ក្រសួងសុខាភិបាលថៃបានរកឃើញពលករខ្មែរ ឆ្លងជំងឺកូវីដ-១៩ បានកើនឡើងដល់ ១៥៣ គិតត្រឹមព្រឹកថ្ងៃទី៨ ខែ មករា នេះ។ ចំនួននេះ បានកើនឡើងស្ទើរពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនឆ្លងលើពលករចំណាកស្រុកខ្មែរ កាលពីថ្ងៃទី៧ ខែ មករា ដែលមាន ១០៨នាក់។
មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា ថា ពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃទាំងនោះ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ ដោយសារពួកគេឆ្លងជំងឺបែបនេះ គឺមិនអាចធ្វើការងារបានឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា រដ្ឋាភិបាលខ្មែរគួរតែចុះតាមដានរឿងនេះដល់ទីកន្លែងពលកររស់នៅឱ្យបានជាប់ជាប្រចាំ ដើម្បីតាមដានពីស្ថានភាពជំងឺរបស់ពួកគាត់។ លោក ឌី ថេហូយ៉ា ជឿថា ពលករមួយចំនួនអាចនឹងត្រូវថៅកែបញ្ឈប់ពីការងារដោយសារតែជំងឺនេះទៀតផង។
ប៉ុន្តែប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា ពលករទាំងនោះគួរតែទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីឱ្យស្ថានទូតជួយដល់ពួកគេបាន ប្រសិនបើពួកគេត្រូវការជំនួយបន្ទាន់អំឡុងពេលនេះ។ លោកអំពាវនាវដល់ពលករខ្មែរទាំងអស់ ត្រូវអត់ធ្មត់ស្នាក់នៅប្រទេសថៃបន្តទៀត ដោយមិនគួរត្រឡប់មកកម្ពុជាអំឡុងពេលនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
