ក្រសួង​និង​អ្នក​ពាក់ព័ន្ធ​បារម្ភ​ពី​បញ្ហា​ទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក ទោះ​កម្ពុជា​មិន​ទាន់​មាន​វត្តមាន​ជំងឺ​នេះ

ដោយ សេក បណ្ឌិត
2019-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជ្រូក​ដឹក​តាម​រ៉ឺម៉ក​ពី​វៀតណាម
ជ្រូក​ដឹក​តាម​រ៉ឺម៉ក​ពី​វៀតណាម
Photo: RFA

ក្រសួងកសិកម្ម និង​តំណាង​សមាគម ព្រមទាំង​ក្រុមហ៊ុន​កសិកម្ម បាន​បើក​កិច្ចពិភាក្សា​ធំ​មួយ ដោយ​ពិនិត្យ​មើល​បញ្ហា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ហៅថា African Swine Fever(AFS) ដែល​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ភាគ​ខាងជើង។

កិច្ចពិភាក្សា​នេះ ធ្វើឡើង ក្នុង​សិក្សា​សាលា​ថ្នាក់​ជាតិ នៅ​ខេត្ត​កំពង់ចាម រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ មីនា​នេះ។

ទាំង​មន្ត្រី កសិកម្ម និង​ភាគី​ពាក់ព័ន្ធ រួម​តំណាង​សមាគម​ចិញ្ចឹម​សត្វ និង​ក្រមហ៊ុន​កសិកម្ម បាន​ពិនិត្យ និង​វាយតម្លៃ​រួមគ្នា​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ហៅថា African Swine Fever (AFS) មិនទាន់​ឆ្លង​ចូល​មក​កម្ពុជា​នៅឡើយ​ទេ។

ប៉ុន្តែ​ជំងឺ​នេះ នៅតែ​ជា​ក្តី​បារម្ភ​របស់​ភាគី​ពាក់ព័ន្ធ​ផ្ទាល់ ជាពិសេស​កសិករ​ចិញ្ចឹម​សត្វ​តែម្ដង។

ប្រធាន​សមាគម​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា រយៈពេល​៣​ថ្ងៃ​មកនេះ​បាន​ឱ្យ​ដឹង​ថា ជំងឺ​ជ្រូក​ប្រភេទ​នេះ អាច​នឹង​ឆ្លង​មក​កម្ពុជា​បាន បើ​សិន​វិធានការ​ការពារ និង​ទប់ស្កាត់ បញ្ហា​ជ្រូក​នាំចូល​ពី​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ជាពិសេស​ពី​ប្រទេស​វៀតណាម មិន​មាន​ប្រសិទ្ធភាព៖ «វា​មិន​មាននៅ​កម្ពុជា​ទេ វា​កំពុង​នៅ​វៀតណាម តែ​ពួក​យើង​កំពុង​ភ័យ ព្រោះ​វា​ឆ្លង​ពី​ចិន​មក​វៀតណាម​បាន រឿង​អី​វា​ឆ្លង​មក​កម្ពុជា​មិនបាន ដូច​ថា​វា​ឆ្លងតាម​ការ​ដឹកជញ្ជូន​…​សាច់ក្រក​ហ្នឹង​ក៏​វា​អាច​ឆ្លង​បាន​ដែរ អ៊ីចឹង​បាន​ថា អាហ្នឹង​វា​ពិបាក​ការពារ​ណាស់»

លោក​បន្ត​ថា រដ្ឋាភិបាល​ជាពិសេស ក្រសួងកសិកម្ម បាន​ដាក់​បទបញ្ជា​រួចហើយ គឺ​មិន​ឱ្យ​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ទេ តែ​លោក​អះអាង​ថា ការអនុវត្ត​ជាក់ស្ដែង​នៅ​តែ​មាន​បញ្ហា​ខ្វះ​ចន្លោះ ពីព្រោះ​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម វែង មាន​ច្រក​របៀង​ច្រើន ហើយ​ការ​ដឹកជញ្ជូន​ដោយ​លួចលាក់​នោ ធ្វើ​ឡើងជា​លក្ខណៈ​ដូច​ស្រមោច៖ «ក្តី​បារម្ភ​របស់​សមាគម​ចិញ្ចឹម​សត្វ​កម្ពុជា ត្រង់​ថា​ដល់​ជ្រូក​នៅ​វៀតណាម​មាន​បញ្ហា វា​ចុះថោក​យ៉ាង​គំហុក អ៊ីចឹង​ឈ្មួញ​សម្រុក​នាំចូល​ស្រុក​ខ្មែរ​ដោយ​វា​ចំណេញ​ច្រើន អ៊ីចឹង​ហើយ​គេ​ធ្វើតាម​គ្រប់​វិធី​ទាំងអស់ អ៊ីចឹង​ហើយ​បាន​យើង​បារម្ភ»

ទាក់ទង​នឹង​ក្តី​បារម្ភ​នេះ តំណាង​សមាគម​ចិញ្ចឹម​សត្វ និង​ក្រុមហ៊ុន​កសិកម្ម រួមគ្នា​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​សាមី គឺ​ក្រសួងកសិកម្ម សូម​ឱ្យ​បង្កើន​ការ​យក​ចិត្តទុក​ដាក់ រឹត​បណ្ដឹង​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ផលិតផល​ជ្រូក​នាំចូល​ពី​ក្រៅ​ប្រទេស​ឱ្យ​បាន​ជាដាច់ខាត។

លោក ស្រ៊ុន ពៅ ឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​ការ​លើកឡើង​ពី​ក្ដី​បារម្ភ អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​នោះ សមាជិក​សិក្ខា​ថ្នាក់​ជាតិ ដែល​រួមមាន​មន្ត្រី​ជំនាញ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ផង​នោះ ក៏បាន​ពិភាក្សា​រួមគ្នា រក​នូវ​វិធីសាស្ត្រ​ផ្សេងទៀត ក្រៅពី​ការទប់ស្កាត់​មិន​ឱ្យ​នាំ​ជ្រូក​ចូល​ពី​បរទេស។ យុទ្ធសាស្ត្រ​ទាំងនោះ រួម​វិធី​បង្ការ​ទុកជាមុន និង​វិធី​សង្គ្រោះ បើសិនជា​ជំងឺ​នោះ​មក​ដល់៖ «ពេល​វា​មិនទាន់​មក យើង​ត្រូវ​ធ្វើ​ម៉េច ពេល​កើតមាន​ហើយ​យើង​ត្រូវ​ធ្វើ​ម៉េច​ទៀត យើង​ត្រៀម​ឱ្យ​ហើយ ដើម្បី​ឱ្យ​តំណាង​កសិករ ក្រុមហ៊ុន មាន​សមាគម​ជាដើម យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ទៅដល់​កសិករ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់»

អាស៊ីសេរី​ពុំ​ទាន់​សុំ​ការ​ពន្យល់ អំពី​វិធានការ​នេះ ពី​លោក តាន់ ផាន់ណា​រ៉ា អគ្គនាយក នៃ

អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង កសិកម្ម ដែល​ជា​អ្នក​សម្របសម្រួល នឹង​ដឹកនាំ​កិច្ចពិភាក្សា​នេះ បានទេ​គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ក៏ប៉ុន្តែ​ក្រសួងកសិកម្ម​កាលពី​ថ្ងៃទី៦ មីនា បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​លក្ខខណ្ឌ​តម្រូវ នៃ​ការ​ធ្វើ​អាជីវកម្ម​សត្វ​ជ្រូក និង​សត្វ​ដទៃ​ទៀត ដែល​នាំចូល និង​នាំ​ឆ្លងកាត់​កម្ពុជា។

ក្រសួង​បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​សត្វ និង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​អនុវត្ត​តាម​នីតិវិធី និង​លក្ខខណ្ឌ​៤​ចំណុច​សំខាន់។ ក្នុង​នោះ​រួមមាន​៖ ក្រុមហ៊ុន​ត្រូវតែ​ស្របច្បាប់ និង​មាន​ប័ណ្ណ​ប៉ាតង់​សុពលភាព ត្រូវ​មាន​ទីតាំង​ប្រមូល​ផ្តុំ និង​បំប៉ន​សត្វ ដែល​ទទួលស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួងកសិកម្ម។ ក្រុមហ៊ុន​ត្រូវ​ចុះ​កិច្ចសន្យា​បច្ចេកទេស​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជាដើម។

លោក ឧកញ៉ា ម៉ុង ឬទ្ធី ដែល​មាន​មុខ​របរ​ច្រើន ពាក់ព័ន្ធ វិស័យ​កសិកម្ម និង​ជា​សហប្រធាន​ក្រុមការងារ ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម ខាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅឡើយ​រហូត​មក​ទល់​ពេលនេះ​។ ចំណែក​ការទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​ក្រៅ​ប្រទេស ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​នោះ លោក​មើល​ឃើញ​ថា មាន​ប្រសិទ្ធភាព​ច្រើនជាង​ពេលមុន៖ «កាលណា​នាំចូល​វា​ឆ្លង​ហើយ ក៏ប៉ុន្តែ​តាំងពី​រដ្ឋាភិបាល​ចេញ​បញ្ជា​ឱ្យ​បិត​ជ្រូក​នាំចូល​ឃើញ​ថា ស្ទើរតែ​អត់​មាន​ទៀត​ទេ វា​មាន​ដែរ​តិចតួច តាម កង់ ម៉ូតូ»

ទោះ​យ៉ាងណា លោក​សង្កត់ធ្ងន់​ថា បើ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​មាន​ជំងឺ មក​ទីផ្សារ​កម្ពុជា មិនបាន​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​មនុស្ស សត្វ​ទូទៅ ជាពិសេស ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​ជំនួញ សេដ្ឋកិច្ច និង​ថវិកាជាតិ​ធ្ងន់ធ្ងរ។

ក្នុង​បរិបទ​បែបនេះ លោក​ជឿ​ថា រដ្ឋាភិបាល នឹង​ធ្វើ​កិច្ចការ​នេះ​បាន​ល្អ ចំណែក​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នានា ត្រូវតែ​ចូលរួម​ឱ្យ​បាន​សកម្ម​នូវ​វិធី​ការពារ និង​ទប់​ស្តាត់​ជំងឺ​នេះ​ឱ្យ​បានជា​ដាច់ខាត។

ថ្មីៗ ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​កម្ពុជា នៅតែ​បណ្ដោយ​ឱ្យ​នាំចូល​ជ្រូក​ពី​វៀតណាម មកកាន់​ប្រទេស​កម្ពុជា ខណៈ​អាជ្ញាធរ​វៀតណាម​បាន​សម្លាប់​ជ្រូក និង​ដុត​ចោល អស់​រាប់ពាន់​ក្បាល បន្ទាប់ពី​រក​ឃើញ​ថា កើត​ជំងឺ​ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក។ ពួកគេ​បារម្ភ​ថា ជំងឺ​នេះ នឹង​រាលដាល​មក​កម្ពុជា បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​មាន​វិធានការ​ទប់ទល់​ឱ្យ​ជាក់លាក់​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម​នៃ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ឱ្យ​ដឹង​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ព្រំដែន មិន​បញ្ឈប់​ការ​នាំ​ជ្រូក​ពី​វៀតណាម​នោះ​ទេ។ សកម្មភាព​នាំចូល​ជ្រូក​ទាំងនោះ ក្រុម​ឈ្មួញ​បាន​បង្វែងដាន ដោយ​ដឹកជញ្ជូន​តាម​រ៉ឺម៉ក ជំនួស​ឱ្យ​ការ​ដឹក​តាម​រថយន្ត​ធំៗ​។​

មន្ត្រី​សង្គម​ស៊ីវិល ថា​ការ​អនុញ្ញាត​ឱ្យ​នាំ​ជ្រូក​មាន​ជំងឺ​ពី​វៀតណាម មក​កម្ពុជា មិន​ត្រឹម​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ប្រជាជន​រយៈពេល​វែង និង​ខាត​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​នោះ​ទេ អាជីវករ​លក់​សាច់​ជ្រូក​នៅ​តាម​ទីផ្សារ និង​ពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​លក្ខណៈ​កសិដ្ឋាន និង​គ្រួសារ នឹង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល