អ្នកជំងឺកូវីដ-១៩ ចំនួន ២២នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់កើនឡើងដល់ជិត ២ពាន់ ២រយនាក់ហើយ(២.១៧៦)។ ចំពោះករណីឆ្លងថ្មីវិញ មានជាង ៦រយនាក់ (៦៣៨) នៅថ្ងៃដដែលនេះ ក្នុងនោះជាង១រយនាក់(១១៣)ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែននាក់(១០៦.៦១៩) ក្នុងនោះអ្នកជាសះស្បើយមានជិត ១សែននាក់ (៩៩.១៣៤)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៩លាន ៨សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ៦ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងប្រកាសថា ចាក់វ៉ាក់សាំងបានជាង ២លាន ៨សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ៤លាននាក់។
ទោះជាកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនហើយក៏ដោយ ក៏ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ហាក់ស្ថិតនៅកម្រិតខ្ពស់នៅឡើយ។ តួលេខអ្នកឆ្លងថ្មីដែលក្រសួងសុខាភិបាលបានប្រកាសជារៀងរាល់ថ្ងៃ គឺជាង ៦រយនាក់ ហើយអ្នកស្លាប់មានចន្លោះពីជាង ១០ នាក់ទៅជាង ២០ នាក់ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ ការបិទខ្ទប់ភូមិស្រុកដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានជាហូរហែ ទាំងនៅរាជធានីភ្នំពេញ និងខេត្តនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
