អ្នកមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ជិត ២ពាន់នាក់ (១.៩៣៧) ហើយ នៅថ្ងៃទី៣ កញ្ញា។
ចំពោះករណីឆ្លងថ្មីវិញ មាន ៤៩១នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះ ១៦៥នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
ជាមួយគ្នានេះអាជ្ញាធរខេត្តបន្ទាយមានជ័យបន្តបិទខ្ទប់ក្នុងភូមិសាស្ត្រខេត្តមួយនេះរយៈពេលមួយសប្ដាហ៍ទៅមុខទៀតគឺ ពីថ្ងៃទី៣ រហូតដល់ ៩កញ្ញា ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ បម្លែងថ្មីដែលតា (Delta) ។ វិធានការនេះអាជ្ញាធរហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរចេញពីផ្ទះ និងអ្នកដំណើរឆ្លងកាត់ក្នុងខេត្តនេះចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ លើកលែងករណីចាំបាច់ ដែលមានការអនុញ្ញាតពីអាជ្ញាធរ។ នៅថ្ងៃទី៣ កញ្ញា អាជ្ញាធរខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤៧នាក់ ក្នុងនោះភាគច្រើនជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
គិតត្រឹមព្រឹកថ្ងៃទី៣ កញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៩ម៉ឺន ៤ពាន់នាក់ ក្នុងនោះអ្នកជាសះស្បើយមានជិត ៩ម៉ឺននាក់ (៨៩.៨៩៧)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី២ កញ្ញា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩៤ភាគរយក្នុងចំណោមអ្នកដែលត្រូវចាក់សរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងប្រកាសថា ចាក់វ៉ាក់សាំងបានជាង ១លាន ៦សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់៕