ករណី​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​បន្ត​កើន​ឡើង​ដល់ ១០០​នាក់ ត្រឹម​ល្ងាច​ថ្ងៃ​ទី២៧ មីនា

ករណី​រក​ឃើញ​អ្នក​ផ្ទុកជំងឺកូវីដ-១៩ នៅ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី២៧ ខែ​មីនា បន្ត​កើន​ឡើង​ដល់ ១០០​នាក់ ហើយ​គិត​មក​ត្រឹម​ម៉ោង​ផ្សាយ នៅ​ព្រឹក​ថ្ងៃទី២៨ ខែ​មីនា នេះ។ តួលេខ​នេះ​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ស្រង់​ទិន្នន័យ​ពិភពលោក ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​កម្ពុជា មិន​ទាន់​ចេញ​លទ្ធផល​ចុង​ក្រោយ​នេះ​នៅ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ដល់​ចន្លោះ​ម៉ោង ៩ ដល់ ១០ ព្រឹក​នេះ ទើប​ចេញ​ផ្សាយ លទ្ធផល​ពីម្សិលមិញ​នោះ។

ទោះ​បី​ប្រព័ន្ធ​ស្រង់​ទិន្នន័យ​ករណី​ជំងឺ​កូវីដ-១៩ អន្តរជាតិ​ចំនួន​ពីរ បាន​បង្ហាញ​ដូចគ្នា​ថា ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា កើន​ឡើង​បន្ថែម ១​ករណី​ទៀត​គម្រប់ ១០០ ករណី​ក៏​ដោយ ការ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​លម្អិត ថា តើ​ជន​ទី១០០ ដែល​ផ្ទុក​ជំងឺ​នេះ ជាខ្មែរ ឬ​ជន​បរទេស​នោះ​ឡើយ ដោយសារ​ក្រសួង​សុខាភិបាល​កម្ពុជា មិន​ទាន់​បាន​ចេញ​ផ្សាយ​លទ្ធផល​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយ​ប្រកាស​ថា ខ្លួន​នឹង​ផ្លាស់ប្ដូរ​ម៉ោង​ផ្សាយ​លទ្ធផល​នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ ទៅ​ព្រឹក​ចន្លោះ​ពី​ម៉ោង ៩ ដល់ ១០ វិញ គឺ​ចាប់​ពី​ពេល​នេះ​តទៅ។

រាល់​ដង​ក្រសួង​សុខាភិបាល ចេញ​ប្រកាស​លទ្ធផល​នេះ រាល់​ពេល​យប់​ជ្រៅ​ជិត​កណ្តាល​អធ្រាត្យ និង​រង​ការ​រិះគន់​ថា ទាល់តែ​គេ​សម្រាន្ត​លក់​អស់ ទើប​បាន​ចេញ​លទ្ធផល​ប្រចាំ​ថ្ងៃ​ឱ្យ​ដឹង។

ទោះបី​ប្រព័ន្ធ​ស្រង់​ទិន្នន័យ​ករណី​ជំងឺ​កូវីដ​-១៩ អន្តរជាតិ​ចំនួន​ពីរ បាន​បង្ហាញ​ដូចគ្នា​ថា ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ មីនា កើន​ឡើង​បន្ថែម ១ ករណី​ទៀត​គម្រប់ ១០០ ករណី​ក៏ដោយ ការ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​លម្អិត ថា តើ​ជន​ទី​១០០ ដែល​ផ្ទុក​ជំងឺ​នេះ ជា​ខ្មែរ ឬ​ជនបរទេស​នោះ​ឡើយ ដោយសារ​ក្រសួងសុខាភិបាល​កម្ពុជា មិនទាន់​បាន​ចេញផ្សាយ​លទ្ធផល​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​ប្រកាស​ថា ខ្លួន​នឹង​ផ្លាស់ប្ដូរ​ម៉ោង​ផ្សាយ​លទ្ធផល​នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ ទៅ​ព្រឹក​ចន្លោះ​ពី​ម៉ោង ៩ ដល់ ១០ វិញ គឺ​ចាប់​ពី​ពេល​នេះ​តទៅ។

រាល់ដង​ក្រសួងសុខាភិបាល ចេញប្រកាស​លទ្ធផល​នេះ រាល់​ពេលយប់​ជ្រៅ​ជិត​កណ្ដាល​អធ្រាត្រ និង​រង​ការ​រិះគន់​ថា ទាល់តែ​គេ​សម្រាន្ត​លក់​អស់ ទើប​បាន​ចេញ​លទ្ធផល​ប្រចាំថ្ងៃ​ឱ្យ​ដឹង​។ ប៉ុន្តែ ក្រសួងសុខាភិបាល​ពន្យល់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន កាលពី​យប់​ម្សិលមិញ ថា​មូល​ហេតុ​ដែល​ត្រូវ​ចេញផ្សាយ​ព័ត៌មាន​រហូតដល់​យប់​ជ្រៅ​បែបនេះ គឺ​ដោយសារ​ក្រសួង​ទទួល​បាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ចន្លោះ​ពី ៨ ទៅ ៩ យប់​ទៅ​ហើយ និង​ត្រូវ​ធ្វើ​ច្រើនដង​ក្នុង​ករណី​ខ្លះ ដើម្បី​បញ្ជាក់​ពី​សុក្រឹតភាព​នៃ​លទ្ធផល ទើប​ត្រូវ​រង់ចាំ​យូរ​រហូតដល់​យប់​ជ្រៅ​បែបនេះ។

ទោះជា​យ៉ាង​នេះ​ក្តី ក្រសួង​សុខាភិបាល ថា ទោះ​យប់​ជ្រៅ​ក៏​ត្រូវ​ចេញ​លទ្ធផល​ឱ្យ​សាធារណជន​ដឹង​ដែរ ដើម្បី​ផ្ដល់​ព័ត៌មាន​ភ្លាមៗ ក្រោយ​ទទួល​បាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ប៉ុន្តែ ចាប់ពី​ថ្ងៃនេះ​តទៅ ក្រសួង​លែង​ជូន​ដំណឹង​អំពី​ករណី​ថ្មី នៃ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅ​ពេល​យប់​ជ្រៅ​ដូច​រាល់ដង​ទៀតហើយ ដោយ​ប្តូរ​មក​ផ្សាយដំណឹង​នៅ​ពេល​ព្រឹក​ពី​ម៉ោង ៩ ទៅ ១០ ព្រឹក នា​ថ្ងៃ​បន្ទាប់​វិញ។

ស្រប​ពេល​ដែល​ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះ កាន់តែ​កើន​ឡើង​រាល់ថ្ងៃ​នៅ​កម្ពុជា អាជ្ញាធរ​សុខាភិបាល​ប្រទេស​ចិន​ឯណោះ ក៏បាន​រក​ឃើញ​ជនជាតិ​ចិន ដែល​ទើប​ធ្វើដំណើរ​ពី​កម្ពុជា មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ បន្ថែមចំនួន ៣ ករណី​ទៀត ចាប់ពី​ថ្ងៃ​ទី១៩ ខែ​មីនា​មក​។ ក្នុងចំណោម​ជនជាតិ​ចិន​ទាំង​បី​នាក់​នេះ មាន​ស្ត្រី​ម្នាក់ វ័យ ២៧ ឆ្នាំ ជា​អ្នក​មកពី​ក្រុង​វូហាន (Wuhan) ខេត្ត​ហ៊ូបេ (Hubei) ដែល​មក​ធ្វើជា​ពលករ​អន្តោប្រវេសន៍​នៅ​កម្ពុជា។

ករណី​ជនជាតិ​ចិន ត្រូវ​បាន​អាជ្ញាធរ​ចិន​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ត្រឡប់​ពី​កម្ពុជា​ទៅដល់​វិញ​ភ្លាម​នេះ ធ្លាប់​មាន ៣ ករណី​ដែរ កាល​ពី​ដើមខែ​កុម្ភៈ។

អាស៊ីសេរី នៅតែ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​នៅឡើយ​ទេ ជុំវិញ​បញ្ហា​នេះ ព្រោះ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​។ បើ​មាន​អ្នក​ទទួល គាត់​និយាយ​ថា រវល់​ខ្លាំង មិន​អាច​ឆ្លើយ​ទូរស័ព្ទ​បាន។

របប​ក្រុងភ្នំពេញ រង​ការរិះគន់​ថា មិន​ព្រម​បិទ​ជើង​យន្តហោះ​ពី​ចិន​មួយ​រយៈ​សិន ដើម្បី​ទប់ទល់​ការ​ការ​ចម្លង​មេរោគ​នេះ​។ ប៉ុន្តែ លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​បិទ​ជើង​យន្តហោះ​ពី​ចិន​ទេ លោក​ថែមទាំង​ធ្វើដំណើរ​ទៅ​ចិន ដោយ​ដឹក​ដៃ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ទៅ​ជួប​ប្រធានាធិបតី​ចិន ក្នុងពេលដែល​ពិភពលោក កំពុង​ជ្រួលច្របល់​រឿង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​នេះ​។ លោក ហ៊ុន សែន ថា​ការសម្រេច​របស់​លោក​រឿង​ចិន​នេះ គឺ​ធ្វើ​ត្រឹមត្រូវ​ដ៏​មហា​អស្ចារ្យ៖ «ខ្ញុំ​ថា​នេះ​មិន​គ្រាន់តែ​ជា​ការ​សម្រេច​ត្រឹមត្រូវ​ទេ គឺ​មហា​ត្រឹមត្រូវ សម្រាប់​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​ចិន​។ សុំ​អ្នក​ទាំងអស់​គ្នា​រង់ចាំ​មើល​នូវ​លទ្ធផល​ចុងក្រោយ តើ​កម្ពុជា​នឹង​សម្រេច​បាន​នូវ​ទំនាក់ទំនង​នេះ​យ៉ាងម៉េច​ ?»។

ជា​លទ្ធផល​លំហូរ​នៃ​ជនជាតិ នៅតែ​ហូរ​ចូល​មក​កម្ពុជា​ជាប្រចាំ​។ បញ្ហា​នេះ​បង្ក​ក្ដី​កង្វល់​ជាច្រើន ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ដែល​កំពង់​ភ័យខ្លាច​នឹង​ជំងឺ​នេះ។

កាលពី​កំពុងតែ​ផ្ទុះ​ការ​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​-១៩ យ៉ាងហោចណាស់​មាន​ជនជាតិ​ចិន ជាង ៣ ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង វូ​ហាន (Wuhan) មក​កម្ពុជា។

ថ្មីៗ​នេះ​ទៀតសោត គឺ​កាលពី​ថ្ងៃទី ២៤ ខែ មីនា ជនជាតិ​ចិន ១៧៤ នាក់​បាន​មកដល់​កម្ពុ​ជា និង​ធ្វើដំណើរ​ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្នុង​គោលបំណង​ស្នាក់នៅ​ទីនោះ​ពីរ​បី​ថ្ងៃ ដើម្បី​ដើរ​កម្សាន្ត​។ ពួកគាត់​ទាំងនេះ មុន​នេះ ធ្វើការ​នៅ​ប្រទេស​ហ្វ៊ីលីពីន។ ប៉ុន្តែ ដោយសារ​រដ្ឋាភិបាល​ហ្វីលីពីន​បិទ​ជើង​ហោះហើរ​ចេញចូល​ប្រទេស​ចិន ហើយ​កម្ពុជា​មិន​បិទ​ជើង​ហោះហើរ​នេះ ទើប​ពួកគាត់​ជិះ​យន្តហោះ​ពី​ទី​នោះ មក​កម្ពុជា ដើម្បី​បន្ត​ដំណើរ​ទៅ​ចិន។

នៅ​ប្រទេស​ហ្វីលីពីន មក​ដល់​ពេល​នេះ ក៏​មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់ ៨០៣​ករណី​ហើយ គិត​មក​ត្រឹម​ពេល​នេះ។

ក្នុងចំណោម​ជនជាតិ​ចិន​ទាំង ១៧៤ នោះ​មាន​ពីរ​នាក់​សង្ស័យ​ថា ផ្ទុក​ជំងឺ​នេះ ដោយសារ​ក្តៅ​ខ្លួន​។ នគរបាល​ខេត្ត​ស្វាយរៀង អះអាង​ថា បាន​ឃាត់ខ្លួន​ពួកគាត់ និង​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ដើម្បី​ពិនិត្យ​រក​ជំងឺ​នេះ​។ សំណាក​វត្ថុ​វិភាគ​របស់​អ្នក​ទាំងនោះ ត្រូវ​បាន​យក​ទៅ​ធ្វើតេស្ត​។ ប៉ុន្តែ​លទ្ធផល​កាលពី​ថ្ងៃទី២៧ ខែ​មីនា បង្ហាញ​ថា ពួកគាត់​គ្មាន​ផ្ទុក​ជំងឺ​នេះ​ទេ​។​

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក កែវ វ៉ាន់​ថន ប្រាប់​អាស៊ីសេរី ថា​ទោះជា​រក​មិន​ឃើញ​ថា អ្នក​ទាំងពីរ មាន​មេរោគ​កូរ៉ូណា​ថ្មី​យ៉ាង​ណាក្តី ក៏​អាជ្ញាធរ​នៅតែ​រក្សា​ពួកគាត់ ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ រយះ​ពេល​១៤ ថ្ងៃ ដើម្បី​តាមដាន​សុខភាព​របស់​ពួកគាត់​បន្ត។

មេរោគ​កូរ៉ូណា​ថ្មី ឬ​កូ​វីដ​-១៩ នេះ ជា​ប្រភេទ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដែល​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ជិត ៦​សែន​នាក់ (584,849) គិត​ត្រឹម​ម៉ោង ២ ទៀបភ្លឺ​នេះ និង​បាន​សម្លាប់​មនុស្ស​ជិត ២​ម៉ឺន ៧​ពាន់​នាក់ (26,864) ហើយ​។ ទោះជា​យ៉ាង​នេះ​ក្តី ៩៥% នៃ​អ្នក​ផ្ទុក​ជំងឺ​នេះ គឺជា​ប្រភេទ​ជំងឺ​ស្រាល ដែល​អាច​ព្យាបាល​ជាសះស្បើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​។ មានតែ ៥% ប៉ុណ្ណោះ​ដែល​ជា​ករណី​ធ្ងន់​។ ជា​រួម​ក្នុងចំណោម​ជិត ៦ សែន​ករណី​នេះ មានតែ​ជាង ២​ម៉ឺន​ករណី​ប៉ុណ្ណោះ (២២,០៨៦) ដែល​ជា​ករណី​ធ្ងន់​។ អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​នេះ មាន​សរុប​ជាង ១​សែន ៣​ម៉ឺន​នាក់​ហើយ​ដែរ (១៣១,៤២៨)។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​នេះ មាន ១១ នាក់​ដែរ ក្នុងចំណោម​អ្នក​ផ្ទុក​ជំងឺ​នេះ​ទាំង ១០០ នាក់​។ អ្នក​ដែល​ជា​សះស្បើយ​ទាំងនេះ មាន ៩ នាក់​ជា​ខ្មែរ ១ នាក់​ជាតិ​ចិន​មកពី​វូហាន (Wuhan) និង​ម្នាក់ទៀត​ជា​ជនជាតិ​អង់គ្លេស ដែល​ធ្វើដំណើរ​តាម​ទូក​ទេសចរណ៍ the Viking Cruise Journey ពី​វៀតណាម។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល មិន​រាប់​បញ្ចូល​ករណី​ជនជាតិ​ស៊ុយអែត​ម្នាក់ ដែល​រក​ឃើញ​ផ្ទុក​មេរោគ​នេះ នៅ​ភ្នំពេញ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​ទៅ​ថៃ ដោយ​មិន​នៅចាំ​លទ្ធផល​តេស្ត។ ដូច្នេះ​តួលេខ​ថ្មី​របស់​ក្រសួង​សុខាភិបាល មិន​ថា កើន​ប៉ុនណា ក៏​នៅតែ​ខ្វះ​ជនជាតិ​ស៊ុយអែត​នេះ​មួយ​ដដែល លើកលែងតែ​ក្រសួង​រាប់​បញ្ចូល​គាត់ ថា​មួយ​ករណី​ដែរ ទោះ​គាត់​មិន​បាន​នៅ​សម្រាក​ព្យាបាល​នៅ​កម្ពុជា​ក៏ដោយ​។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​​ដែរ មាន​មនុស្ស ៣៤០ នាក់ ដែលជា​អ្នក​ប៉ះពាល់​ប្រយោល​ជាមួយ​ទេសចរ​ជនជាតិ​បារាំង នៅ​ខេត្ត​ព្រះសីហនុ កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​សុខភាព រយៈពេល ១៤ ថ្ងៃ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប និង​សំណាក​វត្ថុ​វិភាគ​របស់​មនុស្ស ៧ នាក់ ដែល​ជា​កូន និង​ម្តាយ​ក្មេក​របស់​អ្នក​ឆ្លង​មេរោគ​នេះ នៅ​ភូមិ​សូភី២ សង្កាត់​រតនៈ ខេត្ត​បាត់ដំបង ដែល​ក្រសួងសុខាភិបាល យក​ទៅ​វិភាគ​តាំងពី​ថ្ងៃទី​១៩ ខែ មីនា​នោះ នៅ​មិនទាន់​ចេញ​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។