កម្មកររោងចក្រ អរ សម្បត្តិ ត្រេឌីង (R. Sambath Trading) នៅខេត្តព្រៃវែង ម្នាក់បានស្លាប់ និង ១៦នាក់ទៀតបានដួលសន្លប់ជាបន្តបន្ទាប់ តាំងពីថ្ងៃទី៥ ខែវិច្ឆិកា។ ករណីនេះប្រធានមន្ទីរពេទ្យខេត្តព្រៃវែង អះអាងថា មូលហេតុនៃបញ្ហានេះគឺដោយសារពុលក្លិនថ្នាំដែលភាយចេញពីក្រណាត់ទើបបណ្ដាលឲ្យថប់ដង្ហើម។
ប្រធានមន្ទីរពេទ្យខេត្តព្រៃវែង លោក អ៊ុង ចាន់ធឿន អះអាងថា កម្មការិនីម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។ ចំណែកកម្មករដែលដួលសន្លប់ គឺកើនឡើងដល់ ១៦នាក់ហើយ នៅថ្ងៃព្រឹកទី៦ ខែវិច្ឆិកា បន្ទាប់ពីចូលធ្វើការបានមួយសន្ទុះ។
ករណីដែលបណ្ដាលឲ្យកម្មករស្លាប់ និងដួលសន្លប់ជាបន្តបន្ទាប់នេះ លោក អ៊ុង ចាន់ធឿន រកឃើញថា គឺដោយសារពុលថ្នាំក្លិនថ្នាំចេញពីក្រណាត់ដែលរោងចក្រអោយពួកគេដេរ ហើយបណ្ដាលឲ្យកម្មករថប់ដង្ហើម៖ «ដោយសារជាតិធុំនៅលើក្រណាត់ ដែលធ្វើអោយគាត់ពុល។ អ្នកដែលស្លាប់នោះ គឺធ្ងន់ធ្ងរដោយសារថប់ដង្ហើម និងខួរក្បាលគាត់មិនធ្វើការ ធ្វើអោយខាងមន្ទីរពេទ្យយើងជួយអត់ទាន់»។
ប្រធានមន្ទីរពេទ្យខេត្តព្រៃវែង អះអាងថា មកទល់ពេលនេះ កម្មករដួលសន្លប់ទាំងនោះមានអាការៈធម្មតាខ្លះវិញហើយ ប៉ុន្តែគ្រូពេទ្យមិនទាន់អនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅឡើយ ដោយនៅបន្តតាមដានសុខភាព។ កម្មការិនីដែលស្លាប់នោះមានឈ្មោះ រ៉ន ស្រីនាង អាយុ ១៩ឆ្នាំ មានលំនៅភូមិព្រៃឫស្សី ឃុំជាខ្លាង។
ប្រធានសហជីពកម្ពុជា អ្នកស្រី ញឹម យូអេង ប្រាប់វិទ្យុអាស៊ីសេរីថា ដំបូងឡើយកម្មករដែលស្លាប់នេះ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ បន្ទាប់ពីមានអាការៈទន់ដៃទន់ជើង និងថប់ៗដង្ហើម ប៉ុន្តែមន្ទីរពេទ្យស្រុកហាក់មានការធ្វេសប្រហែសច្រើន លុះមើលទៅស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ ទើបបញ្ជូនទៅពេទ្យខេត្ត៖ «ពេលមើលទៅ គេអត់ដឹងកម្មករហ្នឹងឈឺរោគអី ហើយបងប្អូនគេសុំចេញដែរ ប៉ុន្តែពេទ្យនោះមិនអោយចេញ លុះមើលទៅដូចជាល្ងាច ហើយស្ថានភាពមិនសូវស្រួល ទើបបញ្ជូនទៅពេទ្យខេត្ត ហើយពេទ្យខេត្តគេជួយដែរ តែជួយមិនទាន់»។
រោងចក្រដែលមានកម្មករស្លាប់ និងដួសសន្លប់នេះ គឺមានឈ្មោះថា អរ សម្បតិ្ត ត្រេឌីង ស្ថិតនៅភូមិពោធិចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
កម្មការិនីម្នាក់ដែលបានដួលសន្លប់នោះ រៀបរាប់ថា បរិយាកាសនៅក្នុងរោងចក្រពុំមានផាសុកភាពឡើយ គឺស្អុះស្អាប់ និងមានក្លិនមិនល្អដែលធ្វើអោយពួកគាត់ទន់ដៃទន់ជើងដួលសន្លប់ជាបន្តបន្ទាប់៖ «កង្ហារវានៅឆ្ងាយ មួយថ្ងៃៗបក់មិនដល់ផង ហើយក្ដៅស្អុះសឹងអីហ្នឹង ហើយក្លិនរោងចក្រវារាងធុំដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីខាងភាគីក្រុមហ៊ុនបាននៅឡើយ នៅថ្ងៃទី៦ ខែវិច្ឆិកា។
ប្រធានសហជីពកម្ពុជា អ្នកស្រី ញឹម យូអេង បញ្ជាក់ថា មកទល់ពេលនេះមិនទាន់បានជួបដោះស្រាយជាមួយភាគីក្រុមហ៊ុននៅឡើយ ព្រោះកំពុងរវល់នៅមើលស្ថានភាពរបស់កម្មករនៅមន្ទីរពេទ្យខេត្តព្រៃវែង។
កន្លងមកអង្គការអន្តរជាតិខាងការងារ (ILO) ធ្លាប់បញ្ជាក់ថា មូលហេតុជាច្រើនដែលនាំឲ្យកម្មកររោងចក្រកាត់ដេរដួលសន្លប់នៅពេលធ្វើការនោះ គឺអាចមកពីកម្មករទទួលទានអាហារខ្វះជីវជាតិ មានបញ្ហាចិត្តសាស្ត្រ កម្ដៅឡើងខ្លាំងក្នុងរោងចក្រ ខ្វះខ្យល់ចេញចូល សារជាតិគីមី និងកម្មករធ្វើការថែមម៉ោងច្រើនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។