កម្ពុជា​រក​ឃើញ​មនុស្ស ១០​នាក់​បន្ថែម​ទៀត​មាន​ជំងឺ​កូវីដ-១៩

ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩​ចំនួន​១០​នាក់ បន្លែ​ម​ទៀត​កាលពី​ថ្ងៃទី​១៩ មីនា​ម្សិលមិញ​។ ក្រសួង​រក​ឃើញ ជនជាតិ​ម៉ាឡេស៊ី ៦​នាក់ និង ជនជាតិ​ខ្មែរ​ចំនួន​៤​នាក់​មាន​ផ្ទុក​ជំងឺ​នេះ​។

បុរស​ជនជាតិ​ម៉ាឡេស៊ី​ទាំង ៦​នាក់ អាយុ​ពី​២៦​ឆ្នាំ ដល់​អាយុ ៦២​ឆ្នាំ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ ខេត្ត​កំពង់ចាម​ចំណែក​ឯ​ជនជាតិ​ខ្មែរ​០៤​នាក់​នោះ​រស់នៅ​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ ក៏​កំពុង​សម្រាក​ព្យាបាល​ដែរ។

ទាក់ទិន​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​កូវីដ-១៩​នេះ​ដែរ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ រំឭក​ដល់​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​ជាពិសេស​រោងចក្រ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ កាបូប​ត្រូវ​អនុវត្ត​វិធានការ ១២​ចំណុច ដើម្បី​បង្ការ និង ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

វិធានការ​ទាំង ១២​ចំណុច​របស់​ក្រសួង​ការងារ រួមមាន​ត្រូវ​រៀបចំ​ម៉ាស​សម្រាប់​ឱ្យ​កម្មករ​ពាក់​ឱ្យ​បាន​គ្រប់គ្រាន់ ត្រូវ​រឭក​កម្មករ​នៅ​ពេល​ដែល​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់​មាត់ និង​ច្រមុះ រៀបចំ​ឱ្យ​មាន​ទឹក​អាល់កុល​សម្រាប់​លាងដៃ អនុវត្ត​ការ​ស្វាគមន៍​ដោយ​លើកដៃ​សំពះ ចាត់វិធានការ​រក្សា​សីតុណ្ហភាព និង​រាយ​ការណ៍​ទៅ​ទូរស័ព្ទ ១១៥ ប្រសិនណាបើ​មាន​កម្មករ​ណា​មាន​កម្ដៅ​លើស​ពី​៣៧.៥ អង្សា។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ មីនា នេះ​ករណី​សរុប​វិជ្ជមាន​ជំងឺ​កូវី-​១៩​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៤៧​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។