មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​ថា សិស្សសាលា ៦នាក់ និង​​ក្រុម​​គ្រួសារ ១៣នាក់ ពុំ​​មាន​​សង្ស័យ​​ឆ្លង​​ជំងឺ​​កូវីដ-១៩ ទេ

0:00 / 0:00

មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា សិស្ស​សាលា​ចំនួន ៦នាក់ និង​សមាជិក​ក្រុម​គ្រួសារ ១៣នាក់​ទៀត មាន​សុខភាព​ល្អ​ធម្មតា ពុំ​មាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូវីដ-១៩ នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក សំបូរ​ខេត្ត​ក្រចេះ បាន​បញ្ជូន​ឈ្មោះ សិស្សសាលា ៦នាក់ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​មួយ​ចំនួន​ទៀត ទៅ​មន្ទីរ​សុខាភិបាល​ឱ្យ​ជួយ​អន្តរាគមន៍ ស្រប​ពេល​ដែល​ពួក​គេ​ទាំង​នោះ ធ្លាប់​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ មិត្ត​ភក្ត្រ​ម្នាក់ ដែល​ជា​កូន​សិស្ស​ជនជាតិ​ជប៉ុន​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។

ប្រធាន​មន្ទីរ​អប់រំ ខេត្ត​ក្រចេះ លោក ឡាយ បូរ៉ា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ មីនា​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ លោក​បាន​រាយការណ៍​ជូន​មន្ទីរ​សុខាភិបាល​រួច​ហើយ ដើម្បី​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​បង្ការ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​នរណា​ម្នាក់​មាន​រោគ​សញ្ញា​ឆ្លង​ជំងឺ​កូវីដ-១៩ទេ។ លោក​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ ដោយ​ប្រុងប្រយ័ត្ន ចៀសវាង​ប៉ះពាល់​អារម្មណ៍​ប្រជាពលរដ្ឋ ដែល​កំពុង​ភ័យ​ខ្លាច៖ «ហេតុការណ៍​ហ្នឹង​ដែល​វា​កើត​ឡើង យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាច ប្រការ​ណា​មួយ​ដែល​វា​កើត​ឡើង យើង​មើល​វា​មិន​ឃើញ​ទេ។ នេះ​ជា​ការ​ប្រុង​ប្រយ័ត្ន​របស់​យើង​ទេ។ អ្វី​ដែល​ជា​របាយការណ៍​របស់​អប់រំ​ស្រុក គាត់​ធ្វើ​មក​ឱ្យ​ខ្ញុំ ខ្ញុំ​រាយការណ៍​ទៅ​មន្ទីរ​សុខាភិបាល ដើម្បី​ឱ្យ​គាត់​ជួយ​ពិនិត្យ។ អ៊ីចឹង​អត់​មាន​បញ្ហា​អ្វី​ថា គាត់​ប៉ុន្មាន​នាក់​ហ្នឹង មាន​ផ្ទុក​វីរុស​កូវីដ - ១៩ ហ្នឹង​ទេ ហើយ​មក​ទល់​ពេល​នេះ ក៏​អត់​មាន​បញ្ហា​អី​កើត​ឡើង​ដែរ »

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​សំបូរ លោក ទូន ផល្លា ថ្មីៗ នេះ (កាល​ពី​ពី​ថ្ងៃ​ទី៨ ខែ​មីនា) បាន​សរសេរ​របាយ​ការណ៍ ស្ដីពី​បង្ការ​ជំងឺ​កូវីដ-១៩ រាយការណ៍​ជូន​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ ដោយ​បង្ហាញ​ន័យ​ដើម​ថា កាល​ពី​ដើម​សប្ដាហ៍​មុន មាន​ក្រុម​គ្រួសារ​មួយ មាន​សមាជិក ៥នាក់ រស់​នៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សំបូរ បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​ខេត្ត​សៀមរាប ជាមួយ​សិស្ស​សាលា ៦នាក់ទៀត ដើម្បី​ជូន​ដំណើរ សិស្ស​ម្នាក់ ឡើង​យន្ត​ហោះ ទៅ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា។ ទន្ទឹម​នឹង​នេះ សិស្ស​ម្នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នោះ ធ្លាប់​ស្នាក់​នៅ​សិក្សា​ភាសា​ជប៉ុន និង​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​គ្រូ​បង្រៀន​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។

ចំណែក ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ក្រចេះ លោក ឈ្នាង សុវុត្ថា អះអាង​ថា សិស្ស​សាលា ៦នាក់ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ ១៣នាក់​ទៀត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ពិនិត្យ​សុខភាព​រួច​ហើយ ពុំ​មាន​អាការៈ និង​រោគសញ្ញា​ផ្ទុក​ជំងឺ​កូវីដ-១៩ទេ។ លោក​ថា ពួក​គេ​ទាំង ១៩ នាក់​នោះ កំពុង​រស់​នៅ​ផ្ទះ​ធម្មតា ហើយ​គ្រូពេទ្យ​បាន​ណែនាំ​ពួក​គាត់ ត្រូវ​ប្រញាប់​មក​មណ្ឌល​សុខភាព​ជា​បន្ទាន់ ប្រសិន​បើ​មាន​ការ​ប្រែប្រួល​សុខភាព «សិស្ស ៦ ប៉ុន្តែ​មាន​ឪពុក​ម្ដាយ​ទៀត​ទាំង​អស់​វា ១៩នាក់ តែ​ក្នុង​នោះ ខ្ញុំ​បាន​ពិនិត្យ​អស់​ហើយ សុខភាព​គាត់​អត់​មាន​បញ្ហា​អី​ទេ មក​ដល់​ម៉ោង​ហ្នឹង។ រាល់​ថ្ងៃ​នេះ​គឺ​គាត់ ធ្វើ​ការ​បាន​ល្អ​ធម្មតា​ទាំង​អស់ អ៊ីចឹង​បាន​ន័យ​ថា គាត់​អត់​មាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​ហ្នឹង​ទេ »

បុរស​ជន​ជាតិ​ជប៉ុន មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ គឺ​ជា​នាយក​សាលា​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន និង​ជា​គ្រូ​បង្រៀន​ភាសា​ជប៉ុន របស់​សិស្ស​ម្នាក់​នៅ​ខេត្ត​ក្រចេះ។

ក្រសួងសុខាភិបាល​ប្រកាស​ថា បុរស​ខ្មែរ​ម្នាក់ អាយុ ៣៨ឆ្នាំ បាន​ឆ្លង​ជំងឺ​កូវីដ-១៩។ បុរស​ខ្មែរ​ម្នាក់​នេះ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​ជា​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​បុរស​ជន​ជាតិ​ជប៉ុន​ ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ នៅ​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន​វិញ បន្ទាប់​ពី​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។