហ្គឹល គឺលោក ម៉ានិក គូបតា (Manik Gupta)។ លោកបានថ្លែងប្រាប់ក្រុមអ្នកកាសែតចម្រុះជាតិសាសន៍មកពីច្រើនប្រទេសនៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ថា គេហទំព័រ ហ្គូហ្គឹល បានបញ្ចូលរូបភាពចំនួន ៩ម៉ឺនសន្លឹក ដែលថតចេញពីប្រាសាទខ្មែរចំនួន ១០០ នៅក្នុងខេត្តសៀមរាប។ បន្ថែមលើនេះ ហ្គូហ្គឹល ក៏បានបញ្ចូលផែនទីរបស់ប្រទេសកម្ពុជា មួយចំនួនដែលមានលក្ខណៈរស់រវើក។ ផែនទីទាំងនេះដើរតួយ៉ាងសំខាន់សម្រាប់ជួយ និងផ្ដល់ព័ត៌មានឱ្យអ្នកទេសចរបរទេសទាំងឡាយដែលមកទស្សនាកម្ពុជា។
លោក ម៉ានិក គូបតា៖ «កម្មវិធីនេះមានសារសំខាន់យ៉ាងខ្លាំង ហើយក៏ជាគម្រោងដ៏រំភើបមួយ សម្រាប់ពួកយើង។ ដើម្បីបង្កើតកម្មវិធីបញ្ចូលផែនទី និងបញ្ចូលរូបភាពនៃប្រាសាទបុរាណរបស់ខ្មែរ ទៅក្នុងគេហទំព័រ ហ្គូហ្គឹល ទៅបាន គឺយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរអប្សរា ទទួលបន្ទុកការពារនិងថែរក្សាប្រាសាទនៅក្នុងខេត្តសៀមរាប»។
គេហទំព័រ ហ្គូហ្គឹល គឺមានមូលដ្ឋានធំនៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែក្រុមហ៊ុននេះមានទីស្នាក់ការជាច្រើននៅក្នុងបណ្ដាប្រទេសអឺរ៉ុបនិងអាស៊ី។
គម្រោងបញ្ចូលផែនទីនិងរូបភាពនៃប្រាសាទបុរាណខ្មែរជិត ១០ម៉ឺនសន្លឹកទៅក្នុងគេហទំព័រនេះ គឺហ្គូហ្គឹល បានចំណាយពេលវេលាធ្វើការជាច្រើនខែ ចាប់តាំងតែពីអំឡុងខែកក្កដា ឆ្នាំ២០១៣ មក។
អគ្គនាយករងអាជ្ញាធរអប្សរា លោក ឃួន ឃុននាយ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលសំបូរទៅដោយវប្បធម៌រាប់ម៉ឺនប្រភេទ ហើយស្របពេលដែលពិភពលោកកំពុងរីកចម្រើនផ្នែកបច្ចេកវិទ្យាផង គឺកាន់តែធ្វើឱ្យកម្ពុជា ងាយស្រួលក្នុងការផ្សព្វផ្សាយមត៌កវប្បធម៌ទាំងនោះទៅកាន់ពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
