ពលរដ្ឋខ្មែរមួយគ្រួសារដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង បានឆ្លងជំងឺកូវីដ-១៩។
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បង្ហោះសារនៅលើទំព័រហ្វេសប៊ុក ឱ្យដឹងថា អ្នកជំងឺនោះ គឺជានារីខ្មែរ អាយុ២៣ឆ្នាំ ដែលរៀបការជាមួយស្វាមីជនជាតិកូរ៉េ និងម្ដាយអាយុ៤៦ឆ្នាំ រួមទាំងកូនប្រុសអាយុទើប៣ខែរបស់នារីនោះផង ត្រូវបានគ្រូពេទ្យប្រទេសកូរ៉េ រកឃើញថា ពួកគេ បានឆ្លង ជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា។ ស្ថានទូតកម្ពុជា បញ្ជាក់ថា ស្ត្រីខ្មែរនេះ បានឆ្លងជំងឺពីប្តីរបស់ ខ្លួនដែលប្តីរូបនោះ ក៏បានឆ្លងតពីក្មួយដែលបានផ្ទុកជំងឺកូវីដ-១៩ ពីទីក្រុងដេវូ (Daegu) ដែលជា តំបន់ឆ្លងខ្លាំង ជាងគេនៅកូរ៉េ។ ប្រភពដដែល បន្តថា ក្រុមគ្រួសារស្ត្រីខ្មែរនេះ រស់នៅក្នុងទីក្រុងប៊ូឆុនដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគេទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យម្យ៉ុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា លោក បានជួបជជែកជាមួយអ្នកជំងឺជនជាតិខ្មែរនោះហើយ កាលពីព្រឹកថ្ងៃទី ២២ ខែមីនា តាមរយៈទូរស័ព្ទពីក្នុងមន្ទីរពេទ្យ ហើយពួកគេ នៅមានសុខភាពធម្មតា។ លោក ឡុង ឌីម៉ង់ សន្យាថា នឹងបន្តតាមដានស្ថានភាពសុខភាពរបស់ពួកគេ ដោយយកចិត្តទុកដាក់ និងផ្ដល់រាល់កិច្ច សហការនានាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កូរ៉េ។
នេះគឺជាករណីទីមួយហើយ ដែលជំងឺកូវីដ១៩កើតលើពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ខណៈពលករ ស្ត្រីរៀបការជាមួយប្តីកូរ៉េ និងនិស្សិតខ្មែររស់នៅប្រទេសមួយនេះ មានប្រមាណជិត ៥ម៉ឺននាក់។
ដោយឡែកក្នុងប្រទេសកម្ពុជាវិញ គិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថែម ៣១នាក់ សរុបចំនួន ៨៤នាក់។ អ្នកជំងឺទាំងនេះ មានពលរដ្ឋខ្មែរ៣៣នាក់ ក្រៅពីនោះគឺជាជនជាតិបរទេស។ រហូតពេលនេះ គ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺពីរនាក់ជាសះស្បើយ គឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។