លោក ផៃ ស៊ីផាន ថា ការ​ដំឡើង​ថ្លៃ​ម៉ាស់​ជា​ការ​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ ហើយ​អាជ្ញាធរ​កំពុង​ចាត់​វិធានការ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់​ទុក​ការ​ដំឡើង​ថ្លៃ​ម៉ាស់ ក្នុងពេលដែល​ពលរដ្ឋ​កំពុង​បារម្ភ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា (Coronavirus) ប្រភេទ​ថ្មី គឺជា​ការចូលរួម សម្លាប់​ពលរដ្ឋ​ខ្មែរ ហើយ​អាជ្ញាធរ​កំពុង​រៀបចំ មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ចាត់វិធានការ​ដោះស្រាយ​រឿង​នេះ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឱ្យ​ដឹង​ថា អាជ្ញាធរ​នឹង​ចុះ​ពិនិត្យមើល​អាជ្ញាប័ណ្ណ ទីតាំង​លក់​ឱសថស្ថាន​ទាំងឡាយ​ណា​ដែល​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ម៉ាស់ ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ភ័យ​ព្រួយ​ការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា (Corona Virus)​ប្រភេទ​ថ្មី។ លោក​ថា ទីតាំង​លក់​ឱសថស្ថាន គឺជា​កន្លែង​មនុស្សធម៌ ចូលរួម​ចំណែក​ជួយ​សុខុមាលភាព​ពលរដ្ឋ ហើយ​ការ​ដំឡើងថ្លៃ​ម៉ាស់ គឺជា​សកម្មភាព​ប្រឆាំង​និង​ជីវិត​មនុស្សជាតិ។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​ពី ការ​នីតិវិធី​អនុវត្ត​ច្បាប់ លើ​ម្ចាស់​ឱសថស្ថាន​ណាខ្លះ​នោះ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​៖ «យើង​មាន​វិធានការ​ត្រឹមត្រូវ​របស់​យើង​។ យើង​នឹង​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល ពិនិត្យមើល​អាជ្ញាប័ណ្ណ​ដែល​ធ្វើ​ពាណិជ​កម្ម​របស់​គេ​ហ្នឹង (​ ឱសថស្ថាន​ ) ហ្នឹង​ជា​វិធានការ​មួយ​ចំនួន​។ ក្រៅ​ពី​នេះ​ខ្ញុំ​មិន​អាច​ប្រាប់​ពី​នីតិវិធី វិធានការ​បន្ត​ទៀត​ទេ។ ការ​លក់​ដំឡើងថ្លៃ​ម៉ាស់ ជា​ការ​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ»។

លោក ផៃ ស៊ីផាន ផ្ដាំ​ឱ្យ​ពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ពាក់ព័ន្ធ ប្រសិនបើ​រក​ឃើញ​ថា មាន​ទីតាំង​ឱសថស្ថាន​ណាមួយ ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ម៉ាស់។

មក​ទល់​ពេល​នេះ​ពលរដ្ឋ​គ្រប់​/​ខេត្ត​ក្រុង​បង្ហាញ​ក្តី​កង្វល់​ខ្លាំង ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ហើយ​ពួកគេ​បាន​សម្រុក​ទិញ​ម៉ាស់ ការពារ​សុវត្ថិភាព​។ ពលរដ្ឋ​ត្អូញ​ថា នៅ​គ្រា​ដែល​ពួកគេ​សម្រុក​ទិញ​ម៉ាស់ មាន​ឱសថស្ថាន​មួយ​ចំនួន​បាន​ដំឡើងថ្លៃ​ម៉ាស់​ទ្វេដង​។ អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​ខ្លះ បាន​បង្ហោះ​ទីតាំង​ឱសថស្ថាន​មួយ​ចំនួន លក់​ម៉ាស់​ដំឡើងថ្លៃ ហើយ​ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​តាម​ច្បាប់។

ពលរដ្ឋ​ក្មេង​ចាស់​ចំនួន​ភាគ​ច្រើន​នៅ​ក្រុង​ភ្នំពេញ នាំ​គ្នា​ពាក់​ម៉ាស់​បង្ការ​ការ​ឆ្លង​មេរោគ កូរ៉ូណា​វីរុស ប្រភេទ​ថ្មី (Coronavirus) ខណៈ​កម្ពុជា​មាន ១ករណី ម៉ាស់​ឡើង​ថ្លៃ​ទ្វេ​ដង។
ពលរដ្ឋ​ក្មេង​ចាស់​ចំនួន​ភាគ​ច្រើន​នៅ​ក្រុង​ភ្នំពេញ នាំ​គ្នា​ពាក់​ម៉ាស់​បង្ការ​ការ​ឆ្លង​មេរោគ កូរ៉ូណា​វីរុស ប្រភេទ​ថ្មី (Coronavirus) ខណៈ​កម្ពុជា​មាន ១ករណី ម៉ាស់​ឡើង​ថ្លៃ​ទ្វេ​ដង។ (រូប៖ ពលរដ្ឋ)

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោក សត បាន ហាក់​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​វិធានការ​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​មាន​ឱសថស្ថាន​មួយ​ចំនួន​បាន​ដំឡើងថ្លៃ​ម៉ាស់ ពុំ​ទាន់​ឃើញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​នៅឡើយ​ទេ​។ លោក​ជឿ​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​អនុវត្ត​ច្បាប់ គ្មាន​អ្វី​ពិបាក​ស៊ើបអង្កេត​នោះ​ទេ ព្រោះ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ បាន​បង្ហោះ​សារ​បង្ហាញ​ទីតាំង និង​ឈ្មោះ​ឱសថស្ថាន​ដែល​ដំឡើងថ្លៃ​ម៉ាស់ បន្ទាប់ពី​ពួកគេ​បាន​ទៅ​ទិញ​មក​ប្រើប្រាស់​ដល់​កន្លែង៖ «ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ហ្នឹង នៅ​មាន​កម្រិត​ទាប​នៅឡើយ ពលរដ្ឋ​មាន​អាសន្ន​អត់​ក្រ​អី ឈ្មួញ​ហ្នឹង​តែងតែ​ឆក់​ឱកាស ឆ្លៀតឱកាស​លក់​តម្លៃ​ថ្លៃ​ខ្ពស់​។ ហេតុ​អី​បាន​មន្ត្រី​រដ្ឋាភិបាល មិន​ចុះ​ធ្វើ​អន្តរាគមន៍​តាម ប៉ាម៉ាស៊ី (​ ឱសថស្ថាន​ ) ទាំងអស់​ហ្នឹង​ឱ្យ​ទាន់​ហេតុការណ៍​ទៅ ពេល​ដែល​ពលរដ្ឋ​រអ៊ូ​ហើយ​ ? ប៉ាម៉ាស៊ី​ហ្នឹង (​ ឱសថស្ថាន ) អត់​ខ្លាច​រាជអាជ្ញា​ទេ​មើល​ទៅ»។

គណៈ​ឱសថការី​កម្ពុជា​ថ្មីៗ​នេះ បាន​អំពាវនាវ​ដល់​ម្ចាស់​ឱសថស្ថាន​ទាំងអស់ កុំ​ឱ្យ​ដំឡើងថ្លៃ​ម៉ាស់ ព្រោះ​ប្រជាជន​កម្ពុជា​កំពុង​មាន​តម្រូវការ​ម៉ាស់​ជា​ការ​ចាំបាច់​។ គណៈ​ឱសថការី​កម្ពុជា ចាត់ទុកថា ការ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ហួសហេតុ​នោះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ និង​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ ឬ​ឱសថស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។