ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ បានលុបចោលការហាមឃាត់អ្នកដំណើរឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិកដែលមានផ្ទុះករណីមេរោគកូវីដ១៩បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron)។ ប្រទេសទាំង១០នោះ រួមមាន ប្រទេសអាហ្រ្វិកខាងត្បូង (South Africa) ហ្ស៊ីមបាវ៉េ (Zimbabwe) អង់ហ្គោឡា (Angola) ម៉ូហ្សំប៊ិក (Mozambique) និងប្រទេសមួយចំនួនទៀត។
កាលពី៧ថ្ងៃមុន គឺនៅថ្ងៃទី២៩ ខែ វិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់អ្នកដំណើរឬអ្នកដែលឆ្លងកាត់ប្រទេសទាំង ១០ នៅទ្វីបអាហ្រ្វិក ដោយក្រសួងអះអាងថា ព្រួយបារម្ភអំពីស្ថានភាពរីករាលដាលនៃមេរោគបំប្លែងថ្មីនេះ។
ប្រទេសជាច្រើននៅលើពិភពលោករួមទាំងសហដ្ឋអាមេរិក (US) អង់គ្លេស (UK) និងសហភាពអឺរ៉ុប(EU) បានចេញបម្រាមដូចគ្នានេះដែរ។ ក្រោយបម្រាមនេះគិតមកត្រឹមថ្ងៃទី៤ ខែធ្នូ មេរោគថ្មីនេះ បានឆ្លងរាតត្បាតដល់ប្រទេសជិត ៤០ ទៅហើយ ទាំងនៅទ្វីបអាស៊ី អាមេរិក និងអឺរ៉ុប។
រហូតមកដល់ពេលនេះកម្ពុជាឈានមុខគេក្នុងការដកបម្រាមធ្វើដំណើរពីប្រទេសនៅទ្វីបអាហ្រ្វិកនេះ។ កម្ពុជាសម្រេចដាក់ជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែមចំពោះអ្នកដំណើរពីប្រទេសទាំងនោះតាមរយៈការធ្វើចត្តាឡីស័កតាមពេលវេលាកំណត់ជាក់លាក់វិញ។ ចំណែកសហរដ្ឋអាមេរិកឯណោះវិញតាមរយៈប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ប្រធានាធិបតីប្រទេសនេះគឺលោក អែតូនី ហ្វៅជី (Anthony Fauci) ឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង កាលពីថ្ងៃទី៥ ខែធ្នូ ថាប្រទេសនេះ កំពុងពិចារណាដកបម្រាមនេះក្នុងរយៈពេលសមស្របមួយក្នុងពេលឆាប់ៗខាងមុខនេះទោះមេរោគថ្មីនេះបានឆ្លងដល់ ១២ រដ្ឋនៅសហរដ្ឋអាមេរិកក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។