កម្ពុជា​​ទទួល​​បាន​​វ៉ាក់សាំង​​ជាង​​១​លាន​​ដូស​​បន្ថែម​ទៀត​ខណៈ​អ្នក​ស្លាប់​និង​​អ្នក​ឆ្លងថ្មី​បន្តកើន​​ឡើងវិញ​

ចំនួន​​អ្នក​ស្លាប់​​ដោយ​​ជំងឺកូវីដ​និង​អ្នក​ឆ្លង​ថ្មី​ចាប់ផ្តើម​​កើន​ឡើង​វិញ​ក្រោយ​​រដ្ឋាភិបាល​ដក​​បម្រាម​​បិទ​ខ្ទប់។ ក្រសួង​សុខាភិបាល​​ប្រកាស​​នៅថ្ងៃទី២៣ ​ខែឧសភា​ថា ​មាន​អ្នក​ជំងឺ​កូវីដ​​ចំនួន ៩ នាក់​បន្ថែម​ទៀត​បាន​ស្លាប់​​និង​​រកឃើញ​​ករណីឆ្លងថ្មី​​ចំនួន​​ជិត​ ៦​រយ ​(៥៦០)​ នាក់។

រដ្ឋបាលរាជធានីភ្នំពេញ​ចេញ​សេចក្តី​ជូនដំណឹង​ដោយ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ជំងឺកូវីដ​ចំនួន ​២៥០ ​នាក់ដែល​ទើប​រក​ឃើញ​ថ្មី​នៅ​ភ្នំពេញ​ក្នុង​នោះ​ភាគច្រើន​​ជា​កម្មករ​​រោងចក្រនិង​ជា​កម្មករ​សំណង់​នៅ​ការដ្ឋាន​គម្រោង​បុរី​ប៊ូយ៉ុង (Booyong) ​ក្នុង​ខណ្ឌសែនសុខ។ ចំពោះករណី​ឆ្លងថ្មី​នៅតាម​បណ្តាខេត្ត​មួយចំនួន​វិញ​ដូច​ជា​​ខេត្តកំពង់ចាម​ និង​ខេត្តស្វាយរៀង​ជាដើមក៏ភាគ​ច្រើនជា​កម្មក​រោងចក្រ​ដែរ។ នៅ​ថ្ងៃ​ដដែល​នេះ ​ក្រសួង​បញ្ជាក់ថា ​មានអ្នក​ជាសះស្បើយ​ចំនួន​ជាង ៥ រយ​(៥៣៧) ​នាក់។

ស្រប​ពេល​ចំនួនអ្នកស្លាប់​ និងអ្នកឆ្លងថ្មី​កំពុង​កើន​ឡើងវិញ​នេះ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ប្រកាស​ថា វ៉ាក់សាំ​ងក្រុមហ៊ុន​ចិន​ស៊ីណូវ៉ាក់ (Sinovac) ​ចំនួន​១​លានដូស (១.000.000) ​បន្ថែម​ទៀត ​បាន​ដឹកមក​ដល់​កម្ពុជា​ទៀតហើយ​​នៅ​ព្រឹកថ្ងៃ​ទី២៣ ខែ​ឧសភា។ នេះគឺ​ជា​វ៉ាក់សាំង​លើកទី៥​ ហើយ ​ដែល​រដ្ឋាភិបាល​បាន​បញ្ជា​​ទិញ​ពី​​ក្រុមហ៊ុន​ចិន​​ស៊ីណូវ៉ាក់ (Sinovac)។

លោក ហ៊ុន សែន ​បង្ហោះសារនៅ​លើ​ទំព័រ​ហ្វេសប៊ុក(Facebook)ថា​ វ៉ាក់សាំង​កូវីដ១៩គឺជាផ្នែក​មួយ​ដ៏​សំខាន់​បន្ថែមទៀត​ក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩​និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស​ពី​ការវាយ​ប្រហារ​ដោយជំងឺកូវីដ-១៩។ កម្ពុជា​​បានចាប់​ផ្តើម​ចាក់វ៉ាក់សាំង​ជូន​​ប្រជាពលរដ្ឋ​​ចាប់តាំង​ពីថ្ងៃទី១០​ ខែកុម្ភៈ ​ហើយ​មកដល់​ពេល​នេះ ​ប្រជា​ពល​រដ្ឋ​ជាង ២ ​លាននាក់​ហើយ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩។

ជាមួយ​គ្នានេះ​តំណាងអង្គការ​សុខភាព​ពិភពលោក​ប្រចាំកម្ពុជាអ្នកស្រី លី​ អាលែន ​(Li Ailan) និង​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល ​អ្នកស្រី ឱ វណ្ណឌីន បាន​ផ្ញើ​សារ​​អំពាវ​នាវ​​​តាម​បណ្តាញ​សង្គមឲ្យ​ប្រជាពល​រដ្ឋ​ប្រុងប្រយ័ត្ន​ពីជំងឺកូវីដ-១៩ ​ព្រោះ​ជំងឺជំងឺរាត ត្បាតជា​សកលមួយនេះ ​កំពុងតែ​ចរាចរ​យ៉ាង​ទូលំទូលាយ​នៅក្នុង​​ប្រទេស​​កម្ពុជា។ អ្នកស្រី លី​ អាលែន ​ទទួលស្គាល់ថា ​មនុស្សគ្រប់​រូបមាន​តម្រូវការសេដ្ឋកិច្ច​ និង​ចង់​មាន​សេរី​ភាព​ដើរហើរ ​ជួបជុំគ្នា​ជាធម្មតាដូចមុន​ ប៉ុន្តែ​អ្នកស្រី ​ព្រមាន​ថា ​ប្រសិនបើ​គ្រប់គ្នា​មិនចូលរួម​អនុវត្តវិធាន​ការការពារឲ្យ​មានប្រសិទ្ធភាពទេ​ កម្ពុជាអាច​ប្រឈ​ម​នឹង​ករណី​ឆ្លង​កើនឡើង។ រីឯអ្នកស្រី ឱ វណ្ណឌីន ​ព្រមាន​​ថា ​ប្រសិនបើ​បុគ្គល​ម្នាក់​ៗ​ប្រញាប់​ប្រញាល់​ធ្វើសកម្មភាព​ប្រចាំថ្ងៃ​និង​ជាពិសេស​ការ​បើក​ប្រកបរបររកស៊ី​ទទួល​ទាន​ឡើងវិញ​តាមបែប​ធម្មតា​ដោយ​មិនបាន​ត្រៀម​លក្ខណ:​ឱ្យស្រប​តាមបរិបទ​ “ធម្មតា​ តាមបែបគន្លងថ្មី” ​ដើម្បី​ការពារ​ការ​ចម្លង​ជំងឺកូវីដ-១៩នេះ​ ឱ្យបានត្រឹមត្រូវ​ទុក​ជាមុន​ទេនោះ​ មិនយូរមិនឆាប់​ កម្ពុជា ​នឹងមាន​ការឆ្លងរាតត្បាត​និង​ការបិទខ្ទប់​នៅថ្ងៃ​ណាមួយឡើងវិញ​ជាមិនខានឡើយ។

គិត​ត្រឹម​ថ្ងៃអាទិត្រ ទី២៣ ​ខែឧសភានេះ​ កម្ពុជា ​រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩​សរុបជាង​២ម៉ឺន​៥​ពាន់​​ (២៥.២០៥) ​នាក់​ ក្នុងនោះ​អ្នកជាសះស្បើយ​ជាង​១ម៉ឺន​៧​ពាន់​ ​(១៧.៧០១) នាក់ និង​អ្នកជំងឺជាង​៧ពាន់​ (៧.៥០៤) ​នាក់ទៀត ​កំពុង​សម្រាក​ព្យាបាល។ ចំណែក​អ្នក​ស្លាប់វិញ​ ក្រសួង​អះអាងថា ​កើនដល់​ចំនួន ​១៧៦ ​នាក់ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។