រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ត្រីសាខាកាំកុងត្រូល នៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ឱ្យបន្តសកម្មភាពចុះត្រួតពិនិត្យគុណភាពទំនិញឱ្យបានច្រើនទៀត ទោះបីមន្ត្រីកាំកុងត្រូលបានដកចេញពីប្រចាំការ នៅតាមច្រកព្រំដែនបែបណាក្ដី។
មន្ត្រីឃ្លាំមើលសង្គមគាំទ្រ ចំពោះសកម្មភាពចុះត្រួតពិនិត្យគុណភាពចំណីអាហាររបស់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថា ការដកហូត ខ្ទឹម (ស) ស្រស់ចំនួន ២៥តោន ដែលមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ពិនិត្យឃើញថា មានផ្ទុកសារធាតុគីមី ពីឈ្មួញនាំចូលមកពីប្រទេសចិន តាមច្រកកំពង់ផែក្រុងព្រះសីហនុ យកមកដុតកម្ទេចចោលនេះ គឺធ្វើបានទាន់ពេល។
លោកបន្តអះអាងថា ផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រើប្រាស់ ឬទទួលទានខ្ទឹមស្រស់ មានផ្ទុកសារធាតុគីមីនេះ គឺអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ឬអ្នកទទួលទាន ព្រោះអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយនាំឱ្យអ្នកបរិភោគក្អួត រាគ ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច និងពិបាកដកដង្ហើម រហូតគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។
ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តដល់មន្ត្រីសាខាកាំកុងត្រូលនៅទូទាំងប្រទេស ជាពិសេសមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ឱ្យបន្តសកម្មភាពចុះត្រួតពិនិត្យទំនិញ នៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារជូនអ្នកប្រើប្រាស់ នៅទូទាំងប្រទេស ដោយអនុលោមតាមកម្មវិធីអភិក្រម ស្ដីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រច្បាស់លាស់៖ «គឺយើងត្រូវតែខិតខំប្រឹងប្រែងធ្វើការឱ្យបានខ្លាំងក្លា ពីព្រោះយើងមិនបានឈរជើងនៅតាមព្រំដែនដូចពេលមុនទៀតទេ។ តែយើងត្រូវប្រមូលផ្តុំកម្លាំង របស់យើងមកធ្វើការ នៅក្នុងផ្ទៃប្រទេសឱ្យបានខ្លាំង ដើម្បីទប់ទល់នឹងបទល្មើស ដែលអាចហូរចូលមកពីក្រៅប្រទេសជាយថាហេតុ ដែលយើងគិតថា កន្លងមកយើងឈរជើងនៅតាមព្រំដែន គឺយើងចាប់បានប៉ុណ្ណឹង គឺជាក់ស្ដែងនៅពេលនេះ យើងចាប់បាន និងចូលរួមដុតបំផ្លាញចោលចំនួន ២៥តោន»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងទៀតថា ខ្ទឹមស្រស់ នាំចូលពីប្រទេសចិន មានផ្ទុកសារធាតុគីមី ប្រភេទថ្នាំពុលកសិកម្ម ឌីសសាលហ្វូតុន (Disulfoton) សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះសីហនុ និងជាស្ត្រីមេផ្ទះម្នាក់ ថ្លែងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូលខេត្តនេះ ដែលមានសកម្មភាពចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ និងរកឃើញចំណីអាហារខូចគុណភាព ដែលមានដាក់លាយសារធាតុគីមី ជាបន្តបន្ទាប់មកនេះ៖ «ខ្ញុំក៏ដូចជាប្រជាពលរដ្ឋ ឬស្ត្រីមេផ្ទះផ្សេងទៀតដែរ គឺសប្បាយចិត្តមែនទែន ដោយសារតែមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចុះពិនិត្យនៅតាមទំនិញនៅតាមទីផ្សារនានា ជាពិសេសគ្រឿងឧបភោគបរិភោគ មានបន្លែ ត្រីសាច់ជាដើមជាប្រចាំ។ ព្រោះថា រាល់ថ្ងៃនេះ ជំងឺគ្រប់ប្រភេទបានកើតឡើង ហើយស្ត្រីមេផ្ទះ ឬប្រជាពលរដ្ឋយើងធម្មតាគាត់ទៅទិញចំណីអាហារនៅក្នុងទីផ្សារហ្នឹង គឺអត់ចេះពិនិត្យមើលទំនិញទាំងនោះទេ ដោយមិនដឹងថា ចំណីអាហារ ឬគ្រឿងទេសណាដែលមានផ្ទុកសារធាតុគីមីហ្នឹង គឺមិនដឹងនោះទេ»។
អគ្គនាយកដ្ឋានកាំកុងត្រូលបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព ទម្ងន់សរុបចំនួន ៦៦តោន រួមមាន៖ (បន្លែ ផ្លែឈើ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងសាច់ស្រស់មានផ្ទុកសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម) យកទៅដុតកម្ទេចចោល។ នៅក្នុងនោះទំនិញជាង ៥តោន ត្រូវបានរឹបអូសពីមាត់ច្រកព្រំដែន និងនៅតាមទីផ្សារមួយចំនួននាខេត្តព្រះសីហនុ។
ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តចំនួន ៣គ្រឿង ដែលរថយន្ត២គ្រឿង សម្រាប់ត្រួតពិនិត្យ និងវិភាគផលិតផលម្ហូបអាហារ និងរថយន្ត ១គ្រឿងទៀត សម្រាប់ត្រួតពិនិត្យគុណភាព និងបរិមាណប្រេង នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា។ លើសពីនេះទៀត ក្រសួងក៏អះអាងថា និងរៀបចំលិខិតបទដ្ឋានគតិយុត្តិចំនួនបី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ របស់អគ្គនាយកដ្ឋានកាំកុងត្រូលបន្ថែមទៀតដូចជា៖ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ - ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីភាពប្រកួតប្រជែង ដើម្បីជំរុញឱ្យសកម្មភាពការងារចុះត្រួតពិនិត្យគុណភាពចំណីអាហារ ដែលអាចផ្ដល់សុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យកាន់តែប្រសើរថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
