សាលារាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យជ្រួលច្របល់នាំគ្នាសម្រុកទិញអ៊ីវ៉ាន់ស្តុកទុកតាមពាក្យចចាមអារ៉ាម ព្រោះនាំឱ្យជនឆ្លៀតឱកាសដំឡើងថ្លៃផលិតផលស្បៀង។ សង្គមស៊ីវិលថា ការដែលពលរដ្ឋសម្រុកទិញអ៊ីវ៉ាន់ស្តុកទុកនេះ គឺជាការត្រៀមខ្លួនល្អមួយ ខណៈពួកគាត់ហាក់ មិនសូវមានទំនុកចិត្តលើក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19)។
សាលារាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យរក្សាភាព ស្ងប់ស្ងាត់ ប្រកបរបចិញ្ចឹមជីវិតដូចប្រក្រតី និងកុំជ្រួលច្របល់តាមពាក្យចចាមអារ៉ាម ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៧ ខែមីនា ឱ្យដឹងថា ការអំពាវនាវនេះ គឺ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឆ្លៀតឱកាសដំឡើងថ្លៃផលិតផលស្បៀង តាមអំពើចិត្ត ខណៈស្បៀងអាហារក្នុងក្រុងភ្នំពេញ ពុំប្រឈមការខ្វះខាតនោះទេ។ អាជ្ញាធរក្រុងភ្នំពេញអះអាងថា បច្ចុប្បន្ននេះ កម្ពុជាពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺកូវីដ-១៩ នៅឡើយទេ ទោះបីជាជំងឺឆ្លងមួយនេះ កំពុងឆ្លងរាតត្បាតស្ទើរពេញពិភពលោកក្ដី។
សេចក្ដីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសាលារាជធានីភ្នំពេញ សង្កេតឃើញថា ប៉ុន្មានថ្ងៃចុង ក្រោយនេះ ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នាំគ្នាសម្រុកទិញទំនិញស្តុកទុក ជាពិសេស ស្បៀង អាហារប្រចាំថ្ងៃ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការដែលប្រជាពលរដ្ឋនាំគ្នាទិញស្បៀងសម្រាប់បម្រុងទុកក្នុងរយៈពេលមានអាសន្ននេះ គឺជា រឿងល្អមួយដែរ ហើយពួកគេរៀនសូត្រតាមប្រជាពលរដ្ឋនៅតាមប្រទេសផ្សេងៗ ដូចជា ប្រទេសកូរ៉េ និងចិនជាដើម ព្រោះក្នុងករណីរដ្ឋាភិបាលបិទទីផ្សារ ឬមានការណែនាំកុំឱ្យពលរដ្ឋចាកចេញពីផ្ទះ គឺ ពួកគាត់មានស្បៀងអាហារគ្រប់គ្រាន់រួចជាស្រេច។ លោកយល់ថា អាជ្ញាធរគួរតែចាត់វិធានការទប់ស្កាត់កុំឱ្យទំនិញទាំងអស់ឡើងថ្លៃ ទើបជារឿងប្រសើរជាង ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ «ប៉ុន្តែយើងឃើញកន្លងមកសូម្បីតែពាក់ព័ន្ធរឿងម៉ាស់ និងទឹកលាងសម្អាតដៃអី គឺឃើញនៅតែថ្លៃដដែល ប៉ុន្តែមិនទាន់ឃើញមានចាត់វិធានការអីសមរម្យនៅឡើយទេ»។
លោក យង់ គិមអេង បន្ថែមថា ការដែលពលរដ្ឋសម្រុកទិញទំនិញ ក៏ដោយសារពួកគេព្រួយបារម្ភ និងនៅមិនសូវមានទំនុកចិត្តលើសមត្ថភាព និងវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស បន្ទាប់ពីមានករណីបុរសជប៉ុនមា្នក់ ដែលចាកចេញពីខេត្តសៀមរាប ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ នៅពេលទៅដល់វាលយន្តហោះក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែមីនា៖ «បុរសជប៉ុននោះធ្លាប់ទៅមន្ទីរពេទ្យនៅកម្ពុជាដែរ តែមានការខ្វះកិច្ចសហការគ្នារវាងមន្ទីរពេទ្យឯកជននិងមន្ទីរពេទ្យរដ្ឋ ដូច្នេះបញ្ហានេះធ្វើឱ្យក្រសួង សុខាភិបាលធ្វើកិច្ចការងារបន្ថែមទៀត ឬកន្លែងដែលខ្វះចន្លោះ ដើម្បីរៀបចំប្រព័ន្ធរាយការណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយបើករណីសង្ស័យត្រូវតែរាយការណ៍ឱ្យប្រញាប់ ព្រោះជាការ វិវឌ្ឍនៃវិស័យសុខាភិបាលរបស់យើងដែរ។ បើមិនមានវិធានការឱ្យបានខ្លាំងក្លាជាអតិបរិមាទេ មិនថា តែពលរដ្ឋទេ ពិភពលោក ក៏គេអាចមានមន្ទិលចំពោះសមត្ថភាពរបស់យើងដែរ»។
ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅតែអំពាវនាវឱ្យពលរដ្ឋជឿទុកចិត្តលើក្រសួងសុខាភិបាល ហើយក្នុងករណីមានការសង្ស័យ ឬរកឃើញអ្នកជំងឺកូវីដ-១៩ គឺក្រសួងនឹងប្រកាសភ្លាមៗ ដោយគ្មានការលាក់បាំងព័ត៌មាននោះទេ។
ទាក់ទងនឹងករណី អ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនរូបនោះចំនួន ៤នាក់ ដែលគេកំពុងដាក់ឱ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប ចាប់តាំងពីល្ងាចថ្ងៃទី៥ ខែមីនា មកដល់ថ្ងៃទី៧ ខែមីនា គឺមិនទាន់មានចេញរោគសញ្ញាអ្វីនៅឡើយទេ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ក្រុស សារ៉ាត់ អះអាងប្រាប់អាស៊ីសេរីយ៉ាងខ្លីថា អ្នកទាំង ៤នោះ នៅមានសុខភាពល្អធម្មតា ហើយលោកបានផ្ដាច់ទូរស័ព្ទទៅវិញ៖ «សុខភាពគាត់ធម្មតា ហើយបើមានការអី សូមឱ្យទាក់ទងនិងសួរនាំទៅខាងអ្នកនាំពាក្យក្រសួងសុខាភិបាល»។
រីឯក្រុមគ្រូពេទ្យក្នុងគ្លីនិកឯកជនមួយក្នុងខេត្តសៀមរាបដែលបានពិនិត្យបុរសជនជាតិជប៉ុនផ្ទាល់កាលពីដំបូងនោះ ខាងក្រសួងសុខាភិបាល មិនទាន់ប្រកាសថា នឹងមានវិធានការដាក់ឱ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកដូចអ្នកប៉ះពាល់ផ្ទាល់មួយចំនួនទៀតនោះទេ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងអ្នកស្រី ឱ វណ្ណឌីន ជាច្រើនលើក តែទូរស័ព្ទរោទ៍ពុំមានអ្នកទទួល។
គិតត្រឹមថ្ងៃទី៧ ខែមីនា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបឡើងដល់ជាង ១០ម៉ឺន ២ពាន់នាក់ (១០២.១៨៨នាក់) នៅលើពិភពលោក ហើយអ្នកស្លាប់ ក៏ឡើងដល់ជិត ៣ពាន់ ៥រយនាក់ (៣.៤៩១នាក់) ហើយ ដែលភាគច្រើននៅប្រទេសចិន។ មេរោគនេះ ក៏កំពុងមានសន្ទុះឆ្លងរាលដាលខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីតាលី ប្រទេសអ៊ីរ៉ង់ ប្រទេសអាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក។ ចំណែកនៅក្នុងប្រទេសក្រីក្រ និងប្រទេសដែលរងការរិះគន់ថា មានប្រព័ន្ធសុខាភិបាលខ្សោយ មិនទាន់ប្រកាសពីការឆ្លងរាលដាលឡើយទេ ដូចជា ប្រទេសកម្ពុជា និងប្រទេសឡាវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។