មន្ត្រី​ការ​បរទេស​កម្ពុជា អះអាង​ថា មិន​ទាន់​បាន​ការ​បំភ្លឺ​ពី​ខាង​ម៉ាឡេស៊ី​នៅ​ឡើយ​ ជុំវិញ​ការ​កោះ​ហៅ​មន្ត្រី​ទូត​ម៉ាឡេស៊ី ឲ្យ​មក​បំភ្លឺ​រឿង​មេរោគ​កូរ៉ូណា​ថ្មី

0:00 / 0:00

មន្ត្រី​ការ​បរទេស ​មិន​ទាន់​ទទួល​បាន​ការ​បំភ្លឺ​យ៉ាង​ណា​ ពី​ខាង​ប្រទេស ម៉ាឡេស៊ី​នៅ​ឡើយ​ទេ​​ ក្រោយ​ក្រសួង​បាន​​កោះហៅ​មន្ត្រី​ទូត​ម៉ាឡេស៊ី ឲ្យ​ចូល​មក​បំភ្លឺ​តាំង​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ជុំវិញ​ការណ៍ ចំពោះ​​លទ្ធផល ដែល​អាជ្ញាធរ​ម៉ាឡេស៊ី រក​ឃើញ​ស្រ្តី​ជន​ជាតិ​អាមេរិក​វ័យ ៨៣ឆ្នាំ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី ឬ​កូវីដ-១៩ (COVID-19) នោះ។

រយៈពេល ៩ ថ្ងៃ បាន​កន្លង​ផុត​ទៅ​ហើយ នៅ​ឡើយ​តែ​លទ្ធផល នៃ​ជំនួប​វាង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​លោក ប្រាក់​ សុខុន និង​ឯកអគ្គរាជទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​លោក អែលឌីន ហ៊ូសៃនី មហាម៉ាត់ ហាស់ហ្ស៊ីម (Eldeen Husaini Mohd Hashim) ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់​ឲ្យ​កោះហៅ​មក​ចូល​បំភ្លឺ​ភ្លាមៗ ជុំវិញ​ការណ៍​នៅ​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត រឿង​ដែល​អាជ្ញាធរ​ម៉ាឡេស៊ី រក​ឃើញ​មេរោគ​កូរ៉ូណា​ថ្មី លើ​ស្ត្រី​អាមេរិក​នោះ ស្រប​ពេល​ដែល​ខាង​អាជ្ញាធរ​កម្ពុជា រក​មិន​ឃើញ​មេរោគ​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក កុយ គួង ប្រាប់​អាស៊ី​សេរី តាម​ប្រព័ន្ធ​តេឡេក្រាម កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា​ថា រហូត​មក​ដល់​ពេល​នេះ ខាង​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​​នៅ​ឡើយ​ទេ ពី​ខាង​ភាគី​ម៉ាឡេស៊ី។ ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អាស៊ី​សេរី ដែល​សួរ​ថា តើ​ខាង​ប្រទេស​ម៉ាឡេស៊ី គេ​សន្យា​ថា​នឹង​ផ្ដល់​ចម្លើយ​នោះ មក​កម្ពុជា​នៅ​ពេលណា លោក កុយ គួង​ ថា​"មិន​បាន​ដឹង​ដែរ"។

ការ​កោះ​ហៅ​ឯក​អគ្គរាជទូត​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ អំពី​ការ​នៅ​តែ​មិន​សុខចិត្ត​របស់​កម្ពុជា រឿង​ម៉ាឡេស៊ី ដែល​រក​ឃើញ​អ្នក​ដំណើរ​ដែល​ចុះ​ពី​លើ​កប៉ាល់​ទេសចរ វ៉េស្ទើរដាម (Westerdam) មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ នេះ៖ «កោះហៅ​អគ្គរដ្ឋទូត​ម៉ាឡេស៊ី ទៅ​ធ្វើ​ការ​បំភ្លឺ​លើ​រឿង​នេះ ព្រោះ​ឥឡូវ​មួយ​កប៉ាល់​ទាំងអស់ អត់​មាន​នរណា​មាន​ជំងឺ​ហ្នឹង​សោះ។ តើ​ជំងឺ​នេះ វា​កើត​ពី​កម្ពុជា​ទៅ ឬ​ទៅដល់​ម៉ាឡេស៊ី​បាន​វា​កើត

តប​តាម​ការ​កោះហៅ​បន្ទាន់​នេះ តំណាង​ទូត​ម៉ាឡេស៊ី បាន​ចូល​ទៅ​ជួប​រដ្ឋមន្រ្តី​ការ​បរទេស​លោក ប្រាក់​ សុខុន កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ប៉ុន្តែ​ក្រោយ​ជំនួប​នោះ ក្រសួង​ការ​បរទេស​កម្ពុជា គ្មាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ឬ​សេចក្ដី​ថ្លែង​ការណ៍​អ្វី​មួយ អំពី​លទ្ធផល​នៃ​ការ​ជួប​នេះ នោះ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក កុយ គួង ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ពោល​គឺ​ពីរ​ថ្ងៃ​ក្រោយ​ជំនួប​នោះ លោក​ថា មិន​ទាន់​បាន​ចម្លើយ​បែប​ណា​នៅ​ឡើយ​ទេ ក្នុង​រឿង​នេះ ព្រោះ​ខាង​តំណាង​ស្ថានទូត​ម៉ាឡេស៊ី ត្រូវ​ការ​សុំ​យោបល់​ពី​ថ្នាក់​បន្ត​ទៀត៖ «ទូត​ក៏​បាន​ទទួល​ចម្ងល់​ពី​ខាង​កម្ពុជា ហើយ​គាត់​ហ្នឹង​ថា នឹង​ពាំ​នាំ​យក​ចម្ងល់​ហ្នឹង ជូន​ទៅ​ថ្នាក់​លើ​របស់​គាត់ »

ក្រោយ​គ្មាន​ឃើញ​លទ្ធផល​ផ្លូវការ​នៃ​ជំនួប​នេះ អ្នក​វិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ដែល​ហ៊ាន​និយាយ​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​ដែល​កំពុង​រស់នៅ​និទ្ទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់​ថា ការ​មិន​ប្រកាស​លទ្ធផល អំពី​ជំនួប​កម្រិត​ការ​ទូត​បែប​នោះ គឺជា​បរាជ័យ​ផ្ទួនៗ ជា​លើក​ទី​បួន​ របស់​លោក ហ៊ុន សែន ក្នុង​ការ​ព្យាយាម​បំភាន់​មតិ​សាធារណជន អំពី​ការ​ថ្លោះធ្លោយ​របស់​លោក ក្នុង​ការ​ទទួលយក​កប៉ាល់​ទេសចរ វ៉េស្ទើដាម (Westerdam) ដែល​អ្នកដំណើរ​ម្នាក់​ មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដ៏​កាច​សាហាវ​នេះ។

លោក គឹម សុខ ថា ការ​ធ្វើ​ជា​កោះហៅ​ឱ្យ​តំណាង​ទូត​របស់​ប្រទេស​ម៉ាឡេស៊ី ទៅ​ជួប​នេះ គឺ​ធ្វើ​គ្រាន់តែ​បង្គ្រប់​កិច្ច​ ដើម្បី​លុបលាង​​ការ​និយាយ​ជ្រុល​ហួស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ​។ លោក​ថា វា​គ្រាន់តែ​ជា​រូបភាព ដែល​ជួប​និយាយ​ពាក្យ​គួរសម បែប​ការទូត ហើយ​គ្មាន​ខ្លឹមសារ​អ្វី ដែល​របប​ក្រុង​ភ្នំពេញ អាច​ស្រង់​យក​ទៅ​ធ្វើជា​សេចក្ដី​ថ្លែងការណ៍​អួត​កើត​នោះ​ទេ​។

អាស៊ី​សេរី នៅតែ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​មន្ត្រី​ស្ថានទូត​ប្រទេស​​ម៉ាឡេស៊ី​ ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

លោក គឹម សុខ ថ្មីៗនេះ ព្រមាន​ថា បើ​លោក ហ៊ុន សែន នៅតែ​មិន​បញ្ឈប់​ការប៉ុនប៉ង យក​ប្រទេស​ម៉ាឡេស៊ី​ជា​ចំណុច​ស៊ីប ដើម្បី​លុបលាង​ភាព​អាម៉ាស់​របស់​ខ្លួន​ទេ នោះ​លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ជា​លើក​ទី​៥ ជុំវិញ​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (COVID-19) នេះ​ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។