នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងប្រកាសថា រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី៥ មីនា ២០២០ កម្ពុជាមិនទាន់រកឃើញករណីថ្មីនៅឡើយទេ។
ហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសរសេរថា ក្រោយពីទទួលបានព័ត៌មានអំពីជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគបង្កជំងឺ Covid-19 ក្រុមមន្ត្រីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។
នាយកដ្ឋាននេះបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនរូបនោះចំនួន ៤នាក់ និងប្រមាណ ៤០នាក់ផ្សេងទៀត ជាអ្នកប៉ះពាល់ដោយប្រយោល ដែលតម្រូវឱ្យពួកគាត់នៅដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព។ បើមានលេចចេញរោគសញ្ញាណាមួយ គឺនឹងត្រូវយកវត្ថុវិភាគជាបន្ទាន់។ រហូតមកដល់ពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ថា ជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ច ហើយគាត់បានធ្វើដំណើរជាបន្តបន្ទាប់ ក្នុងរយៈពេលខ្លីពីប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រឡប់ចូលប្រទេសជប៉ុនវិញ ហើយក៏ត្រូវបានគេរកឃើញវិជ្ជមាន COVID-19 នៅទីនោះ។
នេះជាលើកទីបីហើយ ដែលករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ត្រូវបានគេប្រកាសអះអាងឡើងបន្ទាប់អ្នកទាំងនោះឆ្លងកាត់ និងចាកចេញពីប្រទេសកម្ពុជា ទៅដល់ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងករណីមួយនេះ គេពិនិត្យឃើញពេលទៅដល់ប្រទេសជប៉ុន។
តួលេខនៅលើពិភពលោកគិតមកដល់ម៉ោង ៤ល្ងាច ថ្ងៃទី៥ មីនា មានអ្នកឆ្លងសរុបឡើងដល់ជាង ៩ម៉ឺន ៥ពាន់នាក់ (៩៥.៧៤៨នាក់) នៅលើពិភពលោក ហើយអ្នកស្លាប់ឡើងដល់ជិត ៣ពាន់ ៣រយនាក់ (៣.២៨៦នាក់)។ មេរោគនេះ កំពុងមានសន្ទុះឆ្លងរាលដាលខ្លាំង នៅប្រទេសកូរ៉េខាងត្បូង គឺពេលនេះ មានពលរដ្ឋកូរ៉េមេរោគ កូរ៉ូណា ប្រភេទថ្មីនេះ ជាង ៦ពាន់នាក់ (៦.០៨៨នាក់)។ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង គឺនៅតែប្រទេសអ៊ីតាលី ដដែល មានអ្នកឆ្លងឡើងដល់ជាង ៣ពាន់នាក់ (៣.០៨៩នាក់) ហើយប្រទេសអ៊ីរ៉ង់ ឡើងដល់ជិត ៣ពាន់នាក់ (២.៩២២នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។