កាកបាទក្រហមកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងដោយភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ប្រកាសផ្អាកប្រារព្ធមិទ្ទិងថ្នាក់ជាតិ ដើម្បីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទ ក្រហមអឌ្ឍចន្ទក្រហម ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៨ ឧសភា ២០២០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រុងភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៤ ខែមីនា បង្ហាញថា មូលហេតុនៃការផ្អាកនេះ ដោយសារតែការរីករាលនៃជំងឺឆ្លងកូវីដ១៩(Covid-19) ហើយដែលពិភពលោក និងកម្ពុជា កំពុងខិតខំគ្រប់គ្រងផលប៉ះពាល់មកលើសង្គម និងសេដ្ឋកិច្ចជាតិ។ ទោះបីជាយ៉ាងណា កាកបាទក្រហមកម្ពុជា បញ្ជាក់ថា ទោះបីជាគ្មានការប្រារព្ធកម្មវិធីដូចរាល់ឆ្នាំក្តី ក៏ស្ថាប័ននេះ នៅតែបន្តកៀរគរ មូលនិធិ និងស្វាគមន៍ការចូលរួមជាវិភាគទានពីសំណាក់សប្បុរសជនទាំងអស់ ដើម្បីប្រើប្រាស់ធនធានទាំងនោះ សម្រាប់ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
ក្នុងកម្មវិធីប្រារព្ធខួបម្តងៗ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជននានារាប់លានដុល្លារ ជាក់ស្ដែងដូចក្នុងឆ្នាំ២០១៩ គឺទទួលបានជាង២០លាន ៧សែន ៥ម៉ឺនដុល្លារអាមេរិក (២០. ៧៥៧.៥១០)។
ថ្វីដ្បិតតែកាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌ធំបំផុត និងទទួលបានមូលនិធិច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាក្តី ក៏ស្ថាប័នមួយនេះ រងការរិះគន់ថា មិនបានប្រកាន់ខ្ជាប់តាមគោលការណ៍គ្រឹះទាំង៧ចំណុច រួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព និងសកលភាពក្តី របស់ខ្លួនឡើយ។ ពលរដ្ឋរងគ្រោះ និងសង្គមស៊ីវិលមួយចំនួន សង្កេតឃើញថា សកម្មភាពរបស់កាកបាទក្រហមកម្ពុជា កន្លងទៅ មានការយឺតយ៉ាវ មានភាពខ្វះចន្លោះ ក្នុងការចុះចែកអំណោយ និងមានការរើសអើងនយោបាយ។ គេសង្កេតឃើញថា ប្រជាពលរដ្ឋ ដែលរងគ្រោះបាត់បង់ដីធ្លី ពលរដ្ឋក្រីក្រតាមតំបន់ព្រំដែន និងប្រជាពលរដ្ឋរងគ្រោះផ្សេងៗទៀត ដែលមាននិន្នាការគាំទ្របក្សប្រឆាំង ក៏សុទ្ធតែអះអាងជាហូរហែថា ពួកគេ មិនដែលទទួលបានអំណោយពីស្ថាប័នកាកបាទក្រហមគ្រប់គ្រងដោយភរិយាលោក ហ៊ុន សែន នេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។