ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ២ពាន់ ៧រយនាក់ហើយ (២.៧១៥) ក្រោយពីអ្នកជំងឺចំនួន ១១នាក់ទៀតបានស្លាប់ ក្នុងនោះមាន ៧នាក់មិនបានចាក់វ៉ាក់សាំង។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលប្រកាសថា មានជាង ១រយនាក់ (១៤៨) ដែលជាលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ភីស៊ីអា (PCR)។ ប៉ុន្តែតួលេខនេះមិនរាប់បញ្ចូលលទ្ធផលដែលពិនិត្យតាមឧបករណ៍តេស្ដរហ័ស ឬរ៉ាភីដតេស្ដ (Rapid Test) នោះទេ។
គិតត្រឹមព្រឹកថ្ងៃទី២១ តុលា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែន ១ម៉ឺននាក់ (១១៧.៥០០) ក្នុងនោះអ្នកជាសះស្បើយមានប្រមាណ ១ សែន ១ម៉ឺននាក់ (១១២.៣៨៣)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី២១ តុលា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋដែលគ្រប់អាយុបានជាង ៩៩% ក្នុងចំណោម ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ០៦ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងបញ្ជាក់ថា ចាក់វ៉ាក់សាំងបានជាង ៣លាន ៦សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
