មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យបរិភោគត្រីក្រពត ព្រោះត្រីប្រភេទនេះមួយចំនួនមានសារធាតុពុល ដែលអាចបណ្ដាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតបាន។ ការស្នើនេះបន្ទាប់ពី កើតមានករណីពុលត្រីក្រពតមួយដែលបានកើតឡើងនៅក្នុងខេត្តនេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ដែលបណ្ដាលឱ្យស្ត្រីម្នាក់ជាម្ដាយបានស្លាប់ និងក្មេងចំនួន ៣នាក់ផ្សេងទៀតមានអាការពុល ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេល និងបានត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក វេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា បានឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៩ ខែកុម្ភៈថា ករណីពុលត្រីក្រពតនេះ ជាលើកទីបីហើយដែលបានកើតឡើងនៅក្នុងខេត្តរបស់លោក នាពេលថ្មីៗនេះ។ លោកឱ្យដឹងថា ពលរដ្ឋនៅក្នុងខេត្ត ដែលប្រកបមុខរបរនេសាទ ច្រើនយកត្រីក្រពតដែលនេសាទបាន ទៅបរិភោគដោយមិនបានស្គាល់ពីប្រភេទត្រីក្រពតច្បាស់លាស់៖ «ខ្ញុំទៅដល់កន្លែងបឹងហ្នឹងហើយ គឺថា បង់មួយសំណាញ់មកបានច្រើន ក្រពតហ្នឹង ពេលយើងសាកសួរគាត់ទៅ គាត់ថាទម្លាប់គាត់ធ្លាប់ហូបតាំងពីដើមមកអត់អី ហើយខ្ញុំសួរថា ម៉េចបានថាអត់អី ? គាត់ថា ត្រីក្រពតហ្នឹងឆ្ងាញ់ជាងគេ គឺសាច់នៅត្រង់កន្ទុយហ្នឹងតែម្ដង អញ្ចឹងហើយបានគាត់ចេះតែសាក។ អ្នកដែលស្លាប់ភាគច្រើន បើប្រុសៗ លើកមុន ដែលស្លាប់ ដោយសារក្លែមក្រពតជាមួយនឹងស្រា។ អាហ្នឹង! ដើរមួយយប់អត់ទាន់ទេ គឺស្លាប់»។
លោក វេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ឱ្យដឹងបន្ថែមថា កន្លងមកមន្ត្រីសុខាភិបាលខេត្ត តែចុះផ្សព្វផ្សាយអប់រំពលរដ្ឋ ឱ្យបានយល់ដឹង និងបញ្ឈប់ការបរិភោគត្រីក្រពតជាបន្តទៀត ដើម្បីចៀសវាងការពុលរហូតដល់បាត់បង់អាយុជីវិត។ លោកវេជ្ជបណ្ឌិតក៏ស្នើដល់ពលរដ្ឋ ដែលបានបរិភោគត្រីក្រពតហើយ មានអាការៈ ស្ពឹកមាត់ ថប់ដង្ហើម និងញ័រដៃ ញ័រជើង ត្រូវប្រញាប់ស្វែងរកសេវាព្យាបាលជាបន្ទាន់។
ការស្រាវជ្រាវរបស់ក្រសួងសុខាភិបាល រកឃើញថា នៅកម្ពុជាមានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន ៣ប្រភេទ ដែលមានជាតិពុល។ ការស្រាវជ្រាវដដែលបង្ហាញថា ត្រីក្រពតដែលពុលខ្លាំងបំផុត គឺនៅរដូវពងកូនបន្តពូជ នៅក្នុងខែកុម្ភៈ មីនា និងចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា។ សារជាតិពុល របស់ត្រីក្រពត មាននៅលើថ្លើម ពោះវៀន ស្បែក និងសាច់ ប៉ុន្តែសារជាតិពុលដែលខ្លាំងបំផុត របស់ត្រីក្រពត គឺស្ថិតនៅត្រង់ ពងត្រីក្រពត និងស្ពែម (sperm) របស់វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
