អ្នក​ជំនាញ​ចិន និង​គ្រូពេទ្យ​នឹង​រួម​ដៃ​​គ្នា​​​ទប់ទល់​ការ​ឆ្លង​មេរោគ​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​ពេលពីរ​សប្ដាហ៍​ខាង​មុខ

0:00 / 0:00

អ្នក​ជំនាញ​ចិន និង​គ្រឿង​បរិក្ខារ​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​នៃ​ជំងឺ​កូវីដ-១៩ បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី២៣ មីនា។

គ្រូ​ពេទ្យ​ជំនាញ​របស់​ចិន​មួយ​ក្រុម ដែល​មាន​គ្នា​ចំនួន ៧នាក់ បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២៣ ខែ​មីនា ដើម្បី​ចូលរួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ខ្មែរ ក្នុង​ការ​ព្យាបាល​ប្រជាពលរដ្ឋ ដែល​បាន​ឆ្លង​​ជំងឺ​កូវីដ-១៩។

ក្រុម​គ្រូពេទ្យ​ដែល​នាំ​មក​ជា​មួយ​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន ដូច​ជា ស្រោម​ដៃ ម៉ាស់​វះកាត់ ម៉ាស​វេជ្ជសាស្ត្រ ដែល​មាន​ឈ្មោះ​បច្ចេកទេស អិន៩៥ (N95) សំលៀក​បំពាក់​សុវត្ថិភាព​របស់​មន្ត្រី​សុខាភិបាល របាំង​មុខ​វេជ្ជសាស្ត្រ ទែរម៉ូម៉ែត្រ (Thermometer) ឬ​សីតុណ្ហមាត្រ សម្រាប់​វាស់​កម្ដៅ និង​វ៉ែនតា​សុវត្ថិភាព​មួយ​ចំនួន​ទៀត​ផង មក​ប្រគល់​ឱ្យ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​មាន​វត្តមាន​នៅ​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ធ្វើ​ការងារ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ចិន​ក្នុង​រយៈ​ពេល ២សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​ជំរុញ​វិធានការ​ទប់​ស្កាត់ និង​ឆ្លើយ​តប​ការ​រាតត្បាត​របស់​ជំងឺ​កូវីដ-១៩ ឱ្យ​បាន​ជោគជ័យ។

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ៨៧ករណី​ហើយ គិត​មក​ត្រឹម​ថ្ងៃ​ទី២៣ ខែ​មីនា ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​នេះ មាន​ជនជាតិ​ខ្មែរ ៣៣នាក់ និង​ជន​បរទេស ៥៣នាក់ ខណៈ​មាន​មនុស្ស ២នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា ព្យាបាល​បាន​ជា​សះ​ស្បើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។