ក្រសួងកសិកម្ម និងតំណាងសមាគម ព្រមទាំងក្រុមហ៊ុនកសិកម្ម បានបើកកិច្ចពិភាក្សាធំមួយ ដោយពិនិត្យមើលបញ្ហា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬហៅថា African Swine Fever(AFS) ដែលកំពុងរីករាលដាលខ្លាំងនៅប្រទេសវៀតណាមភាគខាងជើង។
កិច្ចពិភាក្សានេះ ធ្វើឡើង ក្នុងសិក្សាសាលាថ្នាក់ជាតិ នៅខេត្តកំពង់ចាម រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ មីនានេះ។
ទាំងមន្ត្រី កសិកម្ម និងភាគីពាក់ព័ន្ធ រួមតំណាងសមាគមចិញ្ចឹមសត្វ និងក្រមហ៊ុនកសិកម្ម បានពិនិត្យ និងវាយតម្លៃរួមគ្នាថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬហៅថា African Swine Fever (AFS) មិនទាន់ឆ្លងចូលមកកម្ពុជានៅឡើយទេ។
ប៉ុន្តែជំងឺនេះ នៅតែជាក្តីបារម្ភរបស់ភាគីពាក់ព័ន្ធផ្ទាល់ ជាពិសេសកសិករចិញ្ចឹមសត្វតែម្ដង។
ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ដែលចូលរួមក្នុងកិច្ចពិភាក្សា រយៈពេល៣ថ្ងៃមកនេះបានឱ្យដឹងថា ជំងឺជ្រូកប្រភេទនេះ អាចនឹងឆ្លងមកកម្ពុជាបាន បើសិនវិធានការការពារ និងទប់ស្កាត់ បញ្ហាជ្រូកនាំចូលពីក្រៅប្រទេសដោយខុសច្បាប់ ជាពិសេសពីប្រទេសវៀតណាម មិនមានប្រសិទ្ធភាព៖«វាមិនមាននៅកម្ពុជាទេ វាកំពុងនៅវៀតណាម តែពួកយើងកំពុងភ័យ ព្រោះវាឆ្លងពីចិនមកវៀតណាមបាន រឿងអីវាឆ្លងមកកម្ពុជាមិនបាន ដូចថាវាឆ្លងតាមការដឹកជញ្ជូន…សាច់ក្រកហ្នឹងក៏វាអាចឆ្លងបានដែរ អ៊ីចឹងបានថា អាហ្នឹងវាពិបាកការពារណាស់»។
លោកបន្តថា រដ្ឋាភិបាលជាពិសេស ក្រសួងកសិកម្ម បានដាក់បទបញ្ជារួចហើយ គឺមិនឱ្យនាំជ្រូកចូលពីវៀតណាមទេ តែលោកអះអាងថា ការអនុវត្តជាក់ស្ដែងនៅតែមានបញ្ហាខ្វះចន្លោះ ពីព្រោះព្រំដែនកម្ពុជាជាមួយវៀតណាម វែង មានច្រករបៀងច្រើន ហើយការដឹកជញ្ជូនដោយលួចលាក់នោ ធ្វើឡើងជាលក្ខណៈដូចស្រមោច៖ «ក្តីបារម្ភរបស់សមាគមចិញ្ចឹមសត្វកម្ពុជា ត្រង់ថាដល់ជ្រូកនៅវៀតណាមមានបញ្ហា វាចុះថោកយ៉ាងគំហុក អ៊ីចឹងឈ្មួញសម្រុកនាំចូលស្រុកខ្មែរដោយវាចំណេញច្រើន អ៊ីចឹងហើយគេធ្វើតាមគ្រប់វិធីទាំងអស់ អ៊ីចឹងហើយបានយើងបារម្ភ»។
ទាក់ទងនឹងក្តីបារម្ភនេះ តំណាងសមាគមចិញ្ចឹមសត្វ និងក្រុមហ៊ុនកសិកម្ម រួមគ្នាដាក់សំណើទៅរដ្ឋាភិបាល និងក្រសួងសាមី គឺក្រសួងកសិកម្ម សូមឱ្យបង្កើនការយកចិត្តទុកដាក់ រឹតបណ្ដឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ផលិតផលជ្រូកនាំចូលពីក្រៅប្រទេសឱ្យបានជាដាច់ខាត។
លោក ស្រ៊ុន ពៅ ឱ្យដឹងទៀតថា ទន្ទឹមនឹងការលើកឡើងពីក្ដីបារម្ភ អំពីបញ្ហាប្រឈមមួយចំនួននោះ សមាជិកសិក្ខាថ្នាក់ជាតិ ដែលរួមមានមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធផ្ទាល់ផងនោះ ក៏បានពិភាក្សារួមគ្នា រកនូវវិធីសាស្ត្រផ្សេងទៀត ក្រៅពីការទប់ស្កាត់មិនឱ្យនាំជ្រូកចូលពីបរទេស។ យុទ្ធសាស្ត្រទាំងនោះ រួមវិធីបង្ការទុកជាមុន និងវិធីសង្គ្រោះ បើសិនជាជំងឺនោះមកដល់៖ «ពេលវាមិនទាន់មក យើងត្រូវធ្វើម៉េច ពេលកើតមានហើយយើងត្រូវធ្វើម៉េចទៀត យើងត្រៀមឱ្យហើយ ដើម្បីឱ្យតំណាងកសិករ ក្រុមហ៊ុន មានសមាគមជាដើម យកទៅផ្សព្វផ្សាយបន្តទៅដល់កសិករនៅតាមមូលដ្ឋានផ្ទាល់»។
អាស៊ីសេរីពុំទាន់សុំការពន្យល់ អំពីវិធានការនេះ ពីលោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃ
អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួង កសិកម្ម ដែលជាអ្នកសម្របសម្រួល នឹងដឹកនាំកិច្ចពិភាក្សានេះ បានទេគិតមកត្រឹមម៉ោងផ្សាយនេះ។
ក៏ប៉ុន្តែក្រសួងកសិកម្មកាលពីថ្ងៃទី៦ មីនា បានចេញសេចក្ដីប្រកាសស្ដីពីលក្ខខណ្ឌតម្រូវ នៃការធ្វើអាជីវកម្មសត្វជ្រូក និងសត្វដទៃទៀត ដែលនាំចូល និងនាំឆ្លងកាត់កម្ពុជា។
ក្រសួងបានណែនាំឱ្យម្ចាស់អាជីវកម្មសត្វ និងក្រុមហ៊ុនទាំងអស់ត្រូវអនុវត្តតាមនីតិវិធី និងលក្ខខណ្ឌ៤ចំណុចសំខាន់។ ក្នុងនោះរួមមាន៖ ក្រុមហ៊ុនត្រូវតែស្របច្បាប់ និងមានប័ណ្ណប៉ាតង់សុពលភាព ត្រូវមានទីតាំងប្រមូលផ្តុំ និងបំប៉នសត្វ ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម។ ក្រុមហ៊ុនត្រូវចុះកិច្ចសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាដើម។
លោក ឧកញ៉ា ម៉ុង ឬទ្ធី ដែលមានមុខរបរច្រើន ពាក់ព័ន្ធ វិស័យកសិកម្ម និងជាសហប្រធានក្រុមការងារ ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ខាងវិស័យឯកជន និងរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អាស៊ីសេរីថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនមានវត្តមាននៅក្នុងប្រទេសកម្ពុជា នៅឡើយរហូតមកទល់ពេលនេះ។ ចំណែកការទប់ស្កាត់ការនាំចូលជ្រូកពីក្រៅប្រទេស ដែលរដ្ឋាភិបាលកំពុងអនុវត្តនោះ លោកមើលឃើញថា មានប្រសិទ្ធភាពច្រើនជាងពេលមុន៖ «កាលណានាំចូលវាឆ្លងហើយ ក៏ប៉ុន្តែតាំងពីរដ្ឋាភិបាលចេញបញ្ជាឱ្យបិតជ្រូកនាំចូលឃើញថា ស្ទើរតែអត់មានទៀតទេ វាមានដែរតិចតួច តាម កង់ ម៉ូតូ»។
ទោះយ៉ាងណា លោកសង្កត់ធ្ងន់ថា បើទប់ស្កាត់ការនាំចូលជ្រូកមានជំងឺ មកទីផ្សារកម្ពុជា មិនបាននោះ នឹងធ្វើឱ្យប៉ះពាល់សុខភាពមនុស្ស សត្វទូទៅ ជាពិសេស ធ្វើឱ្យប៉ះពាល់មុខជំនួញ សេដ្ឋកិច្ច និងថវិកាជាតិធ្ងន់ធ្ងរ។
ក្នុងបរិបទបែបនេះ លោកជឿថា រដ្ឋាភិបាល នឹងធ្វើកិច្ចការនេះបានល្អ ចំណែកប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនពាក់ព័ន្ធនានា ត្រូវតែចូលរួមឱ្យបានសកម្មនូវវិធីការពារ និងទប់ស្តាត់ជំងឺនេះឱ្យបានជាដាច់ខាត។
ថ្មីៗ ពលរដ្ឋរស់នៅខេត្តស្វាយរៀង អះអាងថា អាជ្ញាធរកម្ពុជា នៅតែបណ្ដោយឱ្យនាំចូលជ្រូកពីវៀតណាម មកកាន់ប្រទេសកម្ពុជា ខណៈអាជ្ញាធរវៀតណាមបានសម្លាប់ជ្រូក និងដុតចោល អស់រាប់ពាន់ក្បាល បន្ទាប់ពីរកឃើញថា កើតជំងឺជំងឺ ប៉េស្តជ្រូកអាហ្វ្រិក។ ពួកគេបារម្ភថា ជំងឺនេះ នឹងរាលដាលមកកម្ពុជា បើអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការទប់ទល់ឱ្យជាក់លាក់នោះទេ។
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាមនៃស្រុករមាសហែក ខេត្តស្វាយរៀង ឱ្យដឹងថាសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន មិនបញ្ឈប់ការនាំជ្រូកពីវៀតណាមនោះទេ។ សកម្មភាពនាំចូលជ្រូកទាំងនោះ ក្រុមឈ្មួញបានបង្វែងដាន ដោយដឹកជញ្ជូនតាមរ៉ឺម៉ក ជំនួសឱ្យការដឹកតាមរថយន្តធំៗ។
មន្ត្រីសង្គមស៊ីវិល ថាការអនុញ្ញាតឱ្យនាំជ្រូកមានជំងឺពីវៀតណាម មកកម្ពុជា មិនត្រឹមធ្វើឱ្យប៉ះពាល់សុខភាពប្រជាជនរយៈពេលវែង និងខាតប្រយោជន៍ជាតិធ្ងន់ធ្ងរនោះទេ អាជីវករលក់សាច់ជ្រូកនៅតាមទីផ្សារ និងពលរដ្ឋដែលចិញ្ចឹមជ្រូកលក្ខណៈកសិដ្ឋាន និងគ្រួសារ នឹងជួបការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
