ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ មិថុនា បានរកឃើញ អ្នកឆ្លងកូវីដ-១៩ថ្មីមួយករណីទៀតលើបុរសជនជាតិខ្មែរ មានសញ្ជាតិអាមេរិក ស្នាក់នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានថា បុរសជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ-១៩ថ្មីនេះ មានអាយុ ៦៦ឆ្នាំ បានធ្វើដំណើរមកពីប្រទេសអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា និងត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅវិភាគ ហើយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃទី២២ មិថុនា។ បច្ចុប្បន្នបុរសរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកដំណើរដែលបានជិះយន្តហោះជាមួយបុរសរូបនេះ សរុបចំនួន ១១២នាក់ ក្នុងនោះមានជនជាតិខ្មែរ ៨៩នាក់ និងបរទេសចំនួន ២៣នាក់ ត្រូវបានក្រសួងសុខាភិបាលដាក់ឲ្យធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡឺស័កជម្ពូវ័ន១ និងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាពរបស់ពួកគេបន្តទៀត។
គិតត្រឹមថ្ងៃទី២៣ មិថុនា ចំនួនអ្នកផ្ទុកជំងឺកូវីដ-១៩ សរុបទូទាំងប្រទេសកើនដល់ចំនួន ១៣០នាក់ ក្នុងនោះអ្នកជាសះស្បើយ ១២៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន ៣នាក់។
ក្រសួងសុខាភិបាលនៅតែធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ និងត្រូវអនុវត្តអនាម័យដោយត្រូវពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានស្អាតជានិច្ច និងមិនត្រូវប្រមូលផ្តុំនៅទីប្រជុំជន ដែលមានមនុស្សច្រើននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។