ក្រសួងសុខាភិបាល ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក (Facebook) ចំនួន ១៧ ដែលបាននាំចូលផ្សព្វផ្សាយ និងលក់នូវផលិតផលបំប៉នសុខភាពផ្លូវភេទ និងវីតាមីនជំនួយសុខភាព ដែលក្រសួងរកឃើញថា មិនទាន់ចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ប៉ុន្តែបានផ្សព្វផ្សាយលក់ព្រោងព្រាតតាមប្រព័ន្ធអ៊ីនធឺណិត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែកុម្ភៈ បានបញ្ជាក់ថា ផលិតផលដែលដាក់លក់លើអ៊ីនធឺណិតទាំងនោះ គ្មានអាសយដ្ឋានផលិតច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួង។ ក្រៅពីនេះ ក្រសួងសុខាភិបាល ក៏បានរិះគន់ដល់ម្ចាស់គណនីហ្វេសប៊ុកទាំងនោះ ថា បានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិត។
ផលិតផលដែលក្រសួងរកឃើញថា មិនទាន់ចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតទាំងនេះ មានខ្លះជាប្រភេទឱសថជំនួយដល់ការរួមភេទទាំងបុរស និងស្ត្រី ថ្នាំសម្រកទម្ងន់ វីតាមីនបំប៉នស្បែក អាហារជំនួយដល់សុខភាពភ្នែក និងឱសថជំនួយដល់អវយវៈភេទបុរស និងស្ត្រីជាដើម។
ក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យជឿលើការឃោសនារបស់ម្ចាស់ទំព័រហ្វេសប៊ុកទាំងនេះ ថាអាចធ្វើឱ្យខាតបង់ប្រាក់កាស និងអាចប៉ះពាល់ដល់សុខភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
