ពលរដ្ឋ​ថា អំពើពុករលួយ​ជា​មូលហេតុ​នាំ​ឱ្យ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​ពី​វៀតណាម​ចូល​មក​កម្ពុជា

ដោយ សុ ជីវី
2019-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជ្រូក​ដឹក​តាម​រ៉ឺម៉ក​ពី​វៀតណាម
ជ្រូក​ដឹក​តាម​រ៉ឺម៉ក​ពី​វៀតណាម
Photo: RFA

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ឆ្លង​រាលដាល​ដល់​ខេត្ត​ចំនួន ២​ទៀត គឺ​ខេត្ត​ស្វាយរៀង និង​ខេត្ត តាកែវ ដែល​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ពលរដ្ឋ​កំពុង​​ភ័យ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ ដល់​មុខ​របប​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​សុខុមាលភាព​​របស់​​ពួក​គេ និង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ឈប់​ប្រព្រឹត្ត​អំពើពុករលួយ​រឿង​នាំ​ជ្រូក និង​ទំនិញ​ខូចគុណភាព​ចូល​ពី​ប្រទេស​វៀតណាម។

ក្រុម​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល បាន​ទម្លាក់កំហុស​នៃ ការ​ឆ្លង​រាលដាល ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​វៀតណាម​ថា ជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​សមត្ថ​កិច្ចការពារ​ព្រំដែន ដែល​ពួកគេ​ចោទ​ថា ឥទ្ធិពល​នៃ​អំពើពុករលួយ គឺជា​មូលហេតុ​ចម្បង បង្ក​ឱ្យ​ជំងឺ​សាហាវ​នេះ​ឆ្លង​ចូល​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​ចេញ​សរសេរ​លិខិត ស្នើ​ឱ្យ​អភិបាលខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ ចាត់​វិធានការ​​ទប់​ស្កាត់ ចលនា​ជ្រូក និង​ផលិតផល​សាច់​ជ្រូក។ ខ្លឹមសារ​លិខិត បាន​ប្រកាស​ពី​តំបន់ ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក កើត​ឡើង​​​នៅ​​ភូមិ​​ឫស្សី​ជួរ​ខាង​ត្បូង ឃុំ​ក្រោល​គោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង និង​ភូមិ​អម្ពិល ឃុំ​​ពន្លៃ ស្រុក​​អង្គរ​បុរី ខេត្ត​​តាកែវ។ ទោះ​យ៉ាងណា ក្នុង​លិខិត​នោះ មិនបាន​បង្ហាញ​ពី​មូលហេតុ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​ទាំងនេះ ឆ្លង​​ពី​​ប្រទេស​វៀតណាម​​នោះ​​ទេ​។​

អាស៊ីសេរី​បាន​ទាក់ទង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ​និង​ផលិតកម្ម លោក តាន់ ផាន់​ណារ៉ា និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល នៅ​ថ្ងៃទី៩ កក្កដា។

ពលរដ្ឋ​រងគ្រោះ​រស់នៅ​ភូមិ​ឫស្សីជួរខាងត្បូង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង លោក សូ ទូច ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ កក្កដា​ថា ជំងឺ​ប៉េស្ត​ជ្រូក​បាន​សម្លាប់​ជ្រូក​អ្នកភូមិ​អស់​ជាង ៤០​ក្បាល​ហើយ នៅ​រយៈពេល ១​សប្ដាហ៍​ចុងក្រោយ​នេះ​។ លោក​ថា ពុំ​មែន​តែ​ភូមិ​ឫស្សី​ជូរខាងត្បូង​ទេ ដែល​ឆ្លង​ជំងឺ​នេះ​ភូមិ​ផ្សេងទៀត ក៏​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​នេះ​ដែរ ដូចជា ភូមិ​ឫស្សីជួរខាងជើង និង​ភូមិ​ព្រៃខ្លា ជាដើម​។ លោក​បន្ថែម​ថា បន្ទាប់ពី​កើតមាន​បាតុភាព​នេះ អាជ្ញាធរ​ប្រកាស​បិទ​មិន​ឱ្យ​ទិញ​លក់ នាំ​ចូល និង​ធ្វើ​អាជីវកម្ម ជ្រូក​ចូល​គ្រប់​រូបភាព និង​បិទ​មិន​ឱ្យ​លក់​លើ​ទីផ្សារ​ទៀត​ផង៖ «គ្រួសារ​ជាង ផ្ទះ​ខ្លះ​ដល់​ទៅ ៧​ក្បាល ងាប់​ភ្លាម​តែម្ដង នៅៗ​វា​លែង​ស៊ី​បាយ​អន់ៗ​ទៅ ងាប់​បណ្ដោយ រយៈពេល ៦​ទៅ ៧​ថ្ងៃ​ងាប់ មើល​អត់​ជឿ​ទេ។ កាល​មុន​យើង​អត់​ដឹង យើង​ធ្វើ​ជ្រូក​ហូប តែ​ឥឡូវ​ពេទ្យសត្វ​គេ​មក គេ​ដុត​ចោល»

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ក្នុងស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក កុយ ពេជ្រ អះអាង​ថា ជំងឺ​ប៉េស្ត​ជ្រូក​នេះ ពុំ​មែន​តែ​កើតឡើង​នៅ​ភូមិ​ឫស្សីជួរទេ នៅ​តំបន់​ផ្សេងទៀត ក្នុង​ខេត្ត​ស្វាយរៀង​ក៏​ផ្ទុះ​ជំងឺ​នេះ​ដែរ ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​មាន​ចេតនា​លាក់បាំង​រឿង​នេះ​។ លោក​ថា មូលហេតុ​សំខាន់ ដែល​ផ្ទុះ​ជំងឺ​នេះ ឆ្លង​រាលដាល​ពី​ប្រទេស​វៀតណាម ដោយសារ​សមត្ថកិច្ច​ចម្រុះ​តាម​ព្រំដែន ប្រព្រឹត្ត​អំពើពុករលួយ ជា​ថ្នូរ​បណ្ដោយ​ឱ្យ​ពាណិជ្ជករ​វៀតណាម លួច​នាំ​ជ្រួក​ចូល​តាម​ច្រក​របៀង​មួយ​ចំនួន ក្នុង​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ៖ «បិទ​មិន​ជិត​ទេ អំពើពុករលួយ​ជា​ប្រព័ន្ធ​។ ចេញ​មក​គេ​រាយការណ៍​ប្រាប់​គ្រប់​បណ្ដាញ​ទាំងអស់ ទាំង​ប៉េអិម ប៉ូលិស​ទាហាន​អី គ្រប់​ស្ថាប័ន​បិទ​មិន​ជិត។ ពលរដ្ឋ​យើង​ច្បាស់​ជា​ប៉ះ​ពាល់​​ហើយ ធ្ងន់ធ្ងរ​ហើយ ព្រោះ​អនាគត​ចិញ្ចឹម​លែងកើត យើង​ពឹង​អី​ទៀត​ឥឡូវ ភាគច្រើន​កសិករ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​លែងកើត​អស់ហើយ វា​ឆ្លង​ជំងឺ​ហ្នឹង»

មក​ទល់​ពេល​នេះ​ជំងឺ​ប៉េស្ត​ជ្រូក បាន​ឆ្លង​រាលដាល ដល់​ខេត្ត​ចំនួន ៤ សុទ្ធ​សឹង​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​រួមមាន ខេត្ត​រតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្ត​តាកែវ និង​ខេត្ត​ស្វាយរៀង។ កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៩ ជំងឺ​ប៉េស្ត​ជ្រូក បាន​ឆ្លង​ជា​លើកដំបូង ចូល​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដោយមាន​ជ្រូក​ជាង ២​ពាន់​ក្បាល (.១៤០) ត្រូវ​បាន​សម្លាប់ចោល និង​ងាប់​។​

អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ប្រាប់​អាស៊ីសេរី​ថា នៅ​គ្រា​ដែល​កើត​ជំងឺ​ប៉េស្ត​ជ្រូក ក្នុង​ភូមិ​ឫស្សីជួរខាងត្បូង រដ្ឋបាល​ខេត្ត​បាន​បញ្ជា​ឱ្យ​អភិបាលរង​ខេត្ត​ម្នាក់ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី​នេះ និង​កំពុង​ចាត់វិធានការ​បាញ់ថ្នាំ​ទប់​ស្កាត់ មិន​ឱ្យ​រាលដាល​ដល់​តំបន់​ផ្សេងទៀត​។ លោក​ថា មន្ត្រី​ជំនាញ​របស់​ក្រសួង​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​បាន​អប់រំ​ផ្សព្វផ្សាយ​ពី​វិធីសាស្ត្រ​បង្ការ​ដល់​ពលរដ្ឋ​ដល់​មូលដ្ឋាន។ លើស​ពី​នេះ លោក​អះអាង​ថា រដ្ឋបាល​ខេត្ត​បាន​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ និង​​មន្ត្រី​​ជំនាញ ប្រុងប្រយ័ត្ន​ទាំង​យប់​/​ថ្ងៃ ទប់ស្កាត់ មិន​ឱ្យ​នាំ​ជ្រួក​ចូល​ពី​ប្រទេស​វៀតណាម​គ្រប់​ច្រក​ទាំងអស់៖ «ឥឡូវ​ខាង​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម ខាង​រដ្ឋបាល​ខេត្ត​ផង ខាង​អី​ផង កំពុង​បាញ់ថ្នាំ​នៅ​ភូមិ​ហ្នឹង កំពុង​ផ្សព្វផ្សាយ ធ្វើ​ការងារ​ហ្នឹង មិន​​រាល​ដាល​ទៅ​ណា​ទៀត​ទេ បើ​យើង​ហ៊ុមព័ទ្ធ​ជិត​ហើយ​តាម​ព្រំដែន ទាំង​យប់​និង​ថ្ងៃ កងកម្លាំង មិន​ឱ្យ​ចេញចូល​ខេត្ត​ស្វាយរៀង​ទេ ទប់ស្កាត់​សម្បើម​ណាស់»

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ចាត់​ទុក​វត្តមាន​ជំងឺ ប៉េស្ត​ជ្រូក ជះឥទ្ធិពល​អាក្រក់​ដល់​សង្គម និង​បង្ក​ឱ្យ​ខាតបង់​ថវិកា​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ដែល​មាន​មុខ​របប​ចិញ្ចឹម​សត្វ​ជ្រូក​លក្ខណៈ​គ្រួសារ និង​កសិដ្ឋាន។ លោក​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែងតែ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ទប់ទល់ និង​លុបបំបាត់​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ក្តី ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ធ្វេសប្រហែស ដោះស្រាយ​បញ្ហា​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​ពី​សុខុមាលភាព និង​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដល់​ជីវភាព​រស់នៅ​៖ «ខ្ញុំ​មិន​ទាន់​មាន​ជំនឿ​ជាក់ ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​ជ្រូក​មាន​ជំងឺ​ចូល​ទេ​។ ប្រសិន​យើង​ទប់ស្កាត់​បាន បោសសំអាត​ឱ្យ​ល្អ​មន្ត្រី​ដែល​ខិលខូច យក​តួនាទី​សម្រួល​ឱ្យ​មាន​ការ​នាំចូល​ជ្រូក ក្រោម​រូបភាព​ពុករលួយ​ជាដើម»

សេចក្ដីប្រកាស​របស់​ក្រសួងកសិកម្ម​បង្ហាញ​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ បណ្ដាល​ឱ្យ​សត្វ​ជ្រូក​ឈឺ​ងាប់​យ៉ាង​ឆាប់រហ័ស មាន​អត្រា​ខ្ពស់​រហូតដល់ ១០០​ភាគរយ​បង្ក​ឱ្យ​ខាត​ប្រយោជន៍​ពលរដ្ឋ​ធ្ងន់ធ្ងរ។ ក្រសួង​អះអាង​ថា ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​នឹង​មិន​ឆ្លង ឬ​ប៉ះពាល់​ដល់​មនុស្ស​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល