ប្រទេសកម្ពុជានៅថ្ងៃទី៨ ខែកក្កដា ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទភីហ្វៃហ្ស៊ើរ៍ (Pfizer) ជាជំនួយមកពីប្រទេសអូស្ត្រាលីចំនួនជិត ២០ម៉ឺនដូស (១៩៦.៨០០) ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កាំង (Pablo Kang) បានប្រគល់វ៉ាក់សាំងកូវីដ១៩ នេះ ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សម្រាប់ចាក់ឱ្យកុមារកម្ពុជាអាយុពី ៥ ទៅ ១១ឆ្នាំ។ ស្ថានទូតអូស្ត្រាលី បង្ហោះសារថា អូស្ត្រាលីនៅតែប្ដេជ្ញាធ្វើការជាមួយកម្ពុជា ក្នុងនាមជាមិត្ត និងដៃគូដ៏យូរអង្វែង ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩។
ដោយឡែក លោក ម៉ម ប៊ុនហេង លើកឡើងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងថា កន្លងមកប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងពីការបញ្ជាទិញ និងជំនួយផ្សេងៗ សរុបចំនួន ៥៣លានដូស ហើយបច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងក្នុងស្ដុកប្រមាណ ៨លានដូស។ នេះគឺជាលើកទីពីរហើយ ដែលប្រទេសកម្ពុជាទទួលបានជំនួយវ៉ាក់សាំងពីប្រទេសអូស្ត្រាលីដោយកន្លងមកប្រទេសអូស្ដ្រាលី ក៏បានផ្ដល់វ៉ាក់សាំងកូវីដ១៩ Pfizer-BioNtech ២,៣៥លានដូស ទូបង្កកត្រជាក់ ១៣៣គ្រឿង និងបរិក្ខារចាំបាច់ផ្សេងៗ ទៀតផងដែរ។
ឱសថការីខ្មែរ-អូស្ត្រាលី លោក លីម សួរ សាទរចំពោះប្រទេសកម្ពុជាដែលទទួលបានជំនួយវ៉ាក់សាំងពីប្រទេសអូស្ត្រាលី។ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ លោក លីម សួរ ជំរុញដល់ប្រជាជនទូទៅបន្តចាក់វ៉ាក់សាំងដូសជំរុញបន្ថែមដើម្បីការពារការឆ្លងរាលដាលក្នុងសហគមន៍។ លោកបានបន្ថែមថា កន្លងមកបើទោះជាការចាក់វ៉ាក់សាំងប្រភេទខុសគ្នាក្ដី ប៉ុន្តែប្រសិទ្ធភាពក្នុងការការពារមានច្រើនជាងមិនចាក់ដូសជំរុញ ហើយវ៉ាក់សាំងមិនប្រឆាំងគ្នានោះទេ៖ «ហើយប្រព័ន្ធការពារក៏បង្កើតលទ្ធភាពច្រើនដែរ ជួនកើនច្រើនជាងមុនទៀតផង អាហ្នឹងតាមការសិក្សាកន្លងមក ម្ល៉ោះហើយការចាក់ច្របូកច្របល់អត់មានបញ្ហាអីទេ»។
ក្រសួងសុខាភិបាលបានបង្ហាញថា កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ សរុប ១៣ម៉ឺនករណី (១៣៦,៣២៦ករណី) ស្លាប់ចំនួនជាង ៣ពាន់នាក់ (៣,០៥៦នាក់) ។ ដោយឡែកក្នុងថ្ងៃទី៨ កក្កដា មានករណីឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង (Omicron) ១២ករណី។ ទាក់ទងនឹងការចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី៦ ខែកក្កដា កម្ពុជាចាក់បានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះចាក់លើកុមារអាយុចាប់ពី ៣ឆ្នាំឡើង រហូតដល់យុវវ័យ។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ១០លាននាក់។ ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់ ខណៈដូសជំរុញទី៥ បានជាង ៣៤ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។