ជំងឺ​គ្រុន​ឈាម​និង​គ្រុនពោះវៀន​រាតត្បាត​កុមារ​​នៅ​តំបន់​ជាយ​ដែន​ខ្មែរ-​ថៃ

ជំងឺ​គ្រុនឈាម​និង​ជំងឺ​គ្រុន​ពោះវៀន កំពុង​រាតត្បាត​​ទៅ​លើ​ក្មេង​តូចៗ​ជា​ច្រើន​នាក់​នៅ​តំបន់​ជាយ​ដែន​ខ្មែរ-​ថៃ ឋិត​នៅ​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​ថ្លែង​ថា គិត​រហូត​មក​ដល់​ពេល​នេះ​ មាន​ក្មេង​តូច​ម្នាក់​អាយុ ៣​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម។ នៅ​មាន​ក្មេង​តូចៗ​ជា​ច្រើន​នាក់​ កំពុង​ប្រឈម​ទៅ​ស្ថានភាព​ធ្ងន់ធ្ងរ។ ទន្ទឹម​គ្នា​នេះ ​ទាំង​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ ស្នើ​សុំ​មន្ត្រី​សុខាភិបាល​ចាត់​វិធាន​ការ​ចុះ​ទៅ​កាន់​មូលដ្ឋាន​នោះ​ដើម្បី​ជួយ​សង្គ្រោះ​អ្នកភូមិ​ជា​បន្ទាន់។

ក្មេង​តូច​ចាប់​ពី​អាយុ ៥​ឆ្នាំ​ចុះ​ជា​ច្រើន​នាក់ ​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ កំពុង​កើត​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​គ្រុន​ពោះវៀន ជា​បន្តបន្ទាប់​ អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​ហើយ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ បញ្ហា​នេះ បាន​ធ្វើ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នក​ភូមិ​ជា​ឪពុក​ម្ដាយ​ មាន​ការ​បារម្ភ​ថា ជំងឺ​នេះ​នឹង​អាច​រាតត្បាត​ថែម​ទៀត​នៅ​ក្នុង​ភូមិ។

អនុ​ប្រធាន​ភូមិ​គោកព្រិច ក្នុង​ឃុំ​គោករមៀត លោក​ សៀង ណាគ្រី បញ្ជាក់​ថា ជំងឺ​គ្រុន​ឈាម និង​ជំងឺ​គ្រុន​ពោះវៀន​ កំពុង​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្មេងៗ​នៅ​ក្នុង​ភូមិ។ ជាក់​ស្ដែង​ លោក​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ មាន​កូន​ក្មេង​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​នៅ​ពេល​បញ្ជូន​ទៅ​ដល់​ស្រុក​ថៃ៖ «ក្នុង​ភូមិ​គោកព្រេច មាន​កូន​ក្មេង​គ្រុន​ឈាម គ្រុន​ពោះវៀន​ច្រើន​ ឥឡូវ​វា​នៅ​តែ​មាន​គ្រុន​បន្ត​បន្ទាប់ បណ្ដើរៗ មិន​ទាន់​ស្រាក សឹង​ថា អ្នក​ជំងឺ ៧០ ទៅ ៨០% ក្មេងៗ​ចាប់​ពី​អាយុ ៥​ឆ្នាំ​ចុះ​មក​ក្រោម។ បើ​និយាយ​ឲ្យ​ចំ​ទូទាំង​ឃុំ​គោករមៀត ថ្ងៃ​នេះ ស្លាប់​មួយ​នៅ​ពេទ្យ​ស្រុក​ថៃ តាប់ព្រះយ៉ា​ ក្មេង​អាយុ ៣​ឆ្នាំ​ ដោយសារ​គ្រុន​ឈាម។ សំណូមពរ​ឲ្យ​លោក​គ្រូ​ជួយ​ផ្សព្វផ្សាយ ឬ​ក៏​មាន​បទ​បញ្ជា​មក​តាម​មណ្ឌល​សុខភាព​តាម​ភូមិ​ជួយ​ចុះ​ស្រាវជ្រាវ ជួយ​ចាក់​ថ្នាំ ឬ​ក៏​ជួយ​ការពារ​របៀបណា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»

នៅ​ក្នុង​ឃុំ​គោករមៀត មាន​មណ្ឌល​សុខភាព​ចំនួន​ពីរ​ គឺ​មណ្ឌល​សុខភាព​បឹង​ត្រកួន និង​មណ្ឌល​សុខភាព​ គោករមៀត។ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា អាណាព្យាបាល​ក្មេងៗ​ភាគ​ច្រើន​ដែល​កូន​ពួកគាត់​កើត​មាន​ជំងឺ​គ្រុនឈាម និង​ជំងឺ​គ្រុន​ពោះវៀន​នោះ​ ពុំ​បាន​រត់​ទៅ​មណ្ឌល​សុខភាព​នោះ​ទេ។ មូលហេតុ​ដោយសារ​ មណ្ឌល​សុខភាព​ទាំង​នោះ​មាន​សេវា​ព្យាបាល​មិន​គ្រប់គ្រាន់​ ផ្លូវ​ឆ្ងាយ​ពិបាក​ធ្វើ​ដំណើរ​ និង​ចំណុច​សំខាន់​មួយ​ទៀត គឺ​អ្នកភូមិ​ទាំង​នោះ​ពុំ​សូវ​បាន​យល់​ដឹង​ពី​ការ​ថែទាំ​សុខភាព​អនាម័យ​នៅ​ឡើយ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​គោក​រមៀត លោក អ៊ុង នូត បញ្ជាក់​ថា ជំងឺ​គ្រុនឈាម និង​ជំងឺ​គ្រុន​ពោះវៀន​ កំពុង​កើត​មាន​លើ​ក្មេង​ស្ទើរ​គ្រប់​ភូមិ​នៅ​ក្នុង​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កន្លង​ទៅ​នេះ​ បាន​ចាត់​វិធានការ​អប់រំ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​កោះ​មេ​ភូមិ​មក​ប្រជុំ​ ហើយ​ចុះ​ផ្សព្វផ្សាយ​បន្ត​នៅ​តាម​ភូមិ​នីមួយៗ ឲ្យ​អ្នក​ភូមិ​ដែល​ជា​អាណាព្យាបាល​មាន​ការ​ប្រុងប្រយ័ត្ន​​ចំពោះ​គ្រោះថ្នាក់។ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​ដែល​ជា​អាណាព្យាបាល​ទាំង​នោះ នៅ​ពេល​មាន​កូន​កើត​ជំងឺ គឺ​ពួកគាត់​ពុំ​បាន​រត់​ទៅ​រក​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព​នោះ​ទេ។ ភាគ​ច្រើន​​បាន​រត់​ទៅ​រក​សេវា​ព្យាបាល​ឯក​ជន។

លោក អ៊ុង នូត៖ «អ្នក​ឈឺ​ដែល​បណ្ដាល​មក​ពី​សត្វ​មូស​ដឹង​បាន​កើត​ជំងឺ​គ្រុន​ឈាម គ្រុន​ពោះវៀន គ្រុន​ឈាម​ហ្នឹង ឯង​ក្មេងៗ​ច្រើន​ណាស់​សព្វថ្ងៃ។ នៅ​ពេទ្យ​ឯកជន​ម្សិលមិញ​ដែល​ខ្ញុំ​បាន​ទៅ​ភូមិ​បន្ទាយមានរិទ្ធ​ហ្នឹង ជា​ទូទៅ​នៅ​ក្នុង​ឃុំ​ហ្នឹង​ឯង យើង​មាន​មណ្ឌល​សុខភាព​បឹង​ត្រកួន​ មណ្ឌល​សុខភាព​មួយ មណ្ឌល​សុខភាព​គោករមៀត ប៉ុន្តែ​វា​នៅ​ឆ្ងាយ​ ពី ១០​គីឡូ ទៅ ៥​គីឡូ ទៅ​មណ្ឌល​សុខភាព​ពីរ​នៅ​ក្នុង​ឃុំ។ ខាង​មណ្ឌល​សុខភាព​គាត់​ចុះ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ភាព​ច្រើន​ប្រជាពលរដ្ឋ​ទៅ​ពេទ្យ​ឯកជន»

ប្រធាន​មណ្ឌល​សុខភាព​គោករមៀត លោក ហង្ស សារឿន កត់​សម្គាល់​ថា នៅ​ពេល​រូប​លោក និង​មន្ត្រី​មណ្ឌល​សុខភាព​ចុះ​ទៅ​ផ្ដល់​វ៉ាក់សាំង​នៅ​តាម​ភូមិ​នានា ក្នុង​ឃុំ​គោល​រមៀត​នោះ​ ឃើញ​មាន​ក្មេង​តូចៗ​ជា​ច្រើន​ដាក់​សេរ៉ូម​ព្យួរ​នៅ​តាម​ផ្ទះ។ អ្នក​ផ្ដល់​សេរ៉ូម​នោះ​ គឺ​ជា​គ្រូពេទ្យ​ឯកជន​នៅ​តាម​ភូមិ​ដែល​ពុំ​មាន​ជំនាញ​ច្បាស់លាស់។ អ្នក​ភូមិ​ដែល​កូន​ពួក​គាត់​កើត​មាន​ជំងឺ​នោះ​ ភាគ​ច្រើន​​រត់​ទៅ​រក​គ្លីនិក​ឯកជន​ និង​ពេទ្យ​នៅ​តាម​ភូមិ។

លោក​បន្ត​ថា ទោះ​បី​នៅ​តាម​ភូមិ​មាន​ក្មេង​កើត​មាន​ជំងឺ​គ្រុនឈាម និង​គ្រុន​ពោះវៀន​ច្រើន​ក៏ដោយ​ ប៉ុន្តែ​នៅ​ក្នុង​មណ្ឌល​សុខភាព​ ពុំ​មាន​របាយការណ៍​ពី​ក្មេង​ទាំង​នោះ​ទេ៖ «ខ្ញុំ​ពិបាក​ដែរ​ភាគ​ច្រើន​នៅ​ពេល​ខ្ញុំ​ចុះ​ទៅ​ផ្ដល់​វ៉ាក់សាំង ឃើញ​តែ​កូន​ក្មេង​ព្យួរ​សេរ៉ូម​តាម​ផ្ទះ​ហ្នឹង​វា​ពិបាក​ដែរ យើង​មិន​ដឹង​ថា ម៉េច​តាម​អតិថិជន​គាត់​ស្ម័គ្រ​ចិត្ត​ទៅ​ណា យើង​អត់​អាច​បង្ខំ​គាត់​បាន ព្រោះ​មណ្ឌល​សុខភាព​យើង​អត់​បាន​ផ្ដល់​ទេ​សេរ៉ូម កាល​ណា​មាន​បញ្ហា​គ្រុនឈាម គ្រុន​ពោះវៀន អា​ហ្នឹង​យើង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ព្រោះ​អី​នៅ​ក្នុង​មណ្ឌល​សុខភាព គេ​ហៅ​ថា ព្យាបាល​បឋម ជួយ​សង្គ្រោះ​ដំបូង​សម្រាប់​យើង​មាន​ជំងឺ​ធ្ងន់ៗ យើង​បញ្ជូន​មក​មន្ទីរពេទ្យ»

លោក ហង្ស សារឿន បន្ត​ថា ការ​គ្រប់គ្រង​សេវា​ព្យាបាល​ឯកជន​នៅ​ក្នុង​មូលដ្ឋាន​មាន​ការ​លំបាក។ ពេទ្យ​ឯកជន​ទាំង​នោះ​ពុំ​មាន​ជំនាញ​ច្បាស់លាស់ ហើយ​ពួកគេ​បាន​ព្យាបាល​អ្នក​ជំងឺ​មិន​ស្មោះត្រង់ គឺ​ចង់​បាន​តែ​លុយ​ពី​អ្នក​ជំងឺ។

ទាក់ទិន​បញ្ហា​នេះ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ លោក កែវ សុភ័គត្រា ថ្លែង​ថា ព័ត៌មាន​ជុំវិញ​ ករណី​ក្មេង​តូចៗ ដែល​ថា កំពុង​កើត​មាន​ជំងឺ​គ្រុន​ឈាម​និង​គ្រុន​ពោះវៀន​​នេះ​ ខាង​មន្ទីរ​ពុំ​ទាន់​ច្បាស់លាស់​ទេ ដោយសារ​ក្មេង​ជា​អ្នក​ជំងឺ​ទាំង​នោះ​ ពុំ​ទាន់​បាន​យក​មក​មន្ទីរ​ពិសោធន៍​ពិនិត្យ​មើល​ឲ្យ​ច្បាស់លាស់។

លោក​បន្ត​ថា អ្នក​ជំងឺ​ទាំង​នោះ​ ទាមទារ​ឲ្យ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​បង្អែក​ទើប​អាច​បញ្ជាក់​ពី​លទ្ធផល​ជំងឺ​បាន​ជាក់លាក់៖ «ក្នុង​នោះ​យើង​បាន​រៀបចំ​អស់​ហើយ​ មាន​ន័យ​ថា សេវា​របស់​យើង​នៅ​មណ្ឌល​សុខភាព​ហ្នឹង គឺ​ថា យើង​មាន​ថ្នាំ​ទាំង​អស់ ប៉ុន្តែ​ទាក់ទិន​បញ្ហា​ជំងឺ​គ្រុន​ពោះវៀន គ្រុនឈាម យើង​គិត​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាត់​ទៅ​មើល​ឈាម​ជា​ការ​វាយ​តម្លៃ​ខុស​ ព្រោះ​អី​អ្នក​ដែល​អាច​សន្និដ្ឋាន​ថា អ្នក​ហ្នឹង​គ្រុនឈាម វា​ទាមទារ​ចាំបាច់​នៅ​ការ​ពិនិត្យ​នៅ​ផ្នែក​មន្ទីរ​ពិសោធន៍​បាន​អាច​បញ្ជាក់​ថា ក្មេង​នោះ​ឈឺ​គ្រុនឈាម​ ប៉ុន្តែ​ជា​ទូទៅ​យើង​អាច​ធ្វើ​ជា​បឋម​បាន​ក្នុង​ករណី​ណា​ដែល​អ្នក​ជំងឺ​ទៅ​ជួប​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព»

លោក កែវ សុភ័គត្រា អះអាង​បញ្ជាក់​ថា ក្រោយ​ពី​រដូវ​ទឹក​សម្រក​នៅ​ខេត្ត​បន្ទាយមានជ័យ ជួប​ប្រទះ​បញ្ហា​ តិចតួច​ប៉ុណ្ណោះ​ ទាក់ទិន​ទៅ​នឹង​ជំងឺ​រាក​ ជំងឺ​ផ្លូវ​ដង្ហើម​ និង​ជំងឺ​រមាស់​ជា​ដើម។ បញ្ហា​សុខភាព​នេះ​លោក​អះអាង​ថា ខាង​មន្ទីរ​សុខាភិបាល​គ្រប់គ្រង​បាន​ទាំង​ស្រុង​នៅ​ទូទាំង​ខេត្ត។ ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​សុខាភិបាល អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ បាន​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​គួរ​តែ​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់​ស្ដែង​នៅ​តំបន់​នោះ។

លោក​ថា ការ​ជួប​ជំងឺ​ដង្កាត់​របស់​អ្នក​ភូមិ​នេះ​ កំពុង​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ភូមិ​ទាំង​នោះ​កាន់​តែ​ធ្លាក់​ចុះ​រក​ភាព​ក្រីក្រ​ថែមទៀត៖ «សំណូមពរ​ឲ្យ​ខាង​ភ្នាក់ងារ​របស់​រដ្ឋ ជា​ពិសេស​ខាង​មន្ទីរពេទ្យ គួរ​តែ​ចុះ​ទៅ​កន្លែង​ហ្នឹង ទៅ​ពិនិត្យ​មើល​ថា តើ​មាន​ក្មេង​ចំនួន​ប៉ុន្មាន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​ហ្នឹង ហើយ​មួយ​ទៀត​ មាន​ក្មេង​ប៉ុណ្ណា​ដែល​មិន​ទាន់​ឈឺ​យើង​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ»

លោក ស៊ុំ ច័ន្ទគារ សង្កត់​ធ្ងន់​ថា ​ការ​ពិនិត្យ​ជាក់​ស្ដែង​នៅ​តាម​ភូមិ​នានា នៅ​ក្នុង​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ នោះ ​លោក​ឃើញ​មាន​ក្មេង​តូចៗ​ជា​ច្រើន​នាក់​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ អ្នក​ខ្លះ​ចាក់ថ្នាំ​ព្យួរ​សេរ៉ូម​នៅ​តាម​ផ្ទះ​ជា​ច្រើន​នាក់។ នៅ​តាម​ដង​ផ្លូវ​​ដែល​ពិបាក​ធ្វើ​ដំណើរ លោក​ឃើញ​មាន​ឪពុកម្ដាយ​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​បី​កូន​តូច​ឆ្លង​កាត់​ផ្លូវ​​ ដើម្បី​ទៅ​រក​គ្រូ​ពេទ្យ។ បញ្ហា​នេះ​ លោក​ថា ខាង​មន្ទីរពេទ្យ​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​គួរ​តែ​ចាត់​វិធានការ​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។