ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ី បញ្ជាក់សាជាថ្មីថា ស្ត្រីអាមេរិកវ័យ ៨៣ឆ្នាំ ពីកប៉ាល់ទេសចរ Westerdam ដែលលោក ហ៊ុន សែន អនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុនោះ គឺពិតជាផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ (COVID-19) មែន។ ឥឡូវស្ត្រីរូបនោះ បានជាសះស្បើយពីជំងឺនេះហើយ។ ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅឡើយទេ ព្រោះនៅមានរោគសញ្ញាមួយចំនួនទៀត ដែលត្រូវពិនិត្យតាមដាន សុខភាពជាបន្ត។
អគ្គនាយកផ្នែកសុខាភិបាល របស់ប្រទេសម៉ាឡេស៊ី កាលពីរាត្រីថ្ងៃ សៅរ៍ ទី ២២ ខែ កុម្ភៈ បានប្រកាសបញ្ជាក់អំពីព័ត៌មានបន្ថែម ជុំវិញនីតិវិធី និងបច្ចេកទេសវេជ្ជសាស្ត្ររបស់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ក្នុងការត្រួតពិនិត្យ និងព្យាបាលអ្នកជំងឺ ដែលជាស្ត្រីអ្នកដំណើរម្នាក់មកពីកប៉ាល់ទេសចរ Westerdam និងដែលរកឃើញថា មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកផ្នែកសុខាភិបាលម៉ាឡេស៊ីនេះ ធ្វើឡើងភ្លាមៗ ក្រោយក្រសួងសុខាភិបាលកម្ពុជា ចោទអាជ្ញាធរម៉ាឡេស៊ី ការប្រកាសលទ្ធផលជាបន្តបន្ទាប់របស់អាជ្ញាធរម៉ាឡេស៊ីចំពោះអ្នកផ្ទុកជំងឺកូវីដ-១៩ នេះ ធ្វើឡើងបែបមិនប្រក្រតី ដែលធ្វើឱ្យមានការភ័យខ្លាច និងភ័ន្តច្រឡំសម្រាប់អ្នកដំណើរតាមនាវាវេស្ទើដាម (Westerdam) ទាំងអស់។ ក្រសួងសុខាភិបាលកម្ពុជា នៅតែអះអាងថា ស្ត្រីអាមេរិករូបនោះ គ្មានផ្ទុកជំងឺនេះ តាំងពីដំបូងមកម្ល៉េះ។ ក្រសួងដដែលថា បញ្ហានេះ ក៏ធ្វើឱ្យប៉ះពាល់ លើការកើនឡើងនៃការចំណាយមិនចាំបាច់ និងប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងរបស់ប្រទេស និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរជាដើម។
អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅតែប្រកាន់ជំហរដដែលថា ស្ត្រីរូបនោះពិតជាមានផ្ទុកមេរោគនេះ តាំងពីថ្ងៃទី១៥ ខែកុម្ភៈ មកម្ល៉េះ ពោលគឺនៅថ្ងៃទី១៥ ខែកុម្ភៈ នោះ គឺជាថ្ងៃដែលស្ត្រីនោះ បានធ្វើដំណើរពីកម្ពុជាទៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពេលចូលដល់ព្រលានយន្តហោះ ឧបករណ៍វាស់ស្ទង់កម្តៅខ្លួនអ្នកដំណើរ បានរកឃើញរោគសញ្ញានេះដំបូង រួចហើយស្ត្រីរូបនោះ ក៏ត្រូវបានបញ្ជូនភ្លាម ទៅមន្ទីរពេទ្យ ស៊ុហ្កៃ ប៊ូឡុស (Sungai Boloh) និងដាក់ឱ្យនៅដាច់ពីគេ។ ក្រោយមក តាមរយៈការពិនិត្យតាមបែបវេជ្ជសាស្ត្រ និងការប្រើឧបករណ៍កាំរស្មីអ៊ិច ដើម្បីថតឆ្លុះទ្រូងរបស់គាត់ ក៏រកឃើញថា គាត់មានជំងឺរលាកសួត។ បន្ទាប់មកទៀត សំណាកចំនួនពីរ មួយពីបំពង់ក និងមួយទៀតពីរន្ធច្រមុះ ត្រូវបានយកទៅពិនិត្យ។ សំណាកទាំងពីរនេះ ត្រូវបានធ្វើតេស្តចំនួនពីរលើក នៅវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រ (IMR) និងរកឃើញថាស្ត្រីរូបនេះ ពិតជាមានផ្ទុកមេរោគនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បញ្ជាក់ទៀតថា ភ្លាមៗនោះ គ្រូពេទ្យបានចាប់ផ្តើមព្យាបាលអ្នកជំងឺនេះ ដោយប្រើឱសថទប់ស្កាត់ការរីករាលដាលនៃជំងឺ ពីរមុខរួមគ្នា គឺទីមួយឱសថ ឡូពីណាវៀរ (Lopinavir) និង រីតូណាវៀរ (Ritonavir)។ ឱសថទាំងពីរមុខនេះ ជាឱសថដែលប្រើបញ្ចូលគ្នា ដើម្បីព្យាបាល និងបង្ការជំងឺអេដស៍។
បន្ថែមលើការព្យាបាល ដោយប្រើឱសថទាំងនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបន្តថា គ្រូពេទ្យក៏ដាក់ខ្យល់អុកស៊ីហ្សែនបន្ថែម ឱ្យអ្នកជំងឺផងដែរ។ ៧២ ម៉ោងក្រោយការព្យាបាលនោះ ស្ត្រីរូបនេះ បង្ហាញសញ្ញាណធូរស្បើយ។ ក្រោយមកទៀត មន្ត្រីសុខាភិបាល ក៏បានធ្វើតេស្តពីរសារទៀត ដោយ ២៤ ម៉ោងធ្វើម្ដង។ ការធ្វើតេស្តក្រោយព្យាបាល ទាំងពីរលើកនេះ រកឃើញថា ស្ត្រីរូបនេះ បានជាសះស្បើយពីជំងឺកូវីដ-១៩ នេះ គឺលែងមានជំងឺនេះតទៅទៀត។
ជាចុងក្រោយ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បញ្ជាក់ថា មុននឹងប្រកាសលទ្ធផលថា អ្នកជំងឺលែងមានមេរោគនេះតទៅទៀត ខាងមន្ត្រីវេជ្ជសាស្ត្រ ធ្វើតេស្តម្ដងហើយម្ដងទៀត នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។ជុំវិញការប្រកាសរកឃើញ អ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញ ក៏បានបើកការវាយប្រហារមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី តាមសារបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រព័ន្ធឃោសនារបស់លោក យកមកផ្សាយព្រោងព្រាត។ លោកថាបើជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីវិញ លោកនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយលោកចោទថា ធ្វើការខ្ជីខ្ជា ខ្វះការទទួលខុសត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់ជាតិសាសន៍ ៤១ ប្រទេស។ លោក ហ៊ុន សែន បន្ថែមថា ប្រទេសខ្មែរក្រមែន តែអ្នកដឹកនាំប្រទេសនេះមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌។
ក្រោយមកទៀត លោក ហ៊ុន សែន គឺនៅប៉ុន្មានម៉ោង មុនខាងសុខាភិបាលម៉ាឡេស៊ី ចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺបន្ថែមនេះ លោកបានបង្ហោះសារនៅលើហ្វេសប៊ុកលោក ដោយឱ្យពលរដ្ឋខ្មែរ នាំគ្នាអានអត្ថបទលោក ហ្សង់ ហ្វ្រង់ស័រ តាន់ (Jean-François Tain) ដែលជានាយកវិទ្យុបារាំងអន្តរជាតិ (RFI) ដែលសរសេរស្នើឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សុំទោសកម្ពុជា និងត្រូវចេះចេញមុខសុំទោសទាន់ពេលវេលា បើនៅទីបំផុត បើសិនជាជាក់ច្បាស់មែនថា ស្ត្រីជនជាតិអាមេរិកនៃនាវា Westerdam មិនដែលមានផ្ទុកវីរុសកូរ៉ូណាថ្មី នៅក្នុងរាងកាយសោះឡើយនោះ។

អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ថា អាជ្ញាធរម៉ាឡេស៊ី មានចរិតចាស់ទុំ និងមានក្រមសីលធម៌វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរខ្ពស់ ក្នុងការឆ្លើយតបរឿងនេះ។ លោកថា ផ្ទុយពីលោក ហ៊ុន សែន អាជ្ញាធរម៉ាឡេស៊ី ធ្វើនយោបាយបង្ការជំងឺ មិនមែននយោបាយយកមុខមាត់និងអំណាច ដែលលោក ហ៊ុន សែន បានធ្វើនោះទេ។ លោកបន្តថា ខាងម៉ាឡេស៊ី ធ្វើត្រឹមត្រូវតាមនយោបាយវេជ្ជសាស្ត្រសកល។ ដូច្នេះមានប្រៀបដាច់លើលោក ហ៊ុន សែន។ ទាំងការទូត ក៏នៅតែធ្វើឱ្យម៉ាឡេស៊ី មានមុខគ្របលើមធ្យោបាយយុត្តិមាត់ របស់លោក ហ៊ុន សែនដែរ៖ «មានតែប្រភេទមនុស្សអវិជ្ជា ឬពួកជននិយមគោលដៅមិនស្មោះត្រង់ ជ្រុលក្នុងរឿងអ្វីមួយ ឧទាហរណ៍ដើម្បីតែប្រយោជន៍នយោបាយផ្ទាល់ខ្លួន ទើបអាចនិយាយបន្ទោសប្រទេសម៉ាឡេស៊ីទៅបាន ពីព្រោះតាមខ្ញុំមើលសេចក្ដីថ្លែងការណ៍របស់គេ មានការអះអាងតាមលំដាប់លំដោយនៃសាច់រឿងច្បាស់លាស់ ដោយគេបានធ្វើត្រឹមត្រូវទាំងអស់ ទាំងរបៀបពិនិត្យ គេពិនិត្យច្រើនដង ដើម្បីផ្ទៀងផ្ទាត់ ហើយគេធ្វើយ៉ាងច្បាស់លាស់ក្នុងការកំណត់ពេលតាមដាន និងគេធ្វើតាមបច្ចេកទេសខ្ពស់ជាងប្រទេសកម្ពុជាឆ្ងាយទៅទៀត»។
លោក គឹម សុខ ស្នើឱ្យលោក ហ៊ុន សែន គួរឈប់លេងជាមួយម៉ាឡេស៊ីក្នុងរឿងនេះ ដើម្បីកុំឱ្យគាត់ខ្មាសពិភពលោកកាន់តែខ្លាំង និងចៀសវាងទាញកម្ពុជា ឱ្យធ្លាក់ក្នុងវិបត្តិនៃប្រទេសដែលមានមេដឹកនាំចម្លែក យកឈ្មោះប្រទេសជាល្បែងសម្អាតអំពើខុសរបស់ខ្លួន តទៅទៀត។
លោកថា ពិភពលោក គួរនាំគ្នាអរគុណដល់អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ទៅវិញទេ ដែលបានរកឃើញជំងឺនេះនៅលើស្ត្រីជនជាតិអាមេរិកនោះ តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ដែលការរកឃើញនេះ ធ្វើឱ្យប្រទេសជាច្រើននៅលើពិភពលោក ចាត់វិធានការបង្ការ និងការពារ ទាន់ពេលវេលា ដើម្បីកុំឱ្យជំងឺនេះ កាន់តែរីករាលដាលខ្លាំងថែមទៀត៖ «បើមានការអរគុណប្រទេសម៉ាឡេស៊ី ក៏ជាសីលធម៌មួយសមប្រសើរដែរ នៅពេលដែលប្រទេសម៉ាឡេស៊ី បានធ្វើការយ៉ាងដិតដល់និងតាមជំនាញពិតប្រាកដ ដើម្បីរម្លឹកពិភពលោកអំពីលទ្ធភាពនៃគ្រោះថ្នាក់នៃការឆ្លងជំងឺកូរ៉ូណាពីកប៉ាល់វេស្ទើដាម និងក៏ជួយតម្រង់ក្រុមលោក ហ៊ុន សែន ឱ្យចេះខ្មាសអៀនខ្លះដែរ ហើយក៏ចេះត្រូវរៀនសូត្របែងចែកឱ្យសមទំនងរវាងនយោបាយសុខាភិបាល និងនយោបាយអំណាចបុគ្គលផ្ទាល់ខ្លួន»។
ស្ត្រីអាមេរិកាំងវ័យ ៨៣ នោះ គឺជាអ្នកជំងឺទី ២២ ដែលអាជ្ញាធរម៉ាឡេស៊ី រកឃើញថា មានផ្ទុក ជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវកូរ៉ូណាថ្មី ឬកូវីដ-១៩ នេះ នៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងនោះ មនុស្ស ១៧ នាក់ត្រូវបានព្យាបាល ឱ្យជាសះស្បើយពីជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
