សភា​ពាណិជ្ជកម្ម​ថា នឹង​មាន​​ក្រុមហ៊ុន​ឯកជន​​មួយ​​ចំនួន នាំ​វ៉ាក់សាំង​​បង្ការ​​ជំងឺ​​កូវីដ-១៩​ចូល​​កម្ពុជា ខណៈ​ក្រុម​ហ៊ុន​​​ឯកជន​​​ប្រមាណ​១០​ស្នើ​​សុំ​​សិទ្ធិ​​នាំចូល

ក្រុមហ៊ុន​​ឯកជន​​ប្រមាណ១០​ស្នើ​សុំ​​សិទ្ធិ​នាំចូល​​វ៉ាក់សាំង​​បង្ការ​​ជំងឺ​កូវីដ-១៩ ដើម្បី​ចាក់​​ជូន​​ដល់​​ប្រជាពលរដ្ឋ ខណៈ​គិត​​ត្រឹម​​ថ្ងៃទី៩ ខែសីហា រដ្ឋាភិបាល​​បាន​​ចាក់​វ៉ាក់សាំង​​ជូន​​ពលរដ្ឋ​បាន​​ជិត​​៨០​% ក្នុង​ចំណោម​​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​​វ៉ាក់សាំង​​ចំនួន ១០​លាន​នាក់។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជាលោក លឹម ហេង ថ្លែង​ប្រាប់​កាសែតភ្នំពេញប៉ុស្ដិ៍កាល​ពី​ថ្ងៃទី១០ ខែសីហាថា តាមរយៈ​កិច្ចប្រជុំ​រវាង​ក្រសួង​សុខាភិបាល​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃ​ទី២ ខែសីហា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលលោក ម៉ម ប៊ុនហេង ថា មាន​ក្រុមហ៊ុន​ឯកជន​ប្រមាណ ១០ បាន​ស្នើសុំ​នាំចូល​ទាំង​ឧបករណ៍​​ធ្វើតេស្ត​រហ័ស (Rapid Test) និង​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ-១៩។

លោក​សង្ឃឹម​ថា ក្រសួង​សុខាភិបាល​នឹង​អាច​សម្រួល​ចុះបញ្ជី​ដល់​ក្រុមហ៊ុន​ឯកជន​កាន់​តែ​ឆាប់។ ចំណែក​ការ​នាំចូល​វ៉ាក់សាំង និង​ឧបករណ៍​តេស្ត​រហ័ស សម្រាប់​វិស័យ​ឯកជន​នេះ គឺ​នឹង​នាំ​ចូល​មិន​ឲ្យ​ដូច​វ៉ាក់សាំង និង​ឧបករណ៍​តេស្ដ​រហ័ស​ដែល​រដ្ឋ​កំពុង​ប្រើប្រាស់​នោះ​ទេ ព្រោះ​ខ្លាច​មាន​លក់​ច្រឡំ​គ្នា ឬ​លេច​ធ្លាយ​វ៉ាក់សាំង​របស់​រដ្ឋ ទៅ​​លក់​​នៅ​លើ​ទីផ្សារ។ រីឯ​តម្លៃ​ធ្វើ​តេស្ដ និង​ការ​ចាក់​វ៉ាក់សាំង​វិញ ក៏​នឹង​ត្រូវ​កំណត់​ក្នុង​កម្រិត​សមរម្យ ដែល​អាច​ទទួល​យក​បាន​ដល់​ពលរដ្ឋ​ទូទៅ។

កាលពី​ថ្ងៃទី២៧ ខែកក្កដា ក្រសួង​សុខាភិបាល បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​អាហរ័ណ​នីហរ័ណ​ឱសថ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​អាច​ស្នើសុំ​នាំចូល​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​បាន​ទទួល​ស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ចែកចាយ​បន្ត​ទៅ​ផ្នែក​សេវា​សុខាភិបាល​ឯកជន​សម្រាប់ចាក់​ជូន​ពលរដ្ឋ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។