ប្រសិនបើលោកអ្នកនាងរស់នៅ ភូមិកំពង់សេរី និងភូមិ សោយ ឃុំមាន ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ សូមប្រុងប្រយ័ត្ន ព្រោះជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះជាថ្មីនៅតំបន់នេះ។ សេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន ចេញកាលពីថ្ងៃទី២ កក្កដា បានចាត់ឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់មួយចំនួននៅក្នុងតំបន់ដែលផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ ដោយត្រូវបំផ្លាញចោល សត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ដែលមានផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល។ ត្រូវផ្អាកការទិញ លក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលគ្រប់ប្រភេទដែលធ្វើពីសាច់ជ្រូក ក្នុងរង្វង់ ៣គីឡូម៉ែត្រ ពីចំណុចនៃតំបន់ ដែលមានផ្ទុះជំងឺនិងក្នុងរង្វង់ ១០គីឡូម៉ែត្រពីចំណុចដែលមានផ្ទុះជំងឺ ត្រូវដាក់ជាតំបន់ត្រួតពិនិត្យ។
វិធានការមួយទៀតគឺត្រូវផ្អាកជាបណ្ដោះអាសន្នការចិញ្ចឹមសត្វជ្រូកនៅក្នុងតំបន់ដែលមានផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មដ៏ដែលឱ្យដឹងដែរថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ មិនឆ្លង ឬប៉ះពាល់ដល់មនុស្សឡើយ ក៏ប៉ុន្តែជំងឺនេះ អាចបណ្ដាលឱ្យសត្វជ្រូកឈឺ ងាប់ មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយ ដែលបង្កការខាតបង់ថវិកាធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វជ្រូកទាំងនោះ។
មានសត្វជ្រូករាប់លានក្បាលត្រូវបានគេសម្លាប់នៅប្រទេសចិន និងវៀតណាម បន្ទាប់ពីប្រទេសទាំងពីរនេះ បានកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក ជំងឺនេះក៏កំពុងរាតត្បាតដល់ប្រទេសឡាវផងដែរ៕
