មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​លោក​ កែវ ថៃ​ ឆ្លង​​ជំងឺ​​កូវីដ​១៩​​ធ្លាក់​ខ្លួន​​ឈឺ​​នៅ​​ពន្ធនាគារ​​ព្រៃ​ស​

0:00 / 0:00

​ប្រពន្ធ​របស់​​ជន​ជាប់​​ឃុំ​​​រិះគន់​​មន្ត្រី​​ពន្ធនាគារ​ថា​ ​នៅ​តែ​​បន្ត​​ព្យាយាម​បិទបាំង​​ព័ត៌មាន​​អ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ​​នៅ​ក្នុង​​ពន្ធនាគារ។​​

​ប្រពន្ធ​ជន​ជាប់​ឃុំ​នយោបាយលោក កែវ ថៃ គឺ​លោក​ស្រី សំ ចិន្ដា ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​​ទី​១៤ ខែ​មិថុនា ​ថា ​លោក​ស្រី​បាន​ទទួល​ដំណឹង​ពី​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ថា ​ប្ដី​របស់​គាត់​ឆ្លង​ជំងឺ​កូវីដ​១៩​ ហើយ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​​មន្ទីរ​ឃុំឃាំង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​បាន​​ប្រាប់​ពួកគាត់​ឱ្យ​ដឹង​នោះ​ទេ​។ ស្ត្រី​វ័យ ​៥៧ ​ឆ្នាំ​រូប​នេះ​ ព្រួយបារម្ភ​​​ខ្លាច​ប្ដី​​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​​ មិន​មាន​អ្នក​មើល​ថែ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​។ ​លោក​ស្រី​បញ្ជាក់​ថា​ ​លោក​កែវ ថៃ មាន​វ័យ​​កាន់​តែ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ​ ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ធំ ​ប្រសិន​បើ​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ៖ «កាល​ណា​​ឮ​ប្ដី​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​គឺ​ព្រួយបារម្ភ​ខ្លាំង​ ចង​ដឹង​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​ ដល់​អត់​ដឹង​ព័ត៌មាន​អីចឹង​គឺ​ក្រុម​គ្រួសារ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​រួប​គាត់​ ធ្វើ​ឱ្យ​ម៉េច​ឱ្យ​ដឹង​ថា​ គាត់​ឈឺ​របៀប​ម៉េច​ឱ្យ​បាន​ឮ​សំឡេង​មក​គ្រាន់​។ ខ្ញុំ​ចង់​ឱ្យ​មាន​ទំនាក់ទំនង​​តាម​ទូរស័ព្ទ​ក្រុម​គ្រួសារ​​នឹង​ដឹង​ផង​។ ​តែ​ឥលូវ​​បើ​លាក់​ជិត​អីចឹង​ឱ្យ​ក្រុម​គ្រួសារ​នឹង​ពិបាក​រីងរៃ​ប្ដី​នៅ​ក្នុង​​ពន្ធនាគារ​នឹង​មិន​ដឹង​សុខ​ភាព​ទ្រុឌទ្រោម​យ៉ាង​ម៉េច​អត់​ដឹង​សោះ​ »

​លោក​ស្រី​​មិន​បាន​ចូល​សួរ​ទុក្ខ​ប្ដី​របស់​គាត់​អស់​រយៈ​ពេល​ជាង​ ៣ ខែ​មក​ហើយ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩។ ដូច្នេះ​លោក​ស្រី ​ស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​អនុញ្ញាត​​ឱ្យ​​​ពួកគាត់​បាន​ទូរស័ព្ទ​ជា​មួយ​ប្ដី​​ដើម្បី​សួរ​សុខ​ទុក្ខ​និង​ដឹង​អំពី​ស្ថានភាព​រស់​នៅ​​។ បន្ថែម​ពី​នេះ​លោក​ស្រី​ ក៏​អំពាវនាវ​សុំ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​​នៅ​ក្រៅ​ឃុំ​ជា​បន្ទាន់​ដែរ​។ ការ​ស្នើ​សុំ​នេះ​​​ក្រោយ​ពេល​លោក​ស្រី​ឃើញ​ជន​ជាប់​ឃុំ​ចំនួន ​៣ នាក់​​បាន​ស្លាប់ ​ដោយសារ​ឆ្លង​ជំងឺ​កូវីដ​១៩​ គឺ​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ និង​ពីរ​នាក់​ទៀត​នៅ​ពន្ធនាគារ​ព្រៃស ផ្នែក​បុរស (ម​១)។

អ្នកទោស​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ព្រៃស​ចុងក្រោយ​នេះ គឺជា​អតីត​មេដឹកនាំ​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​(CFF) លោក រីឆាដ គិរី គីម អាយុ​៧២ ឆ្នាំ​។ លោក​បាន​​ស្លាប់​​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​មិថុនា ខណៈ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​។

ទាក់​ទង​​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​លោក នុត សវនា​ ប្រាប់​អាស៊ី​សេរី​ថា​ លោក​ កែវ ថៃ និង​ជន​ជាប់​ឃុំ​នយោបាយ​ ព្រម​ទាំង​សកម្មជន​​សង្គម​ទាំង​អស់ បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​វិញ​ហើយ​។ ​បន្ថែម​ពី​នេះ​លោក​ថា បច្ចុប្បន្ន​មាន​ជន​ជាប់​ឃុំ​ប្រមាណ​ ៣ ​នាក់​ប៉ុណ្ណោះ​ ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ។​ ចំណែក​ការ​ដែល​សាច់ញាតិ​ស្នើ​សុំ​​ទូរស័ព្ទ​ទាក់​ទង​ជា​មួយ​ជន​ជាប់​ឃុំ​នោះ​ លោក​ថា ​បញ្ហា​នេះ​​សាច់​ញាតិ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​​ក្រសួង​មហា​ផ្ទៃ​ដោយ​ខ្លួន​ឯង​​បាន​៖ «ហើយ​សម្ដេច​លោក​នឹង​ចារ​ឱ្យ​សមត្ថកិច្ច​មាន​យោបល់​ ឬ​ យ៉ាង​ណា​ខ្ញុំ​អត់​ដឹង​ទេ​។ ​ព្រោះ​អា​នេះ​ វា​ជា​គោលការណ៍​ពិសេស​ដែល​យើង​កំពុង​តែ​អនុវត្ត​ តែ​លោក​អគ្គនាយក​លោក​បាន​ស្នើ​ជា​គោលការណ៍​ដើម្បី​ប្ដូរ​ប្រព័ន្ធ​ទូរស័ព្ទ​ ដែល​វា​មាន​បញ្ហា​ពី​មុន​មក​ហ្នឹង​។​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​​ដែល​រាជធានី​ខេត្ត​ទាំង​ជាង​១០​កន្លែង​ដោយសារ​ប្រព័ន្ធ​ហ្នឹង​វា​ចាស់​ »។

អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញលោក តាំង ស៊ុន​ឡាយ ​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ស្នើ​​ឱ្យ​ដោះលែង​ជន​ជាប់​ឃុំ​​នយោបាយ​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​។

​ជុំ​វិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc)​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ ស៊ឹង សែន​ករុណា ​មាន​ប្រសាសន៍​ថា ​មន្ត្រី​ពន្ធនាគារ​គួរតែ​​អនុញ្ញាត​ឱ្យ​សាច់ញាតិ​បាន​ទូរស័ព្ទ​ជា​មួយ​​ជន​ជាប់​ឃុំ​ ដើម្បី​សួរ​សុខ​អំពី​ស្ថានភាព​​របស់​​ប្ដី​ពួកគាត់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង។ លោក ស៊ឹង សែន​ករុណា ​យល់​ថា ​រឿង​នេះ​​តុលាការ​គួរតែ​ដោះលែង​ជន​ជាប់​ឃុំ​​​នយោបាយ​និង​សកម្មជន​សង្គម​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ដើម្បី​​​​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ និង​ងាយ​ស្រួល​​​ដល់​សាច់ញាតិ​​​​នៅ​មើល​ថែ៖ «ហើយ​ចំណុច​ទាំង​អស់​នេះ​លទ្ធភាព​ផ្លូវ​ច្បាប់​យើង​ក៏​អាច​ធ្វើ​ទៅ​បាន​ ហើយ​យើង​ឃើញ​ថា​ បណ្ដា​ប្រទេស​គេ​ផ្សេងៗ​គេ​គិត​គួរ​យក​ចិត្ត​ទុកដាក់ ចំពោះ​បញ្ហា​សុខភាព​អ្នក​ទោស​។​ មួយ​ទៀត​នោះ ការ​ដោះលែង​ពួកគាត់​ទាំង​អស់​ហ្នឹង​មិន​មែន​ប្រាកដ​ថា ​ពួកគាត់​សុទ្ធតែ​រួច​ទោស​ទាំង​អស់​ឯណា​។​ ដំណើរ​ការ​នីតិវិធី​អី​ទាំង​អស់​ហ្នឹង​គឺ​​នៅ​តែ​​បន្ត​ដំណើរ​ការ​ផ្លូវ​ច្បាប់​ក្នុង​តុលាការ​នៅ​ឡើយ​ទេ​។​អីចឹង​ ខ្ញុំ​គិត​ថា​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​ពិចារណា​រឿង​ហ្នឹង​ឡើង​វិញ​ ជៀសវាង​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ដល់​ពួកគាត់​ហើយ​យើង​រក​មធ្យោបាយ​ដោះស្រាយ​អត់​ចេញ​ហើយ​​ទទួល​រង​ការ​រិះគន់​ »

​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ជារឿយៗ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នក​ជាប់ឃុំ​ទាក់ទង​នឹង​បទល្មើស​ស្រាលៗ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​​ពុំ​មាន​ដំណោះ​ស្តាយ​នោះ​ឡើយ​។ ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​នយោបាយ​មួយ​ចំនួន​​ខឹង​សម្បារ​​ ហើយ​​​បាន​នាំគ្នា​ចេញ​តវ៉ា​ជាថ្មី និង​​ស្វែង​រក​កិច្ច​អន្តរាគមន៍​​ទៅ​ការិយាល័យ​អង្គការសហប្រជាជាតិ និង​ស្ថានទូត​ប្រទេស​សេរី​ធំៗ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ទៅ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ឡើងវិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។