ក្រសួងសុខាភិបាលនៅតែបន្តយុទ្ធនាការបង្ការការឆ្លងរាលដាលជំងឺគ្រុនឈាម នៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល គឺវេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែងថា ក្រសួងកំពុងបង្កើនយុទ្ធនាការបង្ការជំងឺគ្រុនឈាម ដោយបន្ថែមចែកថ្នាំអាបេត (Abate) ១០០តោនថែមទៀត និងបាញ់ថ្នាំសម្លាប់សត្វមូស នៅតំបន់ដែលមានមូសច្រើន។ ជាពិសេស នៅតំបន់ទីប្រជុំជនមានមនុស្សរស់នៅកកកុញច្រើន ដូចជារាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម ដែលប្រឈមការឆ្លងរាលដាលខ្លាំង។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៦ ខែកក្កដាថា ចាប់ពីខែមករា ដល់សប្ដាហ៍ទី២ នៃខែកក្កដានេះ តួលេខអ្នកជំងឺគ្រុនឈាម មានចំនួនជាង ២ម៉ឺននាក់ (២១.១៣០នាក់) ហើយអ្នកស្លាប់មានចំនួន ២៥នាក់។ អ្នកស្រីឱ្យដឹងទៀតថា ខេត្តចំនួន ៩ (គឺខេត្តព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត មណ្ឌលគិរី និងខេត្តក្រចេះ) ដែលជំងឺគ្រុនឈាមមានស្ថានភាពឡើងចុះ ឯខេត្ត ១៦ផ្សេងទៀត បានថយចុះ។
ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍បន្ថែមថា ក្រសួងសុខាភិបាលបន្តផ្សព្វផ្សាយដល់ពលរដ្ឋអំពីវិធីបំបាត់ជម្រកមូសខ្លា ហើយអនុវត្តន៍វិធានការ ដោយបណ្ដុះបណ្ដាលជំនាញបន្ថែមដល់គ្រូពេទ្យ ដើម្បីត្រៀមសម្រាប់ទទួលព្យាបាល និងឆ្លើយតបនឹងជំងឺគ្រុនឈាមនេះ។
ក្រសួងសុខាភិបាលក្រើនរំលឹកដល់ពលរដ្ឋគ្រប់រូប ឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ព្រោះអាចកើតមកលើមនុស្សគ្រប់វ័យ។ ប្រសិនបើសង្ស័យថា កូនចៅឆ្លងជំងឺគ្រុនឈាម ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលបានការពិនិត្យវិនិច្ឆ័យរករោគសញ្ញា និងព្យាបាលបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
