ពលរដ្ឋនៅស្រុកស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងព្រួយបារម្ភអំពីសត្វចិញ្ចឹមរបស់ពួកគាត់ ដូចជាសត្វគោ និងក្របីជាដើមបានឈឺងាប់ជាបន្តបន្ទាប់ នៅក្នុងរយ:ពេល១ខែចុងក្រោយនេះដោយពុំទាន់មានដំណោះស្រាយនៅឡើយ។
មន្ត្រីពេទ្យសត្វស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យសារព័ត៌មានក្នុងស្រុកដឹងថា ប្រជាកសិករសុំឲ្យមន្ត្រីជំនាញ ចុះជួយពួកគាត់ជាបន្ទាន់ដើម្បីសង្គ្រោះសត្វគោក្របីដែលកំពុងផ្ទុះ ជំងឺពេញ១ភូមិដោយស្ថានភាពជំងឺនេះបានកើនដល់ចំនួនជាង១រយក្បាល និងងាប់ប្រមាណ២០ក្បាល គិតត្រឹមថ្ងៃទី១ ខែមិថុនា។
ប្រធានការិយាល័យអង្កេតតាមដានជំងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ ក្រសួងកសិកម្ម លោក សុខ ដារ៉ូ បានដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា និងនៅថ្ងៃទី១ ខែមិថុនា លោកបានដឹកនាំមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពជំងឺសត្វ ណែនាំម្ចាស់សត្វ និងបាញ់ថ្នាំសម្លាប់មេរោគនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលមានសត្វគោក្របីឈឺងាប់ទាំងនោះ។
លោកបន្តទៀតថា ក្រៅពីជួយព្យាបាលសត្វឈឺ ក្រុមការងារក៏បានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងគ្រួសារកសិករដែលមានសត្វឈឺ និងយកវត្ថុវិភាគចំនួន២សំណាក និងសួតសត្វងាប់ ចំនួន២សំណាក ពិនិត្យរោគ និងវិនិច្ឆ័យ ហើយក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគ និងចាក់ថ្នាំព្យាបាលជម្ងឺសត្វចែកថ្នាំសម្លាប់មេរោគ នៅតាមគ្រួសារចិញ្ចឹមសត្វដែលមានសត្វគោក្របីឈឺទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។