អ្នកជំងឺកូវីដ-១៩ ចំនួន ៧នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ជិត ២ពាន់ ១រយនាក់ហើយ (២.០៩៦)។ ចំពោះករណីឆ្លងថ្មីវិញ មានជាង ៦រយនាក់ (៦៤៨) នៅថ្ងៃដដែលនេះ ក្នុងនោះជាង ១រយនាក់ (១៦០) ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី ១៨កញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១សែននាក់ (១០៣.៤៨២) ក្នុងនោះអ្នកជាសះស្បើយមានជាង ៩ម៉ឺននាក់ (៩៦.៧៦៧)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី ១៧កញ្ញា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៩លាន ៨សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងប្រកាសថា ចាក់វ៉ាក់សាំងបានជាង ១លាន ៧សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់។
សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៦ឆ្នាំដល់ ១១ឆ្នាំវិញ ក្រសួងសុខាភិបាលឱ្យដឹងថា យុទ្ធនាការថ្ងៃដំបូងកាលពីម្សិលមិញ រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនកុមារបានជាង ៦ម៉ឺននាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកោះកុង។ ចំណែកខេត្តចំនួន ២១ទៀត យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម ១២ឆ្នាំ ត្រូវចាប់ផ្តើមពីថ្ងៃទី ១៨កញ្ញានេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។