លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងធ្វើចត្តាឡឺស័ក បានព្រមានអំពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បើមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ធ្វេសប្រហែសក្នុងពេលកំពុងធ្វើធ្វើចត្តាឡឺស័កនេះ។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិល ស្នើឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កុំធ្វេសប្រហែស តាំងពីដំណាក់កាលជួបប្រាស្រ័យទាក់ទងគ្នាជាមួយភ្ញៀវបរទេសម្ល៉េះ។
លោក ហ៊ុន សែន ព្រមានដូច្នេះ នៅក្នុងសារសំឡេង ដែលចែកផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ដោយលោកអំពាវនាវឲ្យរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ដទៃទៀត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចាប់ដៃ ឬប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី រួមទាំងអ្នកបើកបររថយន្តឲ្យមន្ត្រីទាំងនោះផង៖ « មិនត្រូវធ្វេសប្រហែសណាមួយ ប្រសិនមិនដូច្នោះទេ វានឹងផ្ទុះកណ្ដាលទីក្រុងភ្នំពេញតែម្ដង ពិសេសក្នុងពេលធ្វើចត្តាឡឺស័ក »។
សារព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ថា អ្នកប៉ះពាល់សរុប មានចំនួន ៨៤០ នាក់ ដែលបានធ្វើតេស្ត លើកទីមួយ ដើម្បីរកជំងឺកូវីដ-១៩ និងបានដាក់ឲ្យធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។
ក៏ប៉ុន្តែ ក្នុងពេលកំពុងធ្វើចត្តាឡឺស័កនេះ មានមន្ត្រីមួយចំនួន បានបង្ហោះរូបភាព ពីការដើរចេញក្រៅផ្ទះ ដើម្បីហាត់ប្រាណ និងមិនបានពាក់ម៉ាស់ការពារនោះឡើយ។ ទំព័រហ្វេសប៊ុកឈ្មោះ វេង សាខុន បានបង្ហោះរូបភាពរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន និងភរិយារបស់លោក ដើរហាត់ប្រាណតាមផ្លូវ អមដោយសារថា ពួកគាត់ទាំងពីរនាក់ត្រូវចូលបន្ទុំក្នុងផ្ទះ រយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល និងនៅតែហាត់ប្រាណជាធម្មតា។
ប្រហែលការចេញហាត់ប្រាណខាងក្រៅ ដោយមិនពាក់ម៉ាស់ការពារ និងនៅកៀកគ្នានេះហើយ ទើបលោក ហ៊ុន សែន ថា មិនត្រឹមត្រូវ ក្នុងដំណាក់កាលធ្វើចត្តាឡឺស័កបែបនេះ៖ « ខ្ញុំបានទទួលព័ត៌មាន ដ៏គួរឲ្យសោកស្ដាយថា ការធ្វើចត្តាឡឺស័ករបស់មន្ត្រីយើងខ្លះ គឺមិនបានត្រឹមត្រូវទេ ហាក់ដូចជាមានដើរហាត់ប្រាណនៅក្រៅផ្ទះ ការកាន់ដៃគ្នា ការជួបប្រាស្រ័យជាមួយអ្នកនេះ អ្នកនោះ »។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីជាច្រើនរូបទៀតនៃក្រសួងស្ថាប័នរដ្ឋជាច្រើន ដែលបានចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី (Hungary) លោក ភីធើរ ស្ស៊ីយ៉ាតូ (Péter Szijjártó) កាលពីថ្ងៃទី៣ ខែ វិច្ឆិកា។ លោកនិងភរិយាលោកស្ថិតក្នុងចំណោមមនុស្ស ៨៤០ នាក់ដែលកំពុងដាក់ឲ្យធ្វើចត្តាឡឺស័ករយៈពេល ១៤ ថ្ងៃ ហើយត្រូវធ្វើតេស្តពីរដងទៀត មុននឹងអនុញ្ញាតឲ្យចេញក្រៅបាន។
ភ្លាមៗក្រោយសារសំឡេងរបស់លោក ហ៊ុន សែន អត្ថបទ និងរូបភាពហាត់ប្រាណក្រៅផ្ទះ របស់លោក វេង សាខុន និងភរិយា មិនឃើញមាននៅលើគណនីហ្វេសប៊ុកឈ្មោះ វេង សាខុន នោះទៀតទេ។
ចំណែកឯលោក ហ៊ុន សែន ឯណោះវិញ បានបញ្ជាក់នៅក្នុងសារសំឡេងរបស់លោក ដោយអះអាងថា លោក កំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមក្បួន និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងពេលកំពុងធ្វើចត្តាឡឺស័កនេះ។
ការអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍ចត្តាឡឺស័ក គឺជារឿងសំខាន់មួយ សម្រាប់បង្ការជំងឺកូវីដ-១៩។ ប៉ុន្តែ អ្នកឃ្លាំមើលសង្គមលោកបណ្ឌិត សេង សារី ថាការណ៍ដែលមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តរំលងគោលការណ៍សុវត្ថិភាព និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល កាលពីក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីនោះ មិនត្រឹមតែជាការធ្វេសប្រហែស និងបំពានប៉ុណ្ណោះទេ តែជាគំរូអាក្រក់ ដល់ប្រជាពលរដ្ឋខ្មែរទូទៅថែមទៀតផង។
កាលពីពេលជួបរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមន្ត្រីរូបនោះ មួយថ្ងៃក្រោយមក ត្រូវបានអាជ្ញាធរសុខាភិបាលថៃ រកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ នោះ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់របស់លោក មិនបានពាក់ម៉ាស់ទេនៅពេលនោះ ស្របពេលរដ្ឋមន្ត្រីការបរទេសហុងគ្រីនោះ ក៏មិនពាក់ម៉ាស់ការពារនោះដែរ ដោយប្រហែលជាអាងថាមានលិខិតពេទ្យពីប្រទេសហុងគ្រី មុនមកទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ថា គាត់គ្មានជំងឺនេះ។
មន្ត្រីអង្គការសង្គមស៊ីវិល ថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មិនគួរណាធ្វេសប្រហែស ពេលជួបមន្ត្រីបរទេសសោះ ព្រោះករណីជំងឺកូវីដ-១៩ ដែលមាននៅកម្ពុជា នាពេលកន្លងមក គឺសុទ្ធតែនាំចូលពីបរទេស។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថានេះជាមេរៀនមួយ ដែលមន្ត្រីខ្មែរ និងពលរដ្ឋទាំងអស់ ត្រូវមានវិធានការឲ្យបានហ្មត់ចត់ជាងនេះ និងគួរផ្លាស់ប្ដូរឥរិយាបថ ដោយមិនត្រូវមើលស្រាលជំងឺនេះទេ៖ « តាមពិតវិធានការដែលមានស្រាប់ហ្នឹង គឺបានដាក់ឲ្យអនុវត្តរួចហើយ ដូចជារក្សាគម្លាត។ ការជួបសន្ទនាគ្នាក៏ជួបទៅ ប៉ុន្តែបើករណីពិសេស មិនអាចខានបាន ការសន្ទនានៅក្នុងទម្រង់គម្លាត មិនបាច់ចាប់ដៃចាប់ជើងទេ យើងជម្រាបសួរគ្នា ដូចដែលពីដំណើរការដំបូងកាលពេលចាប់ផ្ដើមឆ្លង។ ឃើញបណ្ដាប្រទេសមួយចំនួន ដូចនៅអឺរ៉ុប គេអត់ចាប់ដៃទៀតទេ គេសំពះ ជម្រាបសួរគ្នា។ យើងត្រូវពិនិត្យមើលទៅក្រោយបន្តិច ថាតើស្ថានភាពនៃការបង្ការពេលនោះយ៉ាងម៉េច ? ឥឡូវក៏គួរតែបន្តដែរ ព្រោះអត់ទាន់សញ្ញាវិជ្ជមានណាមួយ នៃការគ្រប់គ្រងនៃជំងឺនេះ ខៈណៈប្រទេសអឺរ៉ុបមួយចំនួន ក៏ចាប់ផ្ដើមបិទប្រទេស (lockdown) ឡើងវិញដែរ »។
លោក សន ជ័យ ថា បើករណីជំងឺកូវីដ-១៩នេះ ឆ្លងរាលដាលក្នុងសហគមន៍ នោះកម្ពុជានឹងរងផលប៉ះពាល់ធំធេងណាស់។ លោកថា ការពារគឺប្រសើរជាងព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។