ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ថា ប្រទេស​នេះ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ផ្តល់​ដំណឹង​នៃ​ជំងឺ​កូវីដ-១៩

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​លើកឡើង​ថា រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​នៃ​ប្រទេស​នេះ មានការ​យកចិត្តទុកដាក់​ខ្ពស់ និង​ជូនដំណឹង​ញឹកញាប់ និង​ជាប្រចាំ​នៃ​ការ​វិវឌ្ឍ​​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​-១៩ (Covid-19) ដល់​ពលរដ្ឋ។ សមាជិកសភា​អូស្ត្រាលី​លើកឡើង​ដែរ​ថា បើ​ពលរដ្ឋ​មាន​អា​រៈ​តឹង​ច្រមុះ​ហៀរ​សំបោរ និង​ក្តៅ​ខ្លួន​ខ្លាំង ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ម្នាក់​លោកស្រី ម៉ាលី ណា ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ថា កាល​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​-១៩ ទើប​ផ្ទុះឡើង​ថ្មីៗ កាលពី​អាទិត្យ​មុន ពលរដ្ឋ​រស់នៅ​ទីនេះ ដែល​ភាគច្រើន​ជា​ជនជាតិ​អាស៊ី បាន​សម្រុក​នាំគ្នា​ទៅ​ទិញ​ទំនិញ​នៅ​ទីផ្សារ​យក​មក​ទុក​នៅផ្ទះ​ដែរ ប៉ុន្តែ​ពេលនេះ​លោកស្រី​ថា មិន​មាន​ករណី​នេះ​ទៀត​ទេ។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​ពលរដ្ឋ​មួយ​ចំនួន​បែរជា​នាំគ្នា​ទិញ​ក្រដាស​អនាម័យ​សម្រាប់​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​វិញ ដែល​ពួកគេ​យល់ថា នេះ​ជា​របស់​ប្រើប្រាស់​មិន​អាច​ខ្វះ​បាន​។

​លោកស្រី ម៉ាលី ណា ឱ្យ​ដឹង​ទៀត​ថា ដោយសារ​បញ្ហា​នេះ ម្ចាស់​ហាង​ទំនិញ​បាន​កំណត់​ឱ្យ​មនុស្ស​ម្នាក់​អាច​ទិញ​ក្រដាសអនាម័យ​តែមួយ​ដុំ​ធំ​ប៉ុណ្ណោះ ដើម្បី​ធានា​ថា ពលរដ្ឋ​គ្រប់គ្នា​អាច​ទិញ​ក្រដាស​នេះ​បាន​គ្រប់គ្នា​។ លោកស្រី​បន្ត​ថា នៅ​ប្រទេស​នេះ ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន និង​មានការ​យោគយល់​គ្នា ដូច្នេះ​បញ្ហា​តូចតាច​មួយ​ចំនួន គឺ​មិន​ចាំបាច់​នាយករដ្ឋមន្ត្រី​ចេញ​អំពាវនាវ ឬ​ណែនាំ​ឡើយ។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ដែល​សព្វថ្ងៃ​លោក​មេឃុំ​ប្រចាំ​នៅ​តំបន់​ស្ព្រីងវែល និង​ជា​ប្រធាន​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​ផង​នោះ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ទោះ​ប្រទេស​នេះ​មាន​ករណី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ (Covid-19) ដែរ ប៉ុន្តែ​លោក​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​នេះ​មិនទាន់​មាន​អ្នកណា​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ទេ​។ លោក​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចេញ​មក​ថ្លែង​ឱ្យ​ពលរដ្ឋ​មានការ​ប្រយ័ត្ន និង​វិធី​បង្ការ​ខ្លួន​។ ប្រធាន​សមាគម​ខ្មែរ​រូប​នេះ ឱ្យ​ដឹង​ដែរ​ថា នៅ​សមាគម​លោក ក៏​ចេញ​វិធានការ​បង្ការ​បញ្ហា​នេះ​ដែរ។ «»

សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង បាន​បង្ហោះ​សារ​ជា​វីដេអូ​លើ​ហ្វេសប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​បាន​បង្ការ​ទាន់​ពេល​វេលា និង​ព្យាបាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ ជា​បន្តបន្ទាប់​។ ដោយឡែក ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ ត្រូវ​បាន​ដាក់​ព្យាបាល​នៅ​កន្លែង​ដាច់ដោយឡែក​។ លោក​បន្ត​ថា ចំពោះ​ករណី​សង្ស័យ ពលរដ្ឋ​អាច​ទាក់ទង​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ​ទូរស័ព្ទ​ទៅ​លេខ​ហៅ​បន្ទាន់ ឬ​ហតឡាញ (Hot line) នៅ​តាម​តំបន់​របស់​ក្រសួង​សុខាភិបាល​។ «»

គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​មីនា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​លើ​ពិភពលោក​សរុប ឡើង​ដល់​ជាង ១០​ម៉ឺន ២​ពាន់​នាក់ (១០២.៤៦៩​នាក់​) ហើយ​អ្នក​ស្លាប់ ក៏​ឡើង​ដល់​ជិត ៣​ពាន់ ៥​រយ​នាក់ (៣.៤៩១​នាក់​) ហើយ ដែល​ភាគច្រើន​នៅ​ប្រទេស​ចិន​។ ដោយឡែក​ចំពោះ​ប្រទេស​អូស្ត្រាលី ក៏ មាន​ឆ្លង​ជំងឺ​នេះ ៦៣​នាក់​ដែរ ហើយ​ក្នុង​ចំណោម​នេះ មាន​មនុស្ស ២​នាក់​បាន​ស្លាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។