ពលរដ្ឋនៅក្រុងប៉ោយប៉ែត ទាមទារក្រុមហ៊ុនអានកូ ឱ្យទទួលខុសត្រូវ ចំពោះផលប៉ះពាល់ពីការផ្ដល់ទឹកមិនស្អាត
2024.07.18
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ទាមទារក្រុមហ៊ុនផ្គត់ផ្គង់ទឹក អានកូ (ANCO) ឱ្យផ្ដល់សំណង និងទទួលខុសត្រូវលើកំហុសបច្ចេកទេសរបស់ខ្លួន ដែលចែកចាយទឹកមិនស្អាតនាំឱ្យប៉ះពាល់ដល់សុខភាព និងជីវភាព ក្រោយប្រើប្រាស់ទឹកកខ្វក់ជិតបីខែមកនេះ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរជំនាញ ត្រួតពិនិត្យលើកិច្ចការនេះ ដើម្បីធានាថាក្រុមហ៊ុនពន្លឿនការដោះស្រាយផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងមានគុណភាព។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត មិនអាចស៊ូទ្រាំនឹងការផ្គត់ផ្គង់ទឹកស្អាត ដែលគ្មានគុណភាព របស់ក្រុមហ៊ុនអានកូ វ៉តធើរ សឹបផ្លាយ (ANCO Water Supply) បានទៀតនោះទេ ដោយសារបញ្ហានេះ បានរំខានដល់ការស់នៅ និងប៉ះពាល់សុខភាពរបស់ពួកគាត់។
ពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក ដេន ដឿត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែកក្កដា ថា មកទល់ពេលនេះ ទឹកស្អាតរបស់ក្រុមហ៊ុន អានកូ នៅតែកខ្វក់ និងមានក្លិនមិនល្អដដែល។ លោក ដេន ដឿត ចង់ឱ្យក្រុមហ៊ុនអានកូ ទទួលខុសត្រូវបញ្ហានេះ ព្រោះក្រុមហ៊ុន បានផ្គត់ផ្គង់ទឹកកខ្វក់ជាង១ខែកន្លងមកហើយ និងធ្វើឱ្យគ្រួសាររបស់លោក មានបញ្ហាសុខភាព ដូចជារមាស់ ក្អកឈឺបំពង់ក និងឈឺពោះ ហើយត្រូវចំណាយប្រាក់ព្យាបាលអស់ជាច្រើន។
លោក ដេន ដឿត៖ «មើលទៅដូចវាប៉ះពាល់ដល់ប្រជាជនច្រើនមែនទែន ទាំងផលប្រយោជន៍ ទាំងសុខភាព ប៉ះពាល់ខ្លាំងមែនទែន។ ចង់ឱ្យអាជ្ញាធរ ប្រព័ន្ធផ្លូវច្បាប់ហ្នឹង រឹតបន្តឹងចំពោះក្រុមហ៊ុនទាំងអស់នៅក្នុងស្រុកខ្មែរ ជួយត្រួតពិនិត្យមើលក្រុមហ៊ុនទាំងអស់ហ្នឹងឱ្យមានទំនួលខុសត្រូវឱ្យខ្ពស់ មានជាសំណងប៉ះប៉ូវដល់បញ្ហាសុខភាពហ្នឹងជាលុយជាកាក់ ព្យាបាលអ្វីដែលខ្លួនឯងបានធ្វើហ្នឹង ឱ្យបានតឹងរ៉ឹងបន្តិច»។
ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុន បានបកស្រាយម្យ៉ាងម្នាក់ ផ្សេងៗពីគ្នា។ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ បានបកស្រាយកាលពីថ្ងៃទី១៦ ខែកក្កដា ថា បញ្ហាទឹកមានក្លិនស្អុយ និងល្អក់នេះ កើតមានឡើងតិចតួចប៉ុណ្ណោះ ហើយមូលហេតុ ដែលធ្វើឱ្យទឹកកខ្វក់នោះ គឺដោយសារការជីកកាយកប់ប្រព័ន្ធលូបង្ហូរទឹក តាមដងផ្លូវធ្វើអោយបែកធ្លាយបំពង់បណ្ដាញទឹកស្អាតជាញឹកញាប់ ដែលនាំឱ្យជ្រាប ភក់ ហូរចូលក្នុងបណ្ដាញចែកចាយ។
ចំណែកក្រុមហ៊ុនអានកូ វ៉តធើរ សឹបផ្លាយ កាលពីថ្ងៃទី១៦ ខែកក្កដា បានចេញសេចក្ដីជូនដំណឹង ថា បញ្ហាផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ដោយសារគ្មានភ្លៀងធ្លាក់ ជាហេតុធ្វើឱ្យប្រភពរក្សាទឹកឆៅ ដែលមានទីតាំងនៅអូរខៃដន (Khay Dorn) ប្រទេសថៃ មានការរីងរាក់ជាច្រើនម៉ែត្រ។ ចំពោះបញ្ហាទឹកមានក្លិន និងកខ្វក់ តំណាងក្រុមហ៊ុន អានកូ បានអះអាងថា ក្រុមបច្ចេកទេសបានធ្វើតេស្តទឹក ដែលចម្រោះរួចហើយ ដើម្បីស្ទង់កម្រិតល្អក់ កំហាប់អាស៊ីត (pH) និងសារធាតុក្លរីន (CL) មុនចែកចាយទឹកស្អាតទៅតាមផ្ទះ។ តំណាងក្រុមហ៊ុន ណែនាំឱ្យពលរដ្ឋត្រូវផ្ដល់ដំណឹងដល់ក្រុមហ៊ុន ដើម្បីចុះពិនិត្យប្រសិនបើទឹកចេញពីក្បាលរ៉ូប៊ីណេ ចេញមកកខ្វក់។
ទោះជាបែបនេះក្ដី ពលរដ្ឋឱ្យដឹងថា បញ្ហាទឹកល្អក់ មានស្លែ និងក្លិនស្អុយនេះ កើតឡើងជាច្រើនឆ្នាំមកហើយ ដោយពលរដ្ឋបានថតបង្ហោះនៅលើបណ្ដាញសង្គម និងរាយការណ៍ទៅក្រុមហ៊ុនជាច្រើនដងមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
បុគ្គលិកធ្វើការនៅកាស៊ីណូក្រោន(Crown) ក្រុងប៉ោយប៉ែត ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន សុំមិនបញ្ចេញឈ្មោះ និងសំឡេង ដោយបារម្ភពីបញ្ហាសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុន អានកូ គ្រុប(ANCO GROUP) របស់ឧកញ៉ា កុក អាន បានទទួលសិទ្ធផ្ដាច់មុខពីរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី នៅក្រុងប៉ោយប៉ែត ទើបធ្វើឱ្យការផ្ដល់សេវាដល់អ្នកប្រើប្រាស់មិនសូវល្អ ដោយសារគ្មានក្រុមហ៊ុនផ្សេង មកប្រកួតប្រជែង។ បុគ្គលិករូបនេះ បន្តទៀតថា ក្នុងមួយឆ្នាំៗ ឧកញ៉ា កុក អាន បានផលចំណេញពីកាផ្គត់ផ្គង់ ទឹក ភ្លើង នៅក្រុងប៉ោយប៉ែត ជាច្រើន ប៉ុន្តែលោកមិនសូវយកប្រាក់ចំណេញទាំងនោះ ទៅអភិវឌ្ឍគុណភាព និងប្រសិទ្ធភាពសេវាកម្មទាំងនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន អានកូ វ៉តធើ សឹបផ្លាយ(ANCO Water Supply) និងប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ លោក ញ៉ិល ប៊ុនធឿន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៨ ខែកក្កដា។
ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវរកកំហុសបច្ចេកទេស និងដាក់ពិន័យចំពោះក្រុមហ៊ុន ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្ម ព្រោះករណីផ្គត់ផ្គង់ទឹកកខ្វក់នេះ ប៉ះពាល់ដល់ការរស់ និងសុខភាពរបស់ពលរដ្ឋជាច្រើនគ្រួសារ។
លោក អ៊ិន គង់ជិត៖ «ប្រជាពលរដ្ឋនៅតែមានសិទ្ធិប្ដឹងទាមទារសំណងពីក្រុមហ៊ុនបានដដែល។ រឿងនេះគឺ ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវទាំងស្រុង ព្រោះក្រុមហ៊ុនបានយកថ្លៃសេវា ពីអ្នកប្រើប្រាស់ ហើយធានាក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ»។
ក្រុមហ៊ុនអានកូ (ANCO GROUP) ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងប៉ោយប៉ែត គឺជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន ដែលជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាឧកញ៉ាដ៏មានឥទ្ធិពលមួយរូប ដែលតែងតែផ្ដល់លុយឱ្យរដ្ឋាភិបាលម្ដងៗ រាប់លានដុល្លារ។ ក្រុមហ៊ុននេះ បានទទួលសិទ្ធិពីរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី កាស៊ីណូ និងរីស្សត នៅតាមក្រុងក្នុងខេត្តជាប់ព្រំដែនមួយចំនួន ដូចជា ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តែយ៉ាងណាក្ដី ជាញឹកញាប់ ក្រុមហ៊ុនមួយនេះ តែងតែទទួលរងការរិះគន់ពីប្រជាពលរដ្ឋថា ផ្គត់ផ្គង់ទឹក និងអគ្គិសនីមិនបានល្អជាដើម។
ពលរដ្ឋស្នើអាជ្ញាធរក្រុងប៉ោយប៉ែត បើកឱកាសឱ្យក្រុមហ៊ុនដទៃទៀត ចូលមកវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី នៅក្រុងប៉ោយប៉ែត ដើម្បីបើកឱ្យមានការប្រកួតប្រជែង ជាជាងបណ្ដោយឱ្យក្រុមហ៊ុនមួយ រកស៊ីផ្ដាច់មុខ និងគិតតែពីប្រាក់ចំណេញ ជាងសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។