ប្រជាពលរដ្ឋប្រមាណជាង ៩០នាក់ ស្ថិតក្នុងភូមិចំនួន៣ នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កើតមានបញ្ហាជំងឺសើស្បែកដោយមិនដឹងមូលហេតុ ដែលមានអាការក្ដៅខ្លួន ចេញកន្ទួលរមាស់ ឈឺចាប់សាច់ដុំ និងឈឺសន្លាក់ដៃជើងជាដើម។
ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវករណីនេះនៅភូមិក្បាលកោះ ភូមិប៉ោយប៉ែត និងភូមិព្រៃគប់ ក្នុងសង្កាត់ប៉ោយប៉ែតកាលពីថ្ងៃទី២០ ខែកក្កដា ឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៩២នាក់ ដែលពួកគេបានពិនិត្យបឋម គឺមិនមានសញ្ញាណា ថាមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ផ្សាយកាលពីថ្ងៃទី២១ កក្កដាឲ្យដឹងថា មន្ទីរគឺត្រូវរង់ចាំលទ្ធផលធ្វើតេស្ដការវិភាគឈាមដោយវិទ្យាស្ថានប៉ាស័្ទរ ឬវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈជាមុនសិន ទើបមន្ទីរសុខាភិបាលខេត្ត និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានជ្រាប់តាមក្រោយ។
ទាក់ទងនិងករណីផ្ទុះជំងឺនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ កាលពីថ្ងៃទី២១ ខែកក្កដាអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រីឱ វណ្ណឌីន ប្រាប់អ្នកសាព័ត៌មានក្នុងស្រុកថា ក្រុមគ្រូពេទ្យកំពុងពិនិត្យមើលលើពលរដ្ឋដែលមានអាការក្ដៅខ្លួន ឡើងកម្ដៅ ចេញស្នាមកន្ទួលរមាស់ ឈឺសន្លាក់ដៃជើង និងឈឺក និងសិក្សានូវហេតុការណ៍បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យច្បាស់លាស់ និងធ្វើការអប់រំសុខភាពដល់ប្រជាពលរដ្ឋអំពីការរស់នៅស្អាត អនាម័យខ្លួនប្រាណ ការហូបចុក និងសម្អាតជុំវិញផ្ទះ ដើម្បីថែរក្សាសុខភាពពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។