អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា​​ព្រមាន​ធ្វើ​បាតុកម្ម

ដោយ ហ៊ុំ ចំរើន
2014.12.31
អេដស៍ បាត់ដំបង ៦២០ អ្នក​ភូមិ​នៅ​ស្រុក​សង្កែ នាំ​គ្នា​ធ្វើតេស្ត​ឈាម​រក​​មេរោគ​អេដស៍ (AIDS) នៅ​មណ្ឌល​សុខភាព រកា ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ធ្នូ ២០១៤។
RFA/Hum Chamrouen

ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​​នៅ​ឃុំរកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគេ​មួយ​ចំនួន​​ខឹងសម្បា ហើយ​មាន​គម្រោង​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​​អេដស៍​ឲ្យ​បាន​ច្បាស់​លាស់​​ ព្រម​ទាំង​ប្រាប់​ពី​ចំនួន​​អ្នក​ដែល​ផ្ទុក​មេរោគ​នេះ​ដោយ​ចំហ​ជា​សាធារណៈ​ផង​ ​ដើម្បី​​ឲ្យ​ពួកគេ​អស់​ចិត្ត​រៀងៗ​ខ្លួន។

ក្រុម​ប្រជាពលរដ្ឋ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ដែល​បាន​លាក់បាំង​ព័ត៌មាន​​ ចំនួន​អ្នក​ដែល​ឆ្លង​​អេដស៍​អស់​ជា​ច្រើន​ថ្ងៃ​មក​នេះ។ អ្នក​ភូមិ​បញ្ជាក់​ថា​ ការ​បិទបាំង​ព័ត៌មាន​នេះ​មិន​បាន​ផ្ដល់​ចំណេញ​អ្វី​ដល់​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​រកា​នោះ​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ថ្លែង​ទាំង​ទឹក​ភ្នែក​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា អាជ្ញាធរ​​បក​ស្រាយ​ពី​ការ​ឆ្លង​ជំងឺ​អេដស៍​ដល់​ពួកគេ​កន្លង​មក​មិន​ទាន់​ច្បាស់​​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​បញ្ជាក់​ថា​ ប្រសិន​បើ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​បន្ត​បិទ​បាំង​ព័ត៌មាន​ពី​ចំនួន​អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​ និង​មិន​​បញ្ជាក់​ពី​មូលហេតុ​​ដែល​ឆ្លង​ជំងឺ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ នោះ​ពួកគេ​នឹង​ធ្វើ​បាតុកម្ម​តវ៉ា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «ខ្ញុំ​អស់​អី​ជា​ទី​ពឹង​ទៀត​ហើយ មាន​កូន​តែ​ម្នាក់​​ហ្នឹង រាល់​ថ្ងៃ​នេះ​​មាន​តែ​ប្រពន្ធ​ទេ​ទៅ​ធ្វើ​ការ​ចិញ្ចឹម​គ្រួសារ។ ខ្ញុំ​អាណិត​ប្រព័ន្ធ​ខ្ញុំ​ណាស់ ម្ដាយ​ខ្ញុំ​ស្លាប់​ចោល​អស់​ហើយ​ មក​ជួន​ប្រទះ​ហ្នឹង​ជំងឺ​អ៊ីចឹង​ទៀត។ ប្រសិន​បើ​អាជ្ញាធរ​រក​យុត្តិធម៌​ឲ្យ​អ្នក​ដែល​កើត​ជំងឺ​អេដស៍​នៅ​ភូមិ​រកា ទាំង​អស់​គ្នា​ នោះ​ការ​តវ៉ា​នឹង​មិន​កើត​ឡើយ។ តែ​បើ​រដ្ឋាភិបាល​នៅ​មិន​បង្ហាញ​ពី​ចំនួន​អ្នក​ដែល​កើត​ជំងឺ​នេះ​ទេ​ នោះ​ពួក​ខ្ញុំ​ហ្នឹង​នាំ​គ្នា​ធ្វើ​អ្វី​មួយ​ជា​ពុំ​ខាន។ រឿង​​នេះ​ខ្ញុំ​ក៏​មិន​សុខ​ចិត្ត​ដែរ​ បើ​អាជ្ញាធរ​មិន​បំភ្លឺ​ឲ្យ​ពួក​យើង​ខ្ញុំ​អស់​ចិត្ត​ទេ​ ខ្ញុំ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ហើយ»

​​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខាភិបាល​ ​លោក​ តែង គន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា​ អាជ្ញាធរ​កំពុង​ធ្វើ​ការ​​ស្រាវជ្រាវ​រក​មូល​ហេតុ​ពី​ការ​ឆ្លង​មេរោគ​អេដស៍​នោះ​ហើយ ដោយ​​​​បាន​បញ្ជូន​ឈាម​ដែល​​ឃើញ​មេរោគ​ទៅ​ពិនិត្យ​នៅ​ក្រៅ​ប្រទេស​ រួម​មាន​​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​នៅ​សហរដ្ឋ​អាមេរិក ជាដើម។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​រិះរក​វិធី​អប់រំ​ផ្លូវ​ចិត្ត​រយៈ​ពេល​យូរ​ដល់​អ្នក​ផ្ទុក​មេរោគ​ទាំង​នោះ​ហើយ៖ «កង្វល់​ដែល​ពួក​យើង​ខ្ញុំ​ប្រជុំ​កន្លង​មក​ គឺ​ធ្វើ​យ៉ាង​មិច​ដើម្បី​ជួយ​លើក​កម្ពស់​ស្មារតី​ដល់​ពួកគាត់​ រួម​មាន​ការ​ផ្ដល់​សេវា​ និង​កម្លាំង​ស្មារតី​ដល់​អ្នក​ដែល​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន។ អ៊ីចឹង​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥ នេះ គឺ​យើង​នឹង​ជួយ​ពួកគាត់​ឲ្យ​បាន»

តែ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ពី​លទ្ធផល​អ្នក​ដែក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា នោះ មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក​ យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​គួរ​ជំរុញ​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​ឲ្យ​ច្រើន​បន្ថែម​ទៀត​​ ដើម្បី​កុំ​ឲ្យ​ពួកគាត់​រវើរវាយ​ចំពោះ​បញ្ហា​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នេះ។

យ៉ាង​ណា​លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​អ្នក​ផ្ទុក​មេរោគ​អេដស៍​​​យល់​ថា ​​ការ​ដោះស្រាយ​​របស់​អាជ្ញាធរ​នោះ​មិន​យុត្តិធម៌៖ «ដើម្បី​កុំ​ឲ្យ​ពួកគាត់​បាត់​ទឹក​ចិត្ត​ និង​មាន​មន្ទិល​សង្ស័យ​លើ​រឿង​នេះ​ និង​ដើម្បី​បញ្ចៀស​នៅ​ការ​តវ៉ា​របស់​ពួកគាត់​ត្រូវ​តែ​ដោះ​ស្រាយ​ឲ្យ​ពួកគាត់​ មិន​ដូច្នោះ​ទេ​ នោះ​ការ​តវ៉ា​របស់​ពួកគាត់​អាច​នឹង​កើត​ឡើង​ជា​ពុំ​ខាន។ ហើយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នោះ​ ប្រសិន​បើ​ពុំ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ទេ​ គឺ​មិន​ខុស​ច្បាប់​នោះ​ឡើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ជំទប់​ទី​២ ឃុំ​រកា​ លោក សឿម ឆម​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ លទ្ធផល​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា បាន​កើន​ឡើង​ដល់​ចំនួន ២០៦​នាក់​​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៤ នោះ។ រហូត​មក​ទល់​ពេល​នេះ ​​​ប្រជាពលរដ្ឋ​នៅ​តែ​ទៅ​ធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍​នៅ​​មណ្ឌល​សុខភាព​រកា ជា​បន្តបន្ទាប់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។