ក្រសួង​សុខាភិបាល​ពិភាក្សា​ពី​លទ្ធភាព​ធ្វើ​ឯកជន​ភាវូបនីយកម្ម​កិច្ចការ​មន្ទីរពេទ្យ

ក្រសួង​សុខាភិបាល​កំពុង​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​រដ្ឋ​ជា​ច្រើន​អំពី​លទ្ធភាព​ធ្វើ​ឯកជន​ភាវូបនីយកម្ម​កិច្ចការ​របស់​មន្ទីរពេទ្យ​នៅ​ចុង​ឆ្នាំ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​បាន​ស្រង់​ព័ត៌មាន​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា យោង​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការរៀបចំ​ប្រកប​ដោយ​សក្តានុពល​នេះ អគារ​មន្ទីរពេទ្យ​គឺ​នៅ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដដែល​ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ទទួល​គ្រប់គ្រង​ដំណើរការ​មន្ទីរពេទ្យ​ផ្តល់​ប្រាក់​បៀវត្សរ៍​ដល់​វេជ្ជបណ្ឌិត​និង​បុគ្គលិក​មន្ទីរពេទ្យ។

ព័ត៌មាន​បន្ត​ថា ក្រសួង​សុខាភិបាល​ក៏​កំពុង​ពិចារណា​ការធ្វើ​ឯកជន​ភាវូបនីយកម្ម​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​ជា​របស់​រដ្ឋ​នោះ​ផងដែរ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក ហេង តៃគ្រី មាន​ប្រសាសន៍​ថា ឯកជន​ភាវូបនីយកម្ម​នេះ​គឺ​សំដៅ​បង្កើន​គុណភាព​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យ​ទាំងឡាយ​នោះ។

លោក​បន្ត​ថា ផែនការ​នេះ​អាច​នាំ​ឲ្យ​សេវា​មន្ទីរពេទ្យ​ឡើង​ថ្លៃ​ដោយ​មាន​ទិញ​សម្ភារៈ​បរិក្ខា​ពេទ្យ​បន្ថែម​ទៀត ព្រម​ទាំង​ដំឡើង​បៀវត្សរ៍​បុគ្គលិក​ទៀត​ផង៕